រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បង្កើត​ក្រុមការងារ​ដោះស្រាយ​ទំនាស់​និង​សំណូមពរ​ពលរដ្ឋ

នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខពលរដ្ឋនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបង្កើតក្រុមការងារដោះស្រាយបញ្ហាទំនាស់និងសំណូមពររបស់ប្រជាពលរដ្ឋ ដែល​ភាគច្រើ​​​​នពាក់ព័ន្ធបញ្ហាវិវាទដីធ្លី តាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយ​យកគំរូតាមអភិបាលខេត្តកំពត លោក ម៉ៅ ធនិន។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី ថ្លែងនៅថ្ងៃទី២ ខែវិច្ឆិកា ថាកិច្ចការនេះបានចាប់អនុវត្តនៅដើមខែវិច្ឆិកានេះ ដោ​យអភិបាលរងស្រុកនីមួយៗដើរតួនាទីជាប្រធានដឹកនាំក្រុមការងារទទួល​បណ្ដឹង សំណូមពរ និងរៀបចំវេទិ​កាសាធារណៈ ជួបជជែកដោះស្រា​​យទំនាស់និងសំណូមពររបស់ពលរដ្ឋ។ 

លោកថា ចាប់តាំងពីរដ្ឋបាលខេត្តចេញ​សេចក្ដីសម្រេច​នៅថ្ងៃទី២៧ ខែតុលាមក អាជ្ញាធរ​បាន​ទទួល​​បណ្ដឹង​ពី៦០ទៅ៧០​ភាគរយ ពាក់ព័ន្ធរឿងដីធ្លី ហើយក្រៅពីនេះជាសំណូមពរផ្សេងៗរបស់ពលរដ្ឋ។ មន្រ្តី​រដ្ឋបាលខេត្តរូបនេះបញ្ជាក់ថា អាជ្ញាធរ​ប្រើប្រាស់យន្តការដោះស្រាយដោយផ្អែកលើគោលការណ៍​​ច្បាប់និងការឯកភាពគ្នា ហើយដោះស្រាយករណីទំនាស់ណាដែលមិនទាន់បញ្ជូនទៅដល់ដៃតុលាការ។

លោក ស្រ៊ន សំឫទ្ធី ថ្លែងបន្ថែមថា៖ «បើកវេទិកាអញ្ជើញភាគីទាំងសងខាងមកជជែក។ យើងផ្អែកលើទិដ្ឋភាពច្បាប់និងលើភា​ពជាក់ស្តែង ធ្វើម៉េចឱ្យភាគីទាំងស​ងខាងឈ្នះទាំងសងខាង។ អត់ឱ្យដោះ ឱ្យមួយវេទនា មួយសប្បាយចិត្ត អត់ទេ! យើងប្រឹងប្រែងដោះយ៉ាងម៉េចឱ្យភាគីទាំង២ស​ប្បាយចិត្តទទួលយកបាន អត់មានថាចប់ហើយបែរទម្លាក់កំហុសខាងនេះខាងនោះ អត់ទេ»

ប្រភពដដែលបន្ថែមថា រដ្ឋបាលខេត្តរំពឹងខ្ពស់ចំពោះយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ ហើយសង្ឃឹមថា បញ្ហារបស់ពលរដ្ឋដែលរដ្ឋបាលក្រុង-ស្រុកទទួលបាននឹងអាចដោះស្រាយបានភាគច្រើននៅរយៈពេល១សប្ដាហ៍ឬមុនដំ​ណាច់ខែវិច្ឆិកានេះ។

ពលរដ្ឋមួយរូបរស់នៅភូមិឡពាង ​ឃុំតាជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ស្ងួន ញៀន គាំទ្រចំពោះការដែលអ​ភិបា​លខេត្តថ្មីបានបង្កើតក្រុមការងារដោះស្រាយបញ្ហារបស់ពលរដ្ឋ ដោយយកគំរូតាមអភិបាលខេត្តកំពតថ្មី ដែលលោកផ្ដល់រហ័​សនាមថាជាតុលាការយុត្តិធម៌។

លោកថា សហគមន៍របស់លោកមានពលរដ្ឋ​ជិត៧០០គ្រួសារ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន KDC ជាច្រើនឆ្នាំមកហើយ ហើ​​យលោកកំពុងទាមទារឱ្យអាជ្ញាធរដាក់បឹងពោធិ៍ ដែលមានទំហំ២​០ហិកតា ទៅជាបឹងអភិរក្សធនធានធម្មជាតិ ដើម្បីទប់ស្កា​ត់ការគប់គិតគ្នាកាត់ដីបឹ​ងលក់ទៅ​ឱ្យក្រុមហ៊ុនឯ​កជន។

លោក ស្ងួន ញៀន បន្តទៀត​ថា លោកបានដាក់សំណើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីអាជ្ញាធរ​បដិសេធសំណើរបស់លោក ខណៈអ្នកភូមិមួយចំនួនត្រូវរងការគំរាម​កំហែងតាម​ផ្លូវតុលាការ។ ប្រភពដដែល​បន្ថែមថា លោកក៏កំពុងត្រៀ​មរៀ​​បចំឯកសារដាក់បណ្ដឹង​ទៅ​អភិបាលខេត្តថ្មី។

លោកនិយាយថា៖ «ខ្ញុំសប្បាយចិត្តពេលអភិបាលខេត្តឡើងថ្មី គាត់មានចិត្តមួយ បានន័យថា ចិត្តរបស់គាត់ចង់ជួ​យប្រជាពលរដ្ឋ។ អត់ដូចអភិបាលខេត្តមុនទេ! ខ្ញុំសង្ឃឹមថា អភិបាលខេត្តថ្មីនេះឈរលើគោលការណ៍យុត្តិធម៌ ត្រឹមត្រូវ និងដើ​រតាមអភិបាលខេត្ត លោក ម៉ៅ ធនិន ដែលលោកជាគំរូផ្ទាល់។ ខ្ញុំដាក់រហស្សមានអភិបាលនោះ ថាជាតុលាការមុខដែក ហើ​យជាតុលាការមួយដែលផ្ដល់យុត្តិធម៌ជូនពលរដ្ឋ»

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត គាំទ្រចំ​ពោះ​​ឆន្ទៈដោះស្រាយបញ្ហាដីធ្លីរបស់អភិបាលខេត្តកំពង់ឆ្នាំងថ្មី តាមគំរូអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដែលលោកសង្កេតឃើញថាជារូបភាពមួយល្អ និងមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ។

យ៉ាងណា លោកថា យន្តការនេះមានប្រសិទ្ធភាពសម្រាប់តែករណីវិវាទតូចៗមួយចំនួន ប៉ុន្តែចំពោះករណីវិវាទធំៗរវាងក្រុមហ៊ុនធំៗ ឬជាមួយបុគ្គលអ្នកមានអំណាចវិញ គឺនៅតែមិនអាចដោះស្រាយ និងកំពុងកើនឡើងក្នុងរយៈពេលចុងក្រោយអំឡុងវិបត្តិកូវីដ-១៩។

លោក វណ្ណ សុផាត ថ្លែងថា៖ «ដោះស្រាយហ្នឹងក៏យើងសង្កេតឃើញដែរថា ដោះស្រាយបញ្ហាជាលក្ខណៈគ្រួសារ ឬជាមួយក្រុមហ៊ុនអីដែរ ប៉ុន្តែជាលក្ខណៈរឿងមិនសូវរសើប រឿងលក្ខណៈធម្មតាៗមួយចំនួន តែបើសិនជាការដោះស្រាយហ្នឹងទាក់ទងនឹងក្រុមហ៊ុនធំៗដែលរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ ដូចជា ក្រុមហ៊ុន OCIC ដូចជាក្រុមហ៊ុនចិនមួយចំនួនដូចជា UDG»។ 

បុគ្គលិកអង្គការសង្គមស៊ីវិល ធ្វើការផ្ដោតលើសិទ្ធិដីធ្លីរូបនេះបន្តថា​ រដ្ឋាភិបាលគួរតែបង្កើតយន្តការ និងគោលនយោបាយជាល​ក្ខណៈប្រព័ន្ធនៅទូទាំងប្រទេស សម្រាប់ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិយកទៅអនុវត្តតាម ទើបបញ្ហារំលោភបំពានសិទ្ធិដីធ្លីទៅលើប្រជាពលរដ្ឋត្រូវ​បានដោះស្រាយប្រកបដោយប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងកាលពីដើមខែកក្កដា ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំងថ្មី លោក ស៊ុន វុណ្ណារិទ្ធិ ដោយណែនាំមន្ត្រីរបស់លោកឱ្យព្យាយាម​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លីដោយស្មារតីទទួលខុសត្រូវមុន​ការបោះឆ្នោតមកដល់ ដោយកុំទម្លាក់​កំហុស​ទៅក្រុម​ប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ