គណបក្សភ្លើងទៀន នឹង​ចូលរួម​ការ​បោះឆ្នោត​បើ​ស្ថានភាព​នយោបាយ​អំណោយផល​

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ឌុល ក្នុងកម្មវិធីមួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យ បង្ហើប​ថា «គណបក្សភ្លើងទៀន»​ នឹង​ចូល​រួម​ការ​បោះឆ្នោត​ខាង​មុខ ដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យឡើងវិញ ​បើ​ការ​គំរាម​កំ​ហែ​​ងផ្នែកនយោបាយត្រូវបានបញ្ឈប់។

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ឌុល កាលពីថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២១ បានតែងតាំងលោក ថាច់ សេដ្ឋា​ ជាអ្នកនាំពាក្យគណបក្សនេះ ដោយយោង​ទៅលើ​អតីតភា​​ពអ្នកនយោបាយរូបនោះថាជាអតីតសមាជិកព្រឹទ្ធសភា «គណបក្សសមរង្ស៊ី» និងជាស្ថាបនិក «គណបក្សជាតិខ្មែរ» របស់លោក សម រង្ស៊ី។

អ្នកនាំពាក្យគណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បានឱ្យ វីអូឌី​ ដឹងនៅថ្ងៃនេះថា គណបក្សនេះនឹងពិចារណា​ចូល​រួមការប្រកួតបោះឆ្នោតនៅពេលខាងមុខ បើការគំរាមកំហែងផ្នែកនយោបាយត្រូវបានបញ្ឈប់។

លោកថា៖ «បើសិនបរិយាកាសនយោបាយ គួរយើងចូល អាហ្នឹងយើងពិចារណា! បើសិនជាបរិយាកាសដូច​សព្វថ្ងៃ នៅមាន​ការ​ចាប់​ចង គំរាមកំហែង ការបញ្ចេញមតិក៏ពិបាក យើងក៏ពិបាកក្នុងការសម្រេចថាចូលបោះឆ្នោតឬមិនចូលដែរ! [អ៊ីចឹងមានន័យថា ត្រៀមចូលបោះឆ្នោត?] ត្រូវហើយ! អាហ្នឹងយើងចាំពិនិត្យមើល​​បរិយាកាសទាំងអស់ហ្នឹង មើលតើវាមានការប្រែប្រួលបែបណា»។

យ៉ាងណា លោក ថាច់ សេដ្ឋា គូសបញ្ជាក់ថា ការត្រៀមខ្លួនទៅប្រកួតការបោះ​ឆ្នោតក្នុងកាលៈទេសៈនេះ មិនមានន័យថាជាសញ្ញាបែកបាក់​របស់អតីត​គណបក្សសង្គ្រោះជាតិ ដែលតុ​លា​​ការបានរំលាយនោះទេ តែជា​ដំណើរឆ្ពោះទៅប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ។

បន្ថែមពីនេះ លោកថា នៅពេលគណបក្សភ្លើងទៀនសម្រេចចិត្តជាផ្លូវការក្នុងការចូលរួមប្រកួតការបោះឆ្នោត គណបក្សនេះនឹង​ស្វែងរកការរួបរួមជាមួយអ្នកប្រជាធិបតេយ្យដែលបានចេញមកបង្កើតគណ​បក្ស​ថ្មីៗផងដែរ ខណៈសកម្មជនកំពុងរងការគំរាមកំហែង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការចាប់ចងអ្នកន​យោបា​យ វានឹងមិនកើតឡើងទេ ដរាបណាពួកគេមិនបានចូលរួមធ្វើសកម្មភាពខុសច្បាប់នោះ។

លោ​​កថា៖ «បើគាត់ជាអ្នកនយោបាយ គាត់ធ្វើនយោបាយមាននីតិសម្បទាឡើងវិញ គាត់កុំផ្សារភ្ជាប់ជា​មួយ​ពួកក្រុមឧទ្ទាមក្រៅច្បាប់ គាត់អត់មានបញ្ហាអីទេ»។

សហការីស្និទ្ធនឹងលោក កឹម សុខា គឺ​លោក មាជ សុណ្ណារ៉ា បាន​លើកឡើង​ថា បើ «គណបក្សភ្លើងទៀន»​ ដែលជា «​គ​​​​ណបក្សសមរង្ស៊ី» មានគម្រោងដើរលើផ្លូវនេះមែន វាជាការរំលោភលក្ខន្តិកៈនៅទីក្រុង​ម៉ានិល ឆ្នាំ​២០​១២ មុន​ការប្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលការនេះ លោកទុក​ឱ្យម្ចាស់ឆ្នោតជាអ្នកវិនិច្ឆយ។

លោកថា៖ «អ៊ីចឹងពលរដ្ឋជាម្ចាស់ឆ្នោត អាចនឹងដឹងថាអ្នក​ណា​ក្ប​ត់អ្នកណា ក្នុងខណៈដែលមេបក្សកំ​ពុ​ង​ត្រូវ​បាន​ញាំញី​ដោយតុលាការ គឺថាបណ្ដឹងនៅក្នុងប្រព័ន្ធតុលាការមិនទាន់ត្រូវបានដោះស្រាយនៅ​ឡើយ។ អ៊ីចឹងហើយយើងឃើញថា នេះជាការក្បត់ដៃគូឬក៏យ៉ាងណា! [ស្ថិតនៅ]នៅ​លើប្រជាពលរដ្ឋដែលគាំទ្រជាអ្នកឱ្យ​ពិន្ទុ ជាអ្នកវិនិច្ឆយថាអ្នកណាខុស អ្នក​ណាត្រូវ»។

ចំណែកអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលបានចេញមកបង្កើតគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញផ្ទុយពីនេះ ដោយលោក​ថា បើគណបក្សភ្លើងទៀនសម្រេច​ចូលរួម​​បោះ​ឆ្នោតមែន នឹង​ពុះច្រៀកកម្លាំងប្រជាធិបតេយ្យឱ្យកាន់តែតូច។​​

លោកថា៖ «សង្គ្រោះជាតិហ្នឹងវាកើតពីសិទ្ធិមនុស្សនិងភ្លើងទៀនហ្នឹង ហើយបើភ្លើងទៀន​ប្រកាសបែបនេះ មានន័យថា ភ្លើងទៀន​ទាញយកក្រុមគាត់ទៅវិញហើយ! ទាញបានប៉ុន្មាន យើងមិនដឹង ព្រោះពលរដ្ឋដែលជាអ្នកគាំទ្របានសម្រេចចិត្តទៅហើយ ដោយចង់ឃើញ​ការរួបរួម។ ប៉ុន្តែ​ដល់ពេលគាត់ទាញមកវិញ ងាកទៅរកជ្រុងម្ខាងរបស់គាត់វិញហើយ អ្នកខ្លះជ្រុលដំណើរមករួបរួមហើយនោះនឹងមិនវិលត្រលប់ទៅវិញ​ទេ»។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា ការ​ប្រកាស​របស់​​​គណបក្សភ្លើងទៀន ដែលចង់បង្រួបបង្រួមអ្នកប្រជាធិបតេយ្យអាចនឹងមិនជោគជ័យទេ បើខ្វះការគាំទ្រពីលោក សម រង្ស៊ី និងលោក កឹម សុខា។

លោកថា៖ «ខ្ញុំគិតថា បើសិនគណបក្សភ្លើងទៀន​ចង់​ចូល​រួម​វាជារឿងល្អ ក៏ប៉ុន្តែបើគ្មានការឯកភាពឬក៏ការមូល​មតិគ្នារវាងអតីតមេដឹកនាំ លោក សម រង្ស៊ី និងលោក កឹម សុខា ទេគណបក្សនេះគឺមិនមានឥទ្ធិពលឬក៏មិនមានប្រយោជន៍អីសម្រាប់សង្គមប្រជាធិបតេយ្យនៅកម្ពុជាដែរ»។

អតីតគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា និងគណបក្សសមរង្ស៊ី របស់លោក សម រង្ស៊ី ទទួលបានអាសនៈទាំងក្នុងរដ្ឋសភា និងឃុំ-សង្កាត់ ប្រហាក់ប្រហែលគណបក្សកាន់អំណាចដែរ តែគណបក្សនេះត្រូវបានតុលាការរំលាយផាត់ចេញពីឆាកនយោបាយអំឡុងចុងឆ្នាំ២០១៧។

យ៉ាងណា ចំណាត់ការនេះជំរុញឱ្យក្រុមប្រទេសលោកសេរីចាត់វិធានការមួយចំនួន រួមទាំង​ដកប្រព័ន្ធ​ EBA ២០ភាគរយ មុនកាលកំណត់ ដោយសារតែពួកគេមើលឃើញថាបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យធ្លាក់ចុះ។ ករណីនេះ ពួកគេបានជំរុញកម្ពុជា​ឱ្យស្តារឡើងវិញ ដើម្បីធានាយន្តការប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ