អ្នកឃ្លាំមើល​ជំរុញ​កម្ពុជា​ទទួល​យក​អនុសាសន៍​របស់​ក្រុម​សិទ្ធិ​មនុស្ស UN លើ​ការ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស

ភរិយានិងសាច់ញាតិរបស់អតីតសកម្មជនបក្សសង្គ្រោះជាតិ ប្រមូលផ្ដុំតវ៉ាទាមទារឱ្យដោះលែងស្វាមីនិងសាច់ញាតិដែលកំពុងជាប់ឃុំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យ​រដ្ឋាភិបាលទទួលយកនូវការលើកឡើងរបស់​ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងធ្វើការ​​កែលម្អ​ស្ថានភាព​សិទ្ធិ​មនុស្សនិ​​ង​ប្រព័ន្ធតុលាការ​​​​ឡើង​​វិញ ដើម្បីចៀសផុតពីការរិះគន់ឬការ​ចាត់​វិធាន​ការ​ជាក់​ស្ដែង​​ណា​មួយ​ពី​សហ​គមន៍​អន្តរ​ជាតិ។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពី​ថ្ងៃអង្គារម្សិលមិញ បានអំពាវនាវរួមគ្នាឱ្យ​​រដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើ​ប្រាស់​ប្រព័ន្ធតុលាការ​​កាត់ទោសលើអ្នកហ៊ានក្រោកឈរ ដើម្បីសិទ្ធិមនុស្ស និងសេរីភាព​បញ្ចេញមតិនៅកម្ពុជា។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ លោក ​អំ សំអាត មានប្រសាសន៍​នៅ​ថ្ងៃពុធនេះថា ​សេចក្ដីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិលើក​នេះ ហាក់លើកឡើងចំៗនិងត្រង់ទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា រដ្ឋាភិបាលគួរតែទទួលយកនូវការលើកឡើងរបស់ក្រុមអ្នកជំនាញទាំងនោះ​ និងធ្វើការកែលម្អឡើងវិញ ដើម្បី​ចៀស​ផុត​ពីការ​រិះ​គន់ឬ​ការចាត់វិធានការជាក់ស្ដែងណាមួយ។

លោក អំ សំអាត បានគូសបញ្ជាក់​​ថា៖ «ខ្ញុំឃើញថា ប្រតិកម្មរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហ្នឹង គឺលើកនេះដូចជាមានទម្ងន់ខ្លាំងជាង​មុនៗ ដោយសារពីមុនមក គេមើលថា ការចាប់ ការឃុំខ្លួន ទៅលើសកម្មជនការពារបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនធ្វើការងារសង្គម ក៏ដូចជាអតីតសកម្មជនគណបក្សប្រឆាំងខ្លះ គឺថា ជាការរំលោភបំពានទៅលើសេរីភាពមូលដ្ឋាន។ ប៉ុន្តែរយៈពេលនៃការកាត់ទោសតាមអំណាចសាលក្រមនៃការប្រកាសនេះ គេមើលឃើញថា វាជារឿងធ្វើ​ទុក្ខ​បុក​ម្នេញ​សម្រាប់សកម្មជនការពារបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនធ្វើការងារសង្គម ដោយសារតែសាលក្រមហ្នឹង បើយើងមើលទៅ បើទោះបីជាមានភាពសម្រាល​ខ្លះ​ក៏ដោយ ក៏វាបង្កប់ទៅដោយលក្ខខណ្ឌនៃការរឹតត្បិតសេរីភាពរបស់ពួកគាត់បន្ថែមទៀត​​»

នៅក្នុងសេចក្ដីថ្លែងការណ៍រួម​ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ចំនួន៣រូប បានសម្ដែងការសោកស្ដាយនិងរិះគន់ប្រទេសកម្ពុជាយ៉ាងខ្លាំងចំពោះការប្រើប្រាស់​ប្រ​ព័ន្ធ​តុលាការធ្វើជាមធ្យោបាយក្នុងការកាត់បន្ថយវិសាលភាពសម្រាប់សកម្មភាពរបស់ពលរដ្ឋ។ ក្រុមអ្នកជំនាញទាំងនេះបានអំពាវនាវឱ្យប្រទេសកម្ពុជាការពារសេរីភាពបញ្ចេញមតិ។

សេចក្ដីថ្លែងការណ៍នោះបន្ត​ថា ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្សនិងសកម្មជននយោបាយទាំងនេះ បានបង្ហាញពីការធ្លាក់ចុះនៃលំហពលរដ្ឋនិងនយោបាយនៅកម្ពុជា ដែលមានការរៀបចំច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ។

អ្នកជំនាញឯករាជ្យបានលើកឡើងទៀត​​ថា៖ «យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដែល​ថាតុលាការត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀតក្នុងការបំបិទ​សំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់ រួមទាំងសកម្មភាពអហិង្សាដែលត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការបញ្ចេញមតិ»

អ្នកជំនាញសិទ្ធិមនុស្សទាំងនោះ រួម​មាន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេស្ដីពីការលើកកម្ពស់ និងការការពារសិទ្ធិនៃសេរីភាពបញ្ចេញមតិនិងទស្សនៈ អ្នកស្រី អាយរីន ខាន់ (Irene Khan) និងអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor)។

ការអំពាវនាវនេះបានធ្វើឡើងក្រោយពីអ្នកការពារសិទ្ធិមនុស្សនិងសកម្មជននយោបាយសរុប១៥​នាក់ ក្នុងសំណុំរឿងពីរផ្សេងគ្នាត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសជាបន្តបន្ទាប់កាលពីចុងខែតុលានេះ ក្នុង​នោះ​​មាន ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ចំនួន៧នាក់ ដែលជាសមាជិកខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សមាជិកអតីតគណបក្សសង្គ្រោះជាតិ ​ចំនួន៧រូប ពីបទ «ញុះ​ញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»«បង្កភាពវឹកវរក្នុងសង្គម» និងការ​​​កាត់​ទោសកូនអតីតសកម្មជនបក្សប្រឆាំង ​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ វ័យ​១៦​ឆ្នាំ ពាក់ព័ន្ធ​បទ «​ញុះញង់ និងប្រមាថមន្ត្រីរាជការសាធារណៈ»

ម្ដាយបង្កើតរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា បានគាំទ្រសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះ។ អ្នកស្រីបន្តថា ការកាត់​ទោស​កូនប្រុស​របស់គាត់​​ឱ្យជាប់ពន្ធនាគាររយៈពេល៨ខែ និងអនុវត្តទោស៤ខែ១៥ថ្ងៃនេះ អ្នកស្រីមិនអាចទទួលយកបានទេ។

អ្នកស្រី​ថា៖ «គាត់ [អ្នកជំនាញសិទ្ធិមនុស្ស] ចេញសេចក្ដីថ្លែងការណ៍ គឺត្រឹមត្រូវបំផុត ព្រោះវាអយុត្តិធម៌ ដោយសារថ្ងៃប្រកាសសាលក្រមកូនខ្ញុំ សូម្បីអង្គទូតទៅទាំងអស់ ប៉ុន្តែនៅពេលចៅក្រមចេញមក គាត់ឱ្យអ្នកដែលមិនជាប់ពាក់ព័ន្ធចេញទាំងអស់ គឺទុកឱ្យតែអ្នកម្ដាយនិងលោកមេធាវី តែពីរនាក់ខ្ញុំទេ! និយាយទៅ គាត់ខ្លាចគេដឹងពីទង្វើអាក្រក់ៗរបស់គាត់ ព្រោះកាត់ទោសអត់សុក្រឹត្យកាត់ទោសជាខ្សែបណ្ដាញ ជាខ្សែញាក់របស់រដ្ឋាភិបាលតែម្តង»។

យ៉ាងណាក្ដី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន មានប្រសាសន៍​ថា នៅក្នុងសង្គមប្រជាធិបតេយ្យណាក៏ដោយ ប្រព័ន្ធ​តុលាការជាមធ្យោបាយតែមួយគត់ក្នុងការអនុវត្តច្បាប់ចំពោះអំពើពាក់ព័ន្ធបទល្មើស សំខាន់ឱ្យតែមានមូលដ្ឋានច្បាប់ច្បាស់លាស់និងរឹងមាំ។

ការចោទប្រកាន់អំពីលំហសេរីភាពប្រជាធិបតេយ្យធ្លាក់ចុះវិញ ​លោក ជិន ម៉ាលីន យល់ថា គ្រាន់​តែជាការយល់ខុសគ្នាទៅតាមនិន្នាការនយោបាយ រវាងអ្នកជំនាញ សកម្មជនសិទ្ធិមនុស្ស ក្រុមប្រឆាំងរដ្ឋាភិបាល ចំពោះការអនុវត្តច្បាប់ទៅលើសកម្មជនរបស់ពួកគេ​តែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញ លោកថា លំហប្រជាធិបតេយ្យនិងសេរីភាពពលរដ្ឋមិនមានអ្វីធ្លាក់ចុះនោះឡើយ ត្បិតរាល់ការអនុវត្តច្បាប់​មិនបានគិតថាជាសកម្មជនឬ​មិនសកម្មជននោះទេ ពោលគឺពឹងអាស្រ័យលើមូលដ្ឋានច្បាប់។

លោក​បន្ថែមថា៖ «អ៊ីចឹងចំពោះរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ច ការអនុវត្តច្បាប់ទៅលើសកម្មជនដែលប្រព្រឹត្តបទល្មើស ហើយមានមូលដ្ឋានច្បាប់រឹងមាំនិងច្បាស់លាស់ អាហ្នឹងមិនមែនជាការធ្លាក់ចុះនៃលំហប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពអ្វីនោះទេ។ ប៉ុន្តែវាជាវិធានការច្បាប់តែមួយគត់ក្នុងការថែរក្សានូវសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅក្នុងសង្គមនីតិរដ្ឋ»

ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែលកត់សម្គាល់ថា នៅពេលដែលសាលក្រមផ្ដន្ទាទោសនេះត្រូវបានតុលាការប្រកាស​ គឺមានអ្នកការពារសិទ្ធិមនុស្សចំនួន២៥រូបទៀតកំពុងស្ថិតក្នុងពន្ធនាគារ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ពួកគេបានអំពាវនាវដល់រដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីការពារលំហពលរដ្ឋនិងលទ្ធិប្រជាធិបតេយ្យ តាមរយៈការអនុវត្តអនុសាសន៍នានាដែលកម្ពុជាបានទទួលយកកាលពីឆ្នាំ២០១៩។ ក្នុងចំណោមអនុសាសន៍ទាំងនោះ ក៏មានការសន្យាថានឹងបង្កើតលក្ខខណ្ឌល្អប្រសើរដែល «សង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងាររបស់ខ្លួនដោយសេរី ដោយគ្មានការជ្រៀតជ្រែកឬរារាំង»

អ្នកជំនាញឯករាជ្យលើកឡើងថា៖ «យើងខ្ញុំគិតថា ការផ្ដន្ទាទោសថ្មីៗនេះលើសកម្មជនអហិង្សា គឺជាការរំខាននិងមិនអំណោយផលទាល់តែសោះសម្រាប់ប្រទេសកម្ពុជា ដែលប្រារព្ធខួប៣០ឆ្នាំបន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងសន្តិភាព[ទីក្រុងប៉ារីស ២៣ តុលា ១៩៩១]»


អត្ថបទទាក់ទង

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។
ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

UN ជំរុញឱ្យរដ្ឋជាសមាជិកបង្ហាញឆន្ទៈកាត់ទោសឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

អង្គការសហប្រជាជាតិ ជំរុញទៅប្រទេសជាសមាជិកឱ្យបង្ហាញឆន្ទៈកាត់ទោសឧក្រិដ្ឋក​​ម្ម​​ប្រឆាំងអ្នកសា​រ​ព័ត៌​មាន ដោយថា ការវាយប្រហារទៅលើអ្នកសារព័ត៌មាន​ជាការបង្កើត​បរិយាកាស​ភ័យ​ខ្លាច បង្ក​ការ​រា​រាំ​​​ងដល់​ការចែកចាយព័ត៌មានដោយសេរីសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ