ពលករ​ខ្មែរ​ជាង​១០​នាក់​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅថៃ

គ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកពលករខ្មែរឆ្លងដែនខុសច្បាប់ ស្ថិតនៅភូមិខ្លងយាយឥន្ទ ឃុំវ៉ាំងថង ស្រុកវ៉ាំងស៊ុមប៊ូន ខេត្តស្រះកែវ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ (77kaoded.com)

ពលករខ្មែរជាច្រើននាក់ត្រូវបានរាយការណ៍​ថា បានស្លាប់និងរងរបួស​ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តមួយ ពេលពួកគេ​លួចធ្វើដំណើរឆ្លងដែន​ដោយខុសច្បាប់ទៅធ្វើការក្នុងប្រទេសថៃ ត្រង់​ចំណុចទីប្រជុំជនមួយក្នុងខេត្តស្រះកែវ។

តាមប្រភពពីកាសែតថៃ 77kaoded បានឱ្យដឹងថា នៅវេលាម៉ោង៨និង៥០នាទី​យប់ ថ្ងៃអង្គារម្សិល​មិញ រថយន្តមួយគ្រឿងដែ​ល​​ដឹកពលករខ្មែរចំនួន១២នាក់ បានបើកក្នុងល្បឿនយ៉ាងលឿន រួចក៏បាត់ម្ចាស់ការ រេចង្កូតទៅបុកបង្គោលភ្លើងពេញមួយទំ​ហឹង បណ្ដាលឱ្យរថយន្តនោះក្រឡាប់ជាច្រើនត្រឡប់ ត្រង់ផ្លូវបំបែករង្វង់មូល ភូមិខ្លងយាយឥន្ទ ឃុំវ៉ាំងថង ស្រុកវ៉ាំងស៊ុមប៊ូន ខេត្តស្រះកែវ។ 

តាមប្រភព​ដដែល ហេតុការណ៍នេះបាន​បណ្ដាលឱ្យអ្នកដំណើរជាពលករខ្មែរចំនួន​៤នាក់ (ស្រី៣នាក់) និងអ្នកបើកបរជនជាតិថៃម្នាក់ស្លាប់​ភ្លាមៗនៅនឹងកន្លែង ​ហើយពលករខ្មែរ៨នាក់ផ្សេងទៀតបាន​រងរបួសធ្ង​ន់និងស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងតំបន់។

ប្រភពដដែល​បញ្ជាក់ថា ពលករខ្មែរម្នាក់ក្នុងចំណោម៤នាក់​ដែលបានស្លាប់បាត់បង់ជីវិត ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ-១៩ តម្រូវឱ្យបូជាក្នុង​រយៈពេល២៤ម៉ោង ហើយអ្នកដែលរបួសស្រាលម្នាក់​ បានសារភាព​ប្រាប់សមត្ថកិច្ចថា ពួកគេបានលួចឆ្លងដែនដោយខុសច្បា​​​​ប់ដើម្បីរកការងារធ្វើ។

វីអូឌី​ មិនអាចទាក់ទងសុំការបញ្ជាក់ពីស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានទេ នៅថ្ងៃនេះ ខណៈអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងថា លោកនឹងសួរបញ្ជាក់ព័ត៌មាននេះពីស្ថានកុងស៊ុលតំណាងប្រទេសកម្ពុជាប្រចាំប្រ​ទេ​សថៃ។

មន្ត្រីកម្មវិធីសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា បញ្ហាគ្រោះ​​ថ្នា​ក់​នេះមិនមែនទើបតែកើតឡើងជាលើកទី១នោះទេ សម្រាប់ពលករខ្មែរដែលប្រថុយលួចឆ្លងដែនដោយខុសច្បាប់ទៅរកកា​រងារធ្វើក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ។

ករណីនេះ លោកបាន​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរត្រូវបន្តការអត់ធ្មត់ ចៀស​វាង​ការ​ប្រថុយ​ប្រថានធ្វើចំណាក​ស្រុក​ឆ្លង​ដែន​ដោយ​ខុសច្បាប់ទៅប្រទេ​សថៃដើម្បីរកការងារធ្វើ ក្នុងកាលៈទេសៈដែលព្រំដែន​ប្រទេសទាំង២មិនទាន់បើកដំណើរការឡើងវិញ ដែល​ងា​យធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

លោក ឌី ថេហូយ៉ា បន្ថែមថា៖‍ «ប្រថុយប្រថានទី១ គឺជាប់ពន្ធនាគារនៅពេលដែលគេចាប់ខ្លួន ហើយប្រថុយប្រថានទី២ វាពាក់ព័​ន្ធនឹងការគ្រោះថ្នាក់ដល់អាយុជីវិតក្នុងការធ្វើដំណើរ ទី៣ គាត់មិនប្រាកដថាគាត់បានការងារដូចដែលមេខ្យល់នាំទៅទេ អាចនឹ​ងចាញ់បោកគេហ្នឹង»

តាមរបាយការណ៍ចុងក្រោយពីមន្រ្តីទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ កញ្ញា ព្រំ សុភា គិតត្រឹម១៧ថ្ងៃដើមខែតុលា ឆ្នាំ២០២១ ពលករខ្មែរយ៉ាងហោចចំនួន៥៣៦នាក់ត្រូវបានសមត្ថកិច្ចយាមកាមតាមព្រំដែនខ្មែរនិងថៃឃាត់ខ្លួនបានក្នុង២១ករណី អំឡុងពេលពួកគេព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅថៃ ដែលតួលេខនេះគឺកើនខ្ពស់ជាងរយៈពេលក្នុងខែកញ្ញា និងសីហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ