សង្គម​ស៊ីវិល​ថា​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​នៅតែ​មាន​នា​ពេល​បច្ចុប្បន្ន

ទិដ្ឋភាពនៅសិប្បកម្មឡឥដ្ឋមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១២ ខែមីនា ឆ្នា២០១៩។ រូបភាព៖ ហ៊ី ឆាយ

សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធគម្រោងឃ្លាំមើលកុមារអះអាងថា ពលកម្មកុមារនៅតាមសិប្បកម្មឡឥដ្ឋនៅ​តែ​មាន​នាពេលបច្ចុប្បន្ន ត្បិតបញ្ហាបំណុលគ្រួសារជាផ្នែកមួយជំរុញឱ្យមានការប្រើប្រាស់កម្លាំងពលកម្មពួកគេ ប៉ុន្តែក្រសួងការងារបដិសេធថា មិនមានក្មេងៗអាយុក្រោម ១៥ឆ្នាំ ធ្វើការនៅឡឥដ្ឋ ដោយសារឪពុកម្តាយជំពាក់បំណុលថៅកែនោះទេ។

ការលើកឡើងនេះ ​​បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានសំឡេងសហរដ្ឋអាមេរិកវីអូអេ(VOA)កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ ក្រោមចំណងជើងថា «បំណុលជំពាក់ថៅកែឡឥដ្ឋ នៅតែជាមូលហេតុធ្វើឱ្យក្មេងៗត្រូវធ្វើការទាំងខុសច្បាប់»។  ​សារព័ត៌មានមួយនេះ ​បានរៀបរាប់ករណីដែលកើតឡើងនៅសិប្បកម្មឡឥដ្ឋក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា វាជាការល្អដែលមន្ត្រីក្រសួងការងារបានចុះស្រាវជ្រាវផ្ទាល់ ទៅលើសិប្បកម្មឡឥដ្ឋដែលមានព័ត៌មានថាបានប្រើពលកម្មកុមារ។ យ៉ាងណា លោកថាការចុះស្រាវជ្រាវបែបនេះគួរតែធ្វើឡើងជាប្រចាំនៅតាមសិប្បកម្មឡឥដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយសារបញ្ហាបំណុលរបស់កម្មករឡឥដ្ឋត្រូវបានផ្លាស់ប្តូររូបរាងពីការជំពាក់បំណុលថៅកែដោយផ្ទាល់ ទៅជាការជំពាក់បំណុលសាច់ញាតិរបស់ថៅកែក៏មាន។

លោកថា កម្មករដែលជំពាក់បំណុលទាំងនោះ មិនងាយនឹងដោះខ្លួនរួចឡើយ ខណៈកម្មករឡឥដ្ឋពុំមានកិច្ចសន្យាការងារ តែធ្វើតាមសង្វាក់ផលិតកម្ម ពោលគឺធ្វើការច្រើន​ដើម្បីបានអត្ថប្រយោជន៍ច្រើនដែរ។ ករណីនេះលោកថា ចៀសមិនផុតទេដែលកម្មករនឹងប្រើប្រាស់កូនៗជាកុមារ មកធ្វើការដើម្បីបានផលការងារច្រើន បើទោះបីជាថៅកែ​ តែងបដិសេធថាមិនមានកុមារធ្វើការនៅតាម​សិប្បកម្មឡឥដ្ឋរបស់ពួកគេក៏ដោយ។

លោក អំ សំអាត មានប្រសាសន៍ថា«អានេះវាមិនមែនមានតែលីកាដូមួយទេ យើងឃើញថាមានរបាយការណ៍ច្រើនដែរទាក់ទងនឹងអង្គការផ្សេងៗ ដែលគេបានចុះទៅស្រាវជ្រាវ គេបានធ្វើការនៅតាមសិប្បកម្មឡឥដ្ឋហ្នឹង គេគិតថាដល់បច្ចុប្បន្នវានៅមានកុមារធ្វើពលកម្ម។ ទោះបីជាទម្រង់ណាក៏ដោយ ជាទម្រង់ធ្វើលក្ខណៈគ្រួសារ ឬក៏ជួយឪពុកម្ដាយនៅក្នុងឡឥដ្ឋហ្នឹងក៏ដោយ អាហ្នឹងក៏វានៅតែជាពលកម្មកុមារដែរ»។

លោក សំអាត អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តច្បាប់ និងចាត់ការឱ្យម៉ឺងម៉ាត់លើថៅកែដែលប្រើទម្រង់ពលកម្មកុមារតាមច្បាប់។ លោកថាបើមិនដូច្នោះទេ នឹងមានករណីកុមាររងគ្រោះកើតឡើង ទើបមានវិធានការពីអ្នកពាក់ព័ន្ធជាក្រោយមិនខាន។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបដិសេធថា​ មិនមាន​ក្មេងៗ ​អាយុក្រោម ១៥ឆ្នាំ ធ្វើ​ការ​នៅ​សិប្បកម្មឡឥដ្ឋ​ ដោយសារ​ឪពុកម្តាយ​ជំពាក់បំ​ណុល​ថៅកែ​​នោះទេ​។​

ក្រសួងការងារអះអាងថា​ សមត្ថកិច្ចបានចុះ​ស៊ើបអង្កេត និង​ប្រមូល​ព័ត៌មាន​ផ្ទាល់​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ ហើយថា​សិប្បកម្មខាងលើ​មិនបាន​ប្រើប្រាស់​ក្មេង​អាយុ​ក្រោម ១៥​ឆ្នាំនោះទេ។ ចំណែកកម្មករឈ្មោះ ឈុំ ស៊ីម ​ដែល​ធ្វើការ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ខាងលើ ក៏មិនបាន​ខ្ចីប្រាក់​ពី​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋនោះដែរ​។​

បន្ថែមពីលើសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ឱ្យដឹងថា នរណាចង់និយាយថាម៉េចក៏ដោយ ប៉ុន្តែមុននឹងនិយាយ ទាល់ពិនិត្យទៅលើលិខិតតូបករណ៍ជាតិ និងអន្តរជាតិ ដែលមានជាធរមានសិន។ លោកថា កុមារ ចាប់ពីអាយុ១២ឆ្នាំឡើង អាចធ្វើការបានជាលក្ខណៈគ្រួសារ តែមិនមែនជាប្រភេទការងារដែលមានគ្រោះថ្នាក់។

លោក ហេង សួរ និយាយថា «កន្លង​មក​នេះ​ក្រ​សួង​​ដូចជាមិនដែល​បាន​រក​ឃើញ​ថៅ​កែ​បានទៅ​ជួល​ក្មេង​​​ប្រើ​​នោះ​ទេ។ ហើយ​ខ្ញុំ​ជឿ​ថា​គ្មា​ន​ថៅ​កែ​ណា​មួយ​សុខ​ចិត្ត​ប្រើ​ក្មេង​ ហើយ​បោះ​បង់​ចោល​មនុស្ស​ចាស់​នោះ​ទេ»។​

លោកបន្តថា «ខ្ញុំ​ជឿ​ថា​អ្វី​ដែល​យើង​បាន​អង្កេត​ឃើញ​ជា​ទូទៅ​គឺ​ ឪពុក​ម្ដាយ​គាត់​ជាកម្ម​ករ​នៅ​ក្នុង​ឡឥដ្ឋ​ ឬ​មួយ​ក៏​អី​ចឹង ក៏​ប៉ុន្តែ​អាច​មាន​កូន​ដែល​មក​ជា​មួយ​ឪ​ពុក​ម្ដាយ ​ឬ​មួយក៏ជួន​កាល​ទៅ​ក្បែរ​ឪពុក​ម្ដាយ​ ឬ​មួយ​ក៏​អាច​ទៅ​ជួយ​ការ​ងារ​ឪ​ពុក​ម្ដាយ​ ហើយ​កិច្ច​ការ​នេះ​គឺ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង ​ហើយ​ក៏​មិន​មាន​ការ​អនុញ្ញាត​ពី​ថៅ​កែ​ផង​ដែរ»។​

កម្មករ​សិប្បកម្មឡឥដ្ឋ​មួយកន្លែងស្ថិតក្នុង​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល អ្នកស្រី​ ឈុំ ស៊ីម ថ្លែងទាំង​រដាក់​រដុបមកកាន់វីអូឌីនៅថ្ងៃពុធនេះថា អ្នកស្រីសុំមិន​ឆ្លើយតបឡើយនូវសំណួរពាក់ព័ន្ធនឹង​ការងារនៅ​កន្លែង​ឡឥដ្ឋ​​។

អ្នកស្រី​ ឈុំ ស៊ីម ថា «វា​មាន​បញ្ហាផ្ទុះ​រឿង​ខ្ញុំ​ ចឹង​ទៅ​ខាង​ក្រ​សួង​គាត់​ចុះ​មក គាត់​សម្រេច​រួច​រាល់​ហើយ​អ៊ីចឹង​ហ្អា​ណា។​ រួច​ទៅ​ខ្ញុំក៏ចង់​ផ្អាក​ឆ្លើយចឹងណា ​កុំ​ឱ្យ​មាន​រឿង​ទៅ​ទៀត​»។

យ៉ាងណាក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មានវីអូអេ  អ្នកស្រី ឈុំ ស៊ីម បញ្ជាក់​ថា ​អ្នក​ស្រី ប្តី និង​កូនអាយុ​ ១៦​ឆ្នាំ​ ធ្វើ​ជា​អ្នក​ចាប់ឥដ្ឋដែល​យកចេញ​ពី​ម៉ាស៊ីនដាក់​ហាលថ្ងៃ ហើយ​ការ​ហាល​ឥដ្ឋ​មួយ​ម៉ឺន​ដុំ ទទួល​កម្រៃ​បាន​ ២៥ ០០០​រៀល។ ​ ក្នុង​មួយ​ថ្ងៃ​ គ្រួសារអ្នកស្រីទទួល​បានប្រាក់ចន្លោះពី​ ២៥ ០០០​រៀល ទៅ​ ៣៥​ ០០០​រៀល ដែល​បាន​មក​ពី​ការ​ហាល​ឥដ្ឋនោះ។​

តាមរយៈបទសម្ភាស​នោះ អ្នក​ស្រីប្រាប់វីអូអេថា អ្នក​ស្រី​បាន​ដឹង​ថាកុមារមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នៅ​ឡឥដ្ឋ​នោះ​ទេ ប៉ុន្តែ​បញ្ហា​ជីវភាព​ដែល​កំពុង​ខ្វះ​ខាត និងបញ្ហាបំណុល ជំរុញ​ឲ្យ​កូនៗ​របស់​អ្នក​ស្រី ដែលមានអាយុក្រោម១៨ឆ្នាំ ​ជួយ​ធ្វើ​ការ​ដើម្បី​បង្កើនចំណូល។

កាលពី​ឆ្នាំ​២០១៦ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ទាក់ទង ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡ​ផលិត​ឥដ្ឋនៅកម្ពុជា។  ​របាយការណ៍​នោះ ពិពណ៌នា​លម្អិត​ពី​មធ្យោបាយ ដែល​ម្ចាស់​សិប្បកម្ម​ជ្រើសរើស​កម្មករ​ដោយ​ការ​ផ្តល់​ប្រាក់កម្ចី និង​ការ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​ទីទ័លក្រ។

អង្គការការពារ​សិទ្ធិ​មនុស្ស​ដដែលនេះ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍នោះថា ការបញ្ចាំខ្លួនដើម្បីដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតផលឥដ្ឋនៅកម្ពុជា បានបង្ហាញនូវទម្រង់ទាសភាពសម័យទំនើប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ