បង់ក្លាដែស ទាមទារ​ឱ្យ​មាន​ការ​លើក​ពី​បញ្ហា​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​សហគមន៍​អន្តរជាតិ

ជនជាតិរ៉ូហ៊ីយ៉ាស្នាក់នៅបណ្ដោះអាសន្ននៅជុំរុំមួយក្នុងប្រទេសបង់ក្លាដែស។ (A24 News)

អតីតអ្នកការទូត និងឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំសហរដ្ឋអាមេរិក លោក Humayun Kabir បានលើកឡើងថា ប្រទេសរបស់លោកកំពុងតែស្វែងរកការបញ្ចប់បញ្ហារបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងធ្វើកិច្ចការងារមួយចំនួនសម្រាប់ការត្រលប់របស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ដើម្បីផ្ដល់​ឱ្យពួកគេនូវ​ការ​រស់នៅក្នុងសង្គមដោយថ្លៃថ្នូរ បង្កើតសិទ្ធិនយោបាយ និងសង្គមសម្រាប់ពួកគេ ខណៈដែល​បញ្ហានេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី ដើម្បីឈានទៅរកដំណោះស្រាយរយៈពេលវែងមួយ។

ទោះជាយ៉ាងណា សាស្ត្រាចារ្យនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Dhaka (Dhaka University) លោកស្រី Amena Mohsin លើកឡើងថា សកម្មភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាចំពោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមិនមានការផ្លាស់ប្តូរនោះទេ បើទោះបីជាមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិមកលើបញ្ហានេះក្ដី។ ដូច្នេះហើយ បញ្ហានេះត្រូវតែមានការលើកឡើង​នៅចំពោះ​មុខអង្គការសិទ្ធិមនុស្សនានា ស្របពេលដែលកិច្ចសហប្រតិបត្តិការនិងពាណិជ្ជកម្មកំពុងតែដំណើរការរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសជាច្រើនផ្សេងទៀត។

កាលពីដើមឆ្នាំនេះ កិច្ចចរចាត្រីភាគីដែលដឹកនាំដោយចិន បង់ក្លាដែស និងមីយ៉ាន់ម៉ា ទទួលបានជា ក្ដីសង្ឃឹម​មួយ ប៉ុន្តែមិនអាចបន្តបានដោយសារតែករណីជំងឺរាតត្បាតកូវីដ-១៩។ គិតចាប់តាំង​ពីគ្មាន​ជន​ជាតិរ៉ូហ៊ីងយ៉ា​ណាម្នាក់ត្រូវបាននិរទេសទៅកាន់មីយ៉ាន់ម៉ា ក្នុងរយៈពេល៤​ឆ្នាំកន្លង​មកនេះ រដ្ឋាភិបាលបង់ក្លាដែស​តែងតែ​ព្យាយាម​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ ​សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News លោក Humayun Kabir ថ្លែងថា៖ «ការរៀបចំទ្វេភាគីមួយត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ​២០១៧។ ក្រោយ​មក នៅពេលដែលយើងដឹងថា បញ្ហាទ្វេភាគីជាមួយមីយ៉ាន់ម៉ាមិនមានដំណើរការល្អ យើងបានស្វែងរកជំនួយពីប្រទេសជាមិត្តនានា។ នៅពេលនោះ ចិន​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ដល់​យើង។ រដ្ឋមន្ត្រី​ការបរទេស​ចិន ​បង់ក្លាដែស និង​​មីយ៉ានម៉ា ​នៅពេលនោះ​ បាន​ធ្វើការ​ជាមួយគ្នា ​ដើម្បី​ស្វែងរក​ដំណោះស្រាយមួយ។ តាមអ្វីដែលខ្ញុំបានដឹង គឺពួកគេមាន​កិច្ច​ប្រជុំ​មួយ​នៅទីក្រុង​ញូវយ៉ក និងកិច្ចប្រជុំ​មួយឬ​ពីរបន្ត​បន្ទាប់ទៀត»។

ជាមួយគ្នានេះ លោកស្រី Amena Mohsin បានឱ្យដឹងថា៖ «អ្វី​ដែលត្រូវបាន​ហៅ​ថាជាអនុស្សរណៈ​លើ​កិច្ចព្រមព្រៀង [MOA] ​ត្រូវ​បាន​ចុះ​ហត្ថលេខា ដែលយើងបាន​សង្ឃឹម​ថា វា​នឹង​ត្រូវ​បាន​ដោះស្រាយ​តាម​របៀប​ដែល​ចិន​មាន​ឥទ្ធិពល​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ុន្តែ​គួរ​ឱ្យ​​សោកស្ដាយ យើង​បានសង្កេត​ឃើញ​ថា ​វា​មិនអាចសម្រេចបាននោះទេ»។

លោក Humayun Kabir បន្តថា៖ «បញ្ហា​នេះ​បង្កឡើង​ដោយ​ដំណើរការ​សង្គមនិង​នយោបាយ​ផ្ទៃក្នុង​នៅ​មី​យ៉ាន់​ម៉ា ដែល​នោះហើយគឺ​ជា​មូលហេតុ​ដែល​វាមានភាព​ស្មុគស្មាញ​»​។

លោកស្រី Amena Mohsin បន្ថែមថា៖ «ពួកគេ​មិន​បាន​ចាត់​វិធានការ​ណា​មួយ ​ដើម្បី​ស្ដារស្ថានការណ៍​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឡើង​វិញនោះទេ ហើយ​អ្វី​ដែល​ពួកគេបានលើកឡើង ​គឺថាពួក​គេ​បាន​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ និង​សាងសង់​ផ្ទះបានមួយចំនួនរួចរាល់ហើយ។ ពួកគេអាចនឹងថ្លែងជាច្រើន កាលពីពេលកន្លងទៅ ដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ប៉ុន្តែយើងមិនឃើញមានសកម្មភាពណាមួយលើផ្នែករបស់ពួកគេនោះទេ ហើយ​ប្រទេស​មីយ៉ាន់ម៉ាក៏​មិន​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​ពួកគេ​​មាន​ផង​ដែរ»។

ទាក់ទិននឹងករណីនេះ លោក Humayun Kabir បានឱ្យដឹងផងដែរថា៖ «ដំណោះស្រាយយូរអង្វែងចំពោះបញ្ហានេះ គឺមិនត្រឹមតែសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ក្នុងការត្រលប់ទៅកាន់មីយ៉ាន់ម៉ាវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងការដែលពួកគេអាចរស់រានមានជីវិតបាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសេចក្ដីថ្លៃថ្នូរ បង្កើតសិទ្ធិនយោបាយ និងសង្គមសម្រាប់ពួកគេផងដែរ។​ ដូច្នេះហើយ វាទាមទារឱ្យមានជាចាំបាច់នូវដំណោះស្រាយ ឬកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងទាំងក្នុងតំបន់និងពហុភាគី»។

លោកស្រី Amena Mohsin បន្តថា៖ «រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្កើតដំណើរការដ៏ស្មុគស្មាញមួយ ដូចអ្វីដែល​យើង​បានឃើញ​ហើយ​ថា សហគមន៍​អន្តរជាតិហាក់មិនបានដាក់សម្ពាធ​ណាមួយបន្ថែមទៀត​លើ​មីយ៉ាន់ម៉ា​នោះ​ទេ។ ផ្ទុយទៅវិញ ពួកគេ​បែរជាផ្ដោតតែលើការ​ធ្វើ​ជំនួញ​របស់​ពួកគេ​ប៉ុណ្ណោះ។ យើង​មើល​ទៅឃើញថា ជប៉ុន​ធ្វើ​ជំនួញ ហើយចិនក៏​ធ្វើ​ជំនួញ បើទោះបីជាមិនមែនដោយផ្ទាល់ក៏ដោយ ប៉ុន្តែពួកគេបានធ្វើតាមវិធីផ្សេងៗ។ សហរដ្ឋអាមេរិកក៏ជាប់ពាក់ព័ន្ធជាមួយពួកគេ ហើយប្រទេសឥណ្ឌាក៏ចូលរួមដែរ។ ពួកគេមានការវិនិយោគជាច្រើននៅទីនោះ ខណៈដែលបញ្ហា​នេះហាក់មានភាពលាក់បាំង»។

ត្រលប់មក លោក Humayun Kabir វិញបន្តថា៖ «ដូច្នេះ ដើម្បីដោះស្រាយភាពស្មុគស្មាញនេះ ខ្ញុំគិតថា យើងចាំ​បាច់​ត្រូវព្យាយាមដោយភាពអត់ធ្មត់បន្តិច ហើយបង់ក្លាដែសត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តគ្រប់វិធីសាស្រ្តដែលបង់ក្លាដែសត្រូវធ្វើ។ នោះហើយជាមូលហេតុដែលបង់ក្លាដែសកំពុងផ្ដួចផ្ដើមគំនិត»។

លោកស្រី Amena Mohsin បន្ថែមថា៖ «មានសកម្មភាពមួយ​ដែល​ត្រូវបានស្គាល់ថាជាការ​ដាក់សម្ពាធលើ​រដ្ឋាភិបាលមួយ​ពី​រដ្ឋាភិបាលមួយទៀត ដែល​យើង​ត្រូវ​តែអនុវត្ត​។ មួយ​វិញទៀត​ ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នានា និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ផ្សេងៗ ​ក៏ត្រូវតែ​លើក​ឡើង​ពី​បញ្ហា​ជនភៀសខ្លួន​នេះឡើងផងដែរ»។

លោក Humayun Kabir បានឱ្យដឹងទៀតថា៖ «ដូច្នេះ​ហើយ ការចូលរួមនិង​កិច្ច​សហប្រតិបត្តិការ​របស់​ភាគីជាមិត្ត​ទាំងអស់ដែល​នៅ​ជាមួយ​យើង នឹងអាចផ្ដល់ជាដំណោះស្រាយ​រយៈពេលវែង​។ យើងរំពឹងថា ពួកគេនឹងធ្វើការជាមួយយើង ហើយបញ្ហានេះនឹងត្រូវបានដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលមានន័យថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាអាចត្រលប់ទៅកាន់មីយ៉ាន់ម៉ាវិញដោយថ្លៃថ្នូរ សុវត្ថិភាព និរន្តរភាព និងអាចត្រលប់ទៅរករបៀបរស់នៅធម្មតារបស់ពួកគេវិញ រួមទាំងការត្រលប់ទៅកាន់ផ្ទះរបស់ពួកគេ។ នេះគឺជាគោលបំណងចម្បងរបស់យើង»។

លោកបន្ថែមថា៖ «សម្រាប់ទស្សនៈរបស់ប្រទេសបង់ក្លាដែស យើងសង្ឃឹមថា តាមរយៈការដោះស្រាយបញ្ហានេះ ទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាងរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងត្រូវបានរក្សា ហើយនឹងបន្តរីកចម្រើនទៅមុខ។ នេះ​ជា​ការ​រំពឹង​ទុក​របស់​យើង​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ