ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​កំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ

ព្រឹទ្ធសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់សំខាន់ៗចំនួន៣ ក្នុងនោះក៏មានពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ព្រឹទ្ធសភាកម្ពុជា Senate of Cambodia)

ព្រឹទ្ធសភា​ សម្រេចអនុម័​ត​សេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដោយសំឡេង ៥៧រូប នៃសមាជិកព្រឹទ្ធសភាទាំងមូល ៦២រូប ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃអង្គារនេះ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់ វីអូឌី នៅថ្ងៃទី២ ខែវិច្ឆិកានេះថា សមាជិកព្រឹទ្ធសភាបានប្រជុំពេញអង្គ នីតិកាលទី៤ អនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ សមាជិកព្រឹទ្ធសភា​បានលើកដៃអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ រួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយសំឡេង ៥៧រូប នៃសមាជិកព្រឹទ្ធសភាទាំងមូល។

លោកមានប្រសាសន៍ថា៖ «យើងប្រជុំព្រឹកមិញ សមាជិកចូលរួមបោះឆ្នោតគាំទ្រដោយឥតកែប្រែ គឺ៥៧រូប! វាលើសពី ២ភាគ៣ នៃសមាជិកព្រឹទ្ធសភាទាំងមូល ពីព្រោះសមាជិកព្រឹទ្ធសភាទាំងមូលមានចំនួន៦២រូប»។

ក្រោយពីបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» នេះ លោក ម៉ម ប៊ុននាង អះអាងថា មន្ត្រីជំនាញនឹងបញ្ជូនសេចក្ដីព្រាងនេះទៅរដ្ឋសភាវិញនៅថ្ងៃស្អែក ដើម្បីឱ្យរដ្ឋសភាបញ្ជូនទៅថ្វាយ​​ព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់ជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ។

កាលពីថ្ងៃទី៦ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេ​ច​ក្ដីព្រាង​ច្បាប់ស្ដីពី ​«វិសោធនកម្ម​រដ្ឋធម្មនុញ្ញ» កំណត់​ឱ្យ​ថ្នាក់ដឹក​នាំ​ជាតិ ដែល​កាន់​តួនាទីជានាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ប្រធានក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ​

ការសម្រេចនេះ ធ្វើឡើងភ្លាមៗក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី បានចោទប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ឃើញការចុះផ្សាយរបស់កាសែតបរទេស The Guardian ថាប្រមុខរដ្ឋាភិបាលកម្ពុជាបានទិញសញ្ជាតិស៊ីប្រើស (Cyprus) ដែល​ជាដែនកោះមួយនៅក្នុងតំបន់អឺរ៉ុប។

យ៉ាងណា សារព័ត៌មាន The Guardian បានផ្ញើលិខិតសុំទោសជាសាធារណៈទៅ​​ក្រសួង​ការបរទេស​​កម្ពុជា ដោយ​បាន​បង្ហាញការសោកស្ដាយចំពោះកំហុស​របស់​ខ្លួនដែល​​បានផ្សាយខុសការពិត ដែលថា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទិញសញ្ជាតិពីប្រទេសស៊ីប្រើសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ