សាច់ញាតិជនរងគ្រោះ បានរកកិច្ចអន្តរាគមន៍ពីស្នងការនគរបាលខេត្តព្រះសីហនុ ឱ្យជួយបងប្អូនរបស់ពួកគេចំនួន៣នាក់ ដោយពួកគេអះអាងថា អ្នកទាំង៣នាក់នោះត្រូវថៅកែជនជាតិចិនលក់និងបង្ខំឱ្យធ្វើការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូមួយក្នុងខេត្តនេះ។
ក្នុងបណ្ដឹងដាក់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែវិច្ឆិកានេះ លោក ឃុត ហេង រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងជនជាតិចិនម្នាក់ដែលមានឈ្មោះហៅក្រៅ «អាឡុង» និងក្រុមហ៊ុនកាស៊ីណូមួយ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយចោទថា បានយកប្អូនស្រី២នាក់និងប្អូនប្រុសម្នាក់របស់លោក ទៅធ្វើការនៅក្រុមហ៊ុនរបស់ពួកគេដោយបង្ខំ ហើយបានលក់បន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ និងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត រួមទាំងរឹតត្បិតសិទ្ធិរបស់ពួកគេគ្រប់យ៉ាងថែមទៀត។
លោក ឃុត ហេង បានលើកឡើងក្នុងបណ្ដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកបានទទួលទូរសព្ទពីប្អូនស្រីរបស់លោក ដោយនាងបានរៀបរាប់ថា ពួកគេទាំង៣នាក់ត្រូវគេលក់ឱ្យទៅធ្វើការផ្នែកអនឡាញនៅក្រុមហ៊ុនមួយដែលពួកគេមិនដឹងឈ្មោះ និងសន្យាផ្ដល់ប្រាក់ឈ្នួលចំនួន១ ០០០ដុល្លារក្នុងមួយខែ។
បណ្ដឹងដដែលឱ្យដឹងទៀតថា ក្រោយប្អូនប្រុសស្រីរបស់លោកបម្រើការងារអស់រយៈពេលជាង២ខែ ពួកគេទទួលបានប្រាក់ឈ្នួលតែ៥០០ដុល្លារប៉ុណ្ណោះ ហើយបានសុំឈប់ពីការងារ ប៉ុន្តែខាងក្រុមហ៊ុនមិនអនុញ្ញាតឱ្យឈប់ឡើយ ដោយបន្តឃុំឃាំងនិងបង្ខំឱ្យចុះកុងត្រាធ្វើការងាររយៈពេល១២ខែទៀត រួមទាំងគំរាមលក់បន្តទៅក្រុមហ៊ុនផ្សេងមួយទៀត។
ក្នុងបណ្ដឹងនោះ បញ្ជាក់ថា៖ «កន្លងមក ពួកគេទាំង៣នាក់ពិតជាបានបម្រើការងារជាបុគ្គលិកផ្នែកអនឡាញអស់រយៈពេល២ខែនិង៦ថ្ងៃ ដែលក្រុមហ៊ុននេះមានឈ្មោះមិនច្បាស់លាស់ តែមាននៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយបានប្រាក់ខែ៥០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយបុគ្គលឈ្មោះ អាឡុង និងក្រុមហ៊ុនមិនបានគោរពកិច្ចសន្យានិងបើកប្រាក់ខែគ្រប់ចំនួនឡើយ និងគំរាមលក់បន្តទៅឱ្យក្រុមហ៊ុនផ្សេងទៀត»។
លោក ញឹប ក្លារ៉ា ដែលអះអាងថាជាសាច់ញាតិជនរងគ្រោះ ប្រាប់ វីអូឌី បន្ថែមលើបណ្ដឹងនេះថា ការគំរាមលក់បងប្អូនគាត់បន្តពីក្រុមហ៊ុនមួយទៅឱ្យក្រុមហ៊ុនមួយទៀត និងការបង្ខិតបង្ខំឱ្យធ្វើការនោះ បានធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាចនិងប៉ះពាល់ដល់អារម្មណ៍ពួកគេជាខ្លាំង។
លោកអះអាងបន្តថា ក្រុមហ៊ុនទី១ បានលក់ប្អូនៗរបស់លោកឱ្យក្រុមហ៊ុនទី២ ក្នុងម្នាក់តម្លៃ៣ ០០០ដុល្លារ ហើយថា ប្រសិនបើពួកគេចង់ឈប់ លុះត្រាតែសងលុយ៣ ០០០ដុល្លារនោះទៅក្រុមហ៊ុនវិញ។ លោកថា ស្ថានភាពរស់នៅ គឺខាងក្រុមហ៊ុនដាក់សន្តិសុខយាមយ៉ាងតឹងរ៉ឹងមិនឱ្យចេញក្រៅបានឡើយ និងមានការរឹតត្បិតមិនឱ្យប្រើប្រាស់ទូរសព្ទទៀតផង ដោយបានគំរាមកំហែងមិនឱ្យមានការផ្សព្វផ្សាយតាមហ្វេសប៊ុក ឬរាយការណ៍មកខាងក្រៅ។
បុរសរូបនេះឱ្យដឹងថា ពួកគាត់បានដាក់បណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃហើយ ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់មានការឆ្លើយតបនិងមានចំណាត់ការអន្តរាគមន៍នៅឡើយទេ ខណៈសាច់ញាតិនិងក្រុមគ្រួសារកំពុងមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ពួកគេជាខ្លាំង។
លោកបន្ថែមថា៖ «ខ្ញុំបានទៅដាក់ពាក្យបណ្ដឹងនៅស្នងការខេត្តព្រះសីហនុ តែខាងប៉ូលិសគេធ្វើមិនដឹង ហើយចេះតែឱ្យរង់ចាំរហូត។ ដូច្នេះ ស្នើសុំឱ្យអង្គការ និងអ្នកសារព័ត៌មានជួយផង»។
វីអូឌី មិនអាចសុំការឆ្លើយតបពីស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានទេ ជុំវិញករណីនេះ។ ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះឡើយទេ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បានចាត់ទុករណីករណីនេះថា ជាទម្រង់នៃការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម រួមទាំងរំលោភសិទ្ធិការងារផងដែរ។
លោកបន្តថា ក្នុងខេត្តព្រះសីហនុមានករណីស្រដៀងគ្នានេះជាច្រើនករណី មានទាំងកម្មករខ្មែរ និងកម្មករបរទេស ដែលលោកថា បញ្ហានេះកើតឡើងដោយសារកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធទៅលើជនល្មើស ជាពិសេសថៅកែជាជនជាតិចិន។
ករណីនេះ លោកបានជំរុញដល់សមត្ថកិច្ចខេត្តធ្វើការស៊ីបអង្តេតករណីនេះដោយយកចិត្តទុកដាក់ទៅលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងធ្វើការសិក្សាស្រាវជ្រាវអំពីប្រភពនៃប្រតិបត្តិការក្រុមហ៊ុនល្បែងស៊ីសងនេះផងដែរ។ ក្នុងករណីក្រុមហ៊ុននោះបើកល្បែងស៊ីសងខុសច្បាប់ និងធ្វើការបង្ខាំងមនុស្សខុសច្បាប់ លោកថា សមត្ថកិច្ចត្រូវវែកមុខរកជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់ឱ្យខានតែបាន។
លោកបន្ថែមថា៖ «បទល្មើសនៅតែមាន សួរថាមូលហេតុអី? ដោយសារសមត្ថកិច្ចមានកាតព្វកិច្ចក្នុងការធ្វើការងារលើរឿងហ្នឹង ហើយបទល្មើសនៅតែបន្តកើតមាន វាអត់មានការកាត់បន្ថយ ប៉ុន្តែមានការកើនឡើង អ៊ីចឹងវាបានឆ្លុះបញ្ចាំងនៃការអនុវត្តច្បាប់ ហើយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ហ្នឹងវានៅមានកម្រិត។ អ៊ីចឹងករណីហ្នឹង វាបន្តឱ្យជនល្មើសហ្នឹងបន្តធ្វើបាន ហើយអាហ្នឹងវាត្រូវមានការ[ឃាត់ខ្លួន]ជនល្មើសហ្នឹងមកផ្ដន្ទាទោស។ ហើយកន្លងមកហ្នឹង វាអត់មានការចាប់ជនល្មើសហ្នឹងមកផ្ដន្ទាទោសទេ ជាពិសេសនិយោជកឬក៏អ្នកដែលទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌហ្នឹង»។
មន្ត្រីសិទ្ធិមនុស្សនិងការងាររូបនេះ ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធនៅខេត្តព្រះសីហនុសកម្មក្នុងការចុះធ្វើអធិការកិច្ចនៅតាមបណ្ដាក្រុមហ៊ុននិងសណ្ឋាគារនានា ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនកាស៊ីណូមួយឈ្មោះ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏បានរងការចោទប្រកាន់ពីក្រុមបុគ្គលិកផងដែរ ថាបានបង្ខាំងពួកគេជាង៤០០នាក់ ឱ្យធ្វើការងារទាំងឈឺ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលដោយតំណាងក្រុមហ៊ុន៕