អ្នក​ជំនាញ​UN​ស្នើ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​កាត់​ទោស​លើ​អ្នក​ហ៊ាន​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​មនុស្ស

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ(UN) បានអំពាវនាវរួមគ្នានៅថ្ងៃអង្គារនេះ ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ប្រព័ន្ធតុលាការ​​កាត់ទោសលើអ្នកហ៊ានក្រោកឈរ ដើម្បីសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិចំនួន ៣រូប បានសំដែងការសោកស្តាយនិងរិះគន់ប្រទេសកម្ពុជាយ៉ាងខ្លាំងចំពោះការប្រើប្រាស់​ ប្រព័ន្ធតុលាការ ធ្វើជាមធ្យោបាយក្នុងការកាត់បន្ថយវិសាលភាពសម្រាប់សកម្មភាពរបស់ពលរដ្ឋ។ ក្រុមអ្នកជំនាញទាំងនេះ បានអំពាវនាវឱ្យប្រទេសកម្ពុជា ការពារសេរីភាពបញ្ចេញមតិ។

អ្នកជំនាញឯករាជ្យ​មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយទាំងនេះ បានបង្ហាញពីការធ្លាក់ចុះនៃលំហពលរដ្ឋ និងនយោបាយនៅកម្ពុជា ដែលមានការរៀបចំច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ។

អ្នកជំនាញឯករាជ្យមានប្រសាសន៍ថា៖ «យើងខ្ញុំព្រួយបារម្ភជាខ្លាំងអំពីសាលក្រមផ្តន្ទាទោសអ្នកទាំងនេះ ដែលសរបញ្ជាក់ជាថ្មីម្តងទៀតនូវការធ្លាក់ចុះនៃលំហពលរដ្ឋ និងនយោបាយនៅកម្ពុជា ដែលមានលក្ខណៈជាប្រព័ន្ធ និងមានការរៀបចំច្បាស់លាស់។ យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែល​ថាតុលាការត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀត ក្នុងការបំបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់ រួមទាំងសកម្មភាពអហិង្សាដែលត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការបញ្ចេញមតិ»។

អ្នកជំនាញសិទ្ធិមនុស្សទាំងនោះរួមមាន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិនៃសេរីភាពបញ្ចេញមតិ និងទស្សនៈ អ្នកស្រី អាយរីន ខាន់ (Irene Khan) និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ជាដើម។

ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយសរុប ១៥ នាក់ក្នុងសំណុំរឿងពីរផ្សេងគ្នាត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសជាបន្តបន្ទាប់ ក្នុងនោះរួមមាន ការកាត់ទោសអ្នកការពារសិទ្ធិមនុស្សចំនួន ៧នាក់ដែលជាសមាជិកខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរឱ្យជាប់ពន្ធនាគារម្នាក់ៗ ២០ ខែ និងពិន័យជាប្រាក់ ២ ០០០ ០០០ រៀល។ ពួកគេត្រូវបានតុលាការចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរក្នុងសង្គម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៧ រូបទៀតក្នុងសំណុំរឿងតែមួយ។ ដោយក្នុងនោះមាន ៤ រូបត្រូវបានផ្តន្ទាទោសកំបាំងមុខ និងករណីកាត់ទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៨ខែ ពីបទញុះញង់ និងប្រមាថមន្ត្រីរាជការសាធារណៈ ក៏ស្ថិតនៅក្នុងការរិះគន់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះដែរ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់វីអូឌីនៅយប់ថ្ងៃទី២ខែវិច្ឆិកានេះថា នៅក្នុងសង្គមប្រជាធិបតេយ្យណាក៏ដោយ ប្រព័ន្ធតុលាការជាមធ្យោបាយតែមួយគត់ ក្នុងការអនុវត្តច្បាប់ចំពោះអំពើពាក់ព័ន្ធបទល្មើស សំខាន់ឱ្យតែមានមូលដ្ឋានច្បាប់ច្បាស់លាស់ និងរឹងមាំ។

ការចោទប្រកាន់អំពីលំហសេរីភាពប្រជាធិបតេយ្យធ្លាក់ចុះវិញ ​លោក ជិន ម៉ាលីន យល់ថា គ្រាន់តែជាការយល់ខុសគ្នាទៅតាមនិន្នាការនយោបាយរវាងអ្នកជំនាញ សកម្មជនសិទ្ធិមនុស្ស ក្រុមប្រឆាំងរដ្ឋាភិបាល ចំពោះការអនុវត្តច្បាប់ទៅលើសកម្មជនរបស់គេតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញ លំហប្រជាធិបតេយ្យ និងសេរីភាពពលរដ្ឋមិនមានអ្វីធ្លាក់ចុះនោះឡើយ ត្បិតរាល់ការអនុវត្តច្បាប់​មិនបានគិតថាជាសកម្មជនឬ មិនសកម្មជនោះទេ ពោលគឺពឹងអាស្រ័យលើមូលដ្ឋានច្បាប់។

លោកជិន ម៉ាលីន បន្ថែមថា៖ អីចឹងចំពោះរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ច ការអនុវត្តច្បាប់ទៅលើសកម្មជនដែលប្រព្រឹត្តបទល្មើស ហើយមានមូលដ្ឋានច្បាប់រឹងមាំ និងច្បាស់លាស់ អាហ្នឹងមិនមែនជាការធ្លាក់ចុះនៃលំហប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពអ្វីនោះទេ។ ប៉ុន្តែវាជាវិធានការច្បាប់តែមួយគត់ ក្នុងការថែរក្សានូវសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅក្នុងសង្គមនីតិរដ្ឋ»។

ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែលកត់សម្គាល់ថា នៅពេលដែលសាលក្រមផ្តន្ទាទោសនេះត្រូវបានតុលាការប្រកាស​ គឺមានអ្នកការពារសិទ្ធិមនុស្សចំនួន ២៥ រូបទៀត កំពុងស្ថិតក្នុងពន្ធនាគារ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ពួកគេបានអំពាវនាវដល់រដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ទាន់ដើម្បីការពារលំហពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការអនុវត្តអនុសាសន៍នានាដែលកម្ពុជាបានទទួលយកកាលពីឆ្នាំ២០១៩។ ក្នុងចំណោមអនុសាសន៍ទាំងនោះ ក៏មានការសន្យាថា នឹងបង្កើតលក្ខខណ្ឌល្អប្រសើរដែល «សង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងាររបស់ខ្លួនដោយសេរី ដោយគ្មានការជ្រៀតជ្រែក ឬ រារាំង»។

អ្នកជំនាញឯករាជ្យលើកឡើងថា៖ «យើងខ្ញុំគិតថា ការផ្តន្ទាទោសថ្មីៗនេះលើសកម្មជនអហិង្សា គឺជាការរំខាន និងមិនអំណោយផលទាល់តែសោះ សម្រាប់ប្រទេសកម្ពុជាដែលប្រារព្ធខួប៣០ឆ្នាំ បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងសន្តិភាព» ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ