កសិករ​ត្អូញត្អែរ​ពី​ក្លិន​គីមី​មិន​ល្អ​បង្ក​ឡើង​ដោយ​កាកសំណល់​គ្រោះថ្នាក់​នៅ​ខេត្ត​លបប៊ុរី ប្រទេសថៃ

កាកសំណល់ដែលមានសារធាតុគីមីពុល ត្រូវបានយកមកផ្លុងចោលនៅតំបន់មួយក្នុងខេត្តលបប៊ុរី ប្រទេសថៃ។ (A24 News)

ក្លិនគីមីស្អុយនៅក្នុងដីកសិកម្ម ត្រូវបានត្អូញត្អែរដោយកសិករនានានៅក្នុងនៅខេត្តលបប៊ុរី (Lopburi) ប្រទេសថៃ ត្រូវបានរកឃើញថា កើតមានឡើងចេញពីធុងជាច្រើន​ ដែល​មាន​ទម្ងន់ប្រមាណ៥០០​តោន ផ្ទុកទៅដោយ​សារធាតុ​គីមី​ពុលនិងងាយឆាបឆេះមួយចំនួន​ ​ត្រូវ​បាន​ដឹកជញ្ជូនមកកាន់ប្រទេសនេះដោយខុសច្បាប់។​

តាមរយៈសំណាកនៃកាកសំណល់ដែលត្រូវបានប្រមូល បង្ហាញថា វាមានកម្រិត pH ខ្ពស់ និងអាចបង្កជាជំងឺមហារីកបាន។ មន្ត្រី​មួយចំនួននៃអង្គការ​បរិស្ថាន ​បាន​បញ្ជាក់​ថា ខេត្ត​នេះ​រងផលប៉ះពាល់ដោយ​ការ​បំពុល ចាំបាច់​តម្រូវឱ្យ​មាន​ការ​ចោល​កាកសំណល់ផ្សេងៗឱ្យបាន​ត្រឹមត្រូវ។ អង្គការ​​បរិស្ថាន​ថៃ​មួយបាន​ឱ្យដឹង​ក្នុង​ឆ្នាំ​២០១៨ ថាចិន​បាន​នាំ​ចេញ​កាកសំណល់​គីមី​ក្នុង​បរិមាណ​ដ៏ច្រើន​មកកាន់​ប្រទេស​ថៃ ជាពិសេស​សំណល់​អេឡិច​ត្រូនិច និង​ប្លាស្ទិក។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News កសិករដាំល្ងមួយរូប លោក Sommai បានឱ្យដឹងថា៖ «ក្នុងអំឡុងពេលថ្ងៃដែលមានអាកាសធាតុក្ដៅខ្លាំង សារធាតុគីមីទាំងនេះបានសាយភាយជាក្លិនមិនល្អ ខណៈដែលខ្ញុំត្រូវជម្លៀសគ្រួសាររបស់ខ្ញុំចេញពីទីតាំងនេះ ព្រោះយើងមានកូនតូចៗច្រើន»។

ចំណែកកសិករដាំត្រសក់ លោក Gor វិញបានថ្លែងថា៖ «ខ្ញុំ​មិន​បានដឹងថា ​សារធាតុ​គីមីនេះត្រូវ​បាន​គេយកមក​បោះចោល​នៅ​ទី​នេះពីពេលណានោះ​ទេ ដោយសារ​តែយើង​ជាប់រវល់​ធ្វើ​កិច្ចការងារ​ក្នុង​ចម្ការ»។

លោក Sommai បន្ថែមថា៖ «តំណាង​រដ្ឋាភិបាល​ធ្លាប់បាន​ចុះ​មក​ពិនិត្យ​នៅក្នុងតំបន់នេះដែរ ប៉ុន្តែ​យើង​មិន​ទាន់​ឃើញ​មានដំណោះស្រាយអ្វី​បន្ថែម​ទៀតនោះ​ទេ»។

កសិកររូបនេះបន្តថា៖ «កាលពីពេលថ្មីៗនេះ យើងបានទៅពិនិត្យសុខភាព ដោយមានការសម្របសម្រួលពីមេភូមិរបស់យើង»។

លោក Gor បានឱ្យដឹងផងដែរថា៖ «យើង​ត្រូវតែ​បញ្ឈប់​ការ​ប្រើប្រាស់​ទឹក​​ពី​ស្រះក្នុងការស្រោចដំណាំនិងលាងសម្អាត​ខ្លួន ខណៈដែលទឹក​ស្រះ​មាន​ភាព​កខ្វក់​ខ្លាំង។ ហើយ​យើង​មិន​ដឹងច្បាស់​ថា ​វា​មាន​សារធាតុ​ពុល​ប្រភេទ​ណា​នោះ​ទេ»។

ទាក់ទិននឹងករណីនេះ នាយកអង្គការបរិស្ថានផែនដី (Earth Environmental Organization) លោកស្រី Penchom SaeTang លើកឡើងថា៖ «បុគ្គលិករបស់យើងបានត្រួតពិនិត្យជារួមពីកម្រិតនៃសារធាតុគីមី ដែលហៅថា Volatile organic compounds [VOCs] និងរកឃើញថា វាមានកម្រិតខ្ពស់ដែលអាចប៉ះពាល់ដល់ហ្សែន បង្កឱ្យកើតមានជាមហារីកនិងជំងឺនៅក្នុងខ្លួន»។

នាយកអង្គការបរិស្ថានដដែលបន្តថា៖ «ក្នុងឆ្នាំ២០១៧ ប្រទេសថៃបាននាំចូលកាកសំណល់ប្លាស្ទិកយ៉ាងច្រើន ដែលមានចំនួន​ចាប់ពី​៤​ម៉ឺន​ទៅ​៧​ម៉ឺន​តោន។ ក្នុងឆ្នាំ​២០១៨ ចំនួននៃការនាំចូលកាកសំណល់ គឺមានលើសពី៥០ម៉ឺនតោន។ យើង​បាន​រក​ឃើញ​ថា ​ផ្លាស្ទិក​ភាគ​ច្រើន​នាំ​ចេញ​ពី​ប្រទេស​ចិន ហុងកុង ជប៉ុន អឺរ៉ុប និង​សហរដ្ឋ​អាមេរិក»។

លោកស្រីបន្តថា៖ «ករណីនេះបង្ហាញឱ្យឃើញថា ប្រទេសដែលធ្លាប់បញ្ជូនកាកសំណល់ទៅប្រទេសចិន បានប្ដូរទិសដៅមកកាន់ប្រទេសថៃវិញ។ ក្រៅ​ពី​សំណល់​ប្លាស្ទិក សំណល់​អេឡិច​ត្រូនិច​មួយ​ចំនួន​ធំក៏​ត្រូវ​បាន​នាំ​ចូលមកផងដែរ ​រួមមាន ​ទាំង​សំណល់​អាលុយ​មីញ៉ូម​ផ្សេង​ៗ ​ដែល​បាន​នាំ​ចូល​សម្រាប់​កែ​ច្នៃឡើងវិញ និង​បោះចោល​ក្នុង​ប្រទេស​ថៃ។ ជា​ពិសេស ​ផេះ​ដែល​នាំ​ចូល​ក្នុង​បរិមាណ​ច្រើន​ពី​ប្រទេស​ជប៉ុន។ នេះជាទិដ្ឋភាពទូទៅនៃទីផ្សារនាំចូលកាកសំណល់របស់ប្រទេសថៃ ជាពិសេសបន្ទាប់ពីប្រទេសចិនបានដាក់បម្រាមលើការនាំចូលនិងការនាំចេញនៅក្នុងប្រទេសខ្លួន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ