បារាំង​ផ្ដល់​ថវិកា​ជាង​២០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្តចំនួន២

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ចុះ​ត្រួតពិនិត្យ​និង​តាមដាន​លើ​កំណាត់ផ្លូវ​ជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ក្នុង​ក្រុង ដែល​ត្រូវ​បាន​បំផ្លាញ​និង​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង អំឡុង​ថ្ងៃទី១០​-១១ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបាត់ដំបង​)

ប្រទេស​បារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់កា​រអភិវឌ្ឍ (AFD) បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានប្រមាណជាង២៣លានដុល្លារអាមេរិក ដើម្បីជួយស្ដារប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន២ ​ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ ឱ្យដឹងថា ក្នុងនោះ ទឹកប្រាក់២០លាន​អឺរ៉ូ ឬ​ប្រមាណជា២៣,១៣​លានដុល្លារ គឺ​សម្រាប់ការ​ស្ដារឡើងវិញ​នូវប្រព័ន្ធធារាសាស្ត្រដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ កាលពី​ខែ​តុលា ឆ្នាំ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងទឹកប្រាក់ចំនួន៣០០ ០០០អឺរ៉ូ ឬប្រមាណជា៣៤៦ ៨០០ដុល្លារអាមេរិក ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងស្ដារឡើងវិញស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា​នេះ រវាង​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក FABRICE Etlenne លេខាទី១ ​ស្ថាន​ទូតបារាំង​ប្រចាំ​នៅ​កម្ពុជា និងលោកស្រី Ophe’lle BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា តាមរយៈប្រព័ន្ធ Video Conference។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការផ្ដល់ហិរញ្ញប្បទានដល់គម្រោងឬកម្មវិធីខាងលើនេះ​ គឺ​បាន​ឆ្លើយ​តប​យ៉ាង​ជាក់​ច្បាស់​ទៅនឹងសេចក្ដីត្រូវការជាអាទិភាពក្នុងការរួមចំណែក​ការ​អភិវឌ្ឍនិងស្ដារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

សេចក្ដីប្រកាសព័ត៌មានបានចាត់ទុក​ថា ប្រទេសបារាំង មិនត្រឹមជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់ការអភិវឌ្ឍកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ