ប្រធានបក្ស​ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿង​ព្រំដែន ស្នើ​តុលាការ​បន្ធូរ​បន្ថយ​ទោស

លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ថ្លែងអំឡុងពេលចូលរួមតវ៉ាដោយសន្តិវិធីទៅតុលាការឱ្យដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

ប្រធានគណបក្សខ្មែរឈ្នះ ​ដែលជាប់ចោទក្នុងសំណុំរឿងព្រំដែន បានស្នើទៅតុលាការសាលាឧទ្ធរណ៍ឱ្យបន្ធូរបន្ថយទោស និងលុបចោលប្រាក់សំណង ដោយអះអាងថា ការធ្វើសកម្មភាពរបស់លោកនាពេលកន្លងមក គ្រាន់តែបំពេញតួនាទី​ក្នុងនាមជាអ្នកនយោ​បាយ​ដើម្បី​បម្រើប្រជា​ពលរដ្ឋ និង​គ្មានចេតនាបង្កបញ្ហាដល់សង្គមជាតិនោះឡើយ។

ការស្នើនេះធ្វើឡើងអំឡុងពេលសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះលើបណ្ដឹង​ឧទ្ធរណ៍របស់​ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកានេះ ក្រោយពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ២០ខែ និងបង្គាប់ឱ្យបង់ប្រាក់២ ០០០លាន​រៀល ឬប្រហែល៥០​ម៉ឺនដុល្លារ​ ដល់គណៈកម្មការព្រំដែន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ឈរនៅក្នុងរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ទឹកមុខមាំ លោក សួង សុភ័ណ្ឌ បានបា្រប់ទៅប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ថាមូល​ហេតុ​ដែល​លោកដាក់​បណ្ដឹង​មក​សាលាឧទ្ធរណ៍ ដោយសារ​លោក​មិនសុខចិត្តចំពោះសេចក្ដីសម្រេចរបស់ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​។

លោក​បន្តថា សកម្មភាពដែលលោកបានធ្វើកន្លងមក ដើម្បីបម្រើប្រជាពលរដ្ឋ​និងការពារផលប្រយោជន៍របស់ប្រទេសជាតិ ក្នុងនាមលោកជាអ្នកនយោបាយម្នាក់តែប៉ុណ្ណោះ​ ដោយមិនមានចេតនាទុច្ចរិតបង្កផលប៉ះពាល់ដល់សង្គមជាតិឡើយ។

ករណីនេះ លោកបានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះឱ្យបន្ធូរបន្ថយទោស​ពី២០ខែមកត្រឹម១៥​ខែវិញ និងលើកលែងបង់សំណងប្រាក់ជំងឺចិត្ត២ ០០០លានរៀលដល់គណៈកម្មការព្រំដែនកម្ពុជា។

លោក សួង សុភ័ណ្ឌ និយាយថា​៖ «ធម្មតា ក្នុងនាមជាអ្នកច្បាប់ផង ក្នុងនាមជាអ្នកនយោបាយផង ខ្ញុំធ្វើសកម្មភាពកន្លងមក ដើម្បីការពារប្រជាពលរដ្ឋនិងទឹកដីខ្មែរ ហើយសកម្មភាពនេះ វាជាតួនាទីរបស់ខ្ញុំក្នុងនាមជាអ្នកនយោបាយម្នាក់។ បើខ្ញុំចូលធ្វើនយោបាយហើយ ខ្ញុំគ្មានសិទ្ធិការពារនិងបម្រើប្រជាពលរដ្ឋ តើខ្ញុំចូលធ្វើនយោបាយធ្វើអីទៅ? ខ្ញុំទទួលយកការសម្រេចរបស់ចៅក្រមសាលាដំបូងអត់បានទេ ទើបខ្ញុំប្ដឹងមកសាលាឧទ្ធរណ៍ឱ្យជួយរកយុត្តិធម៌»

ក្រោយពី​សួរដេញដោលពីមូលហេតុរួច ប្រធានប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បាន​លើកពេលប្រកាសសាលដីកាទៅថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការស្នើ​សុំរបស់លោក សួង សុភ័​ណ្ឌ ជាសិទ្ធិសេរីភាពរបស់លោក ប៉ុន្តែ​សម្រាប់អង្គការសង្គមស៊ីវិលវិញ យល់ថា ការចាប់​ខ្លួន​សកម្មជនអតីត​​គណបក្សប្រឆាំង សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស រួមទាំង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះរូបនេះដាក់​ពន្ធនាគារនោះ ​ជារឿងនយោបាយ ដោយមិនមែនជាការអនុវត្តច្បាប់​ឡើយ។

លោកបន្តថា បើសិនតុលាការទម្លាក់ចោលបទចោទប្រកាន់និងដោះលែងពួកគាត់ទាំងអស់គ្នាឱ្យមានសេរីភាពវិញ វាជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជា ព្រោះ​កន្លងមក កម្ពុជាបាន​រងនូ​វ​ការ​រិះគន់កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងចំណាត់ការលើសកម្មជននយោបាយ បរិស្ថាន សិទ្ធិមនុស្ស និងប្រធានគណបក្សខ្មែរ​ឈ្នះនេះ។

លោកថា៖ «បង្កើតជំនឿ​ឡើងវិញអំពីឯករាជ្យភាពតុលាការ ​ពាក់ព័ន្ធនឹង​ការផ្ដល់ជំនឿចិត្តឡើងវិញទៅដល់រដ្ឋាភិបាលដែលរងការរិះគន់ ដែលប្រជាពលរដ្ឋមើលឃើញថា ស្ថានភាពសិទ្ធិមនុស្ស ​ហើយនិងនយោបាយមានភាពល្អប្រសើរ។ ហើយសហគមន៍អន្តរជាតិ គេងាកបន្ធូរបន្ថយសម្ពាធផ្សេងៗដែរ បើសិនជាគេមើលឃើញថា ​រឿងទាំងអស់ហ្នឹងត្រូវបានតុលាការពិចារណា​ដោះលែងនិងទម្លាក់ចោលបទប្រកាន់ តាមខាងសកម្មជនដែលបានលើកឡើងអីជាដើមហ្នឹង»

​លោក សួង សុភ័​ណ្ឌ ត្រូវបានសមត្ថកិច្ច​រាជធានី​ភ្នំពេញចាប់​ខ្លួន​កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រោយពី​ប្រធានគណបក្ស​មួយនេះ​បាន​ចុះទៅ​ពិនិត្យ​មើលបង្គោលព្រំ​ដែន​​កម្ពុជា​-វៀតណាម នៅខេត្តត្បូងឃ្មុំ។ ការចុះទៅពិនិត្យនោះ​ គឺ​បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន ​មេដឹកនាំសហជីព និងជាតំណាង​ក្រុមប្រឹក្សាឃ្លាំ​មើល​កម្ពុជា បន្ទាប់ពីលោកបាន​លើកឡើង​​ពីរ​បាយ​ការណ៍​របស់​ពលរដ្ឋថា មានការ​​បាត់បង់​ទឹកដី​កម្ពុជា​ទៅលើ​វៀតណាមក្រោយ​ការបោះបង្គោល​ព្រំដែន។ ទាំងលោក សួង សុភ័ណ្ឌ និង​លោក រ៉ុង ឈុន កំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារព្រៃសនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ