នាយក​រដ្ឋមន្ត្រី​ជប៉ុន ថា​ខ្លួន​នឹង​រ៉ាប់រង​តំណែង​រដ្ឋមន្ត្រី​ការបរទេស​ដល់​បង្កើត​គណៈ​រដ្ឋមន្ត្រី​ថ្មី

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida (岸田文雄) ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 岸田文雄)

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថា លោកអាចនឹងត្រូវរ៉ាប់រងតួនាទីជារដ្ឋមន្ត្រីការបរទេស រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើងក្នុងខែនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្នត្រូវចូលកាន់តំណែងសំខាន់មួយរបស់គណបក្សកាន់អំណាច។

គណបក្ស​ប្រជាធិបតេយ្យ​សេរី​ (LDP) ដែលកំពុងតែកាន់អំណាច នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ឱ្យដឹងជាផ្លូវការថា រដ្ឋមន្រ្តីការបរទេស​ជប៉ុន លោក Toshimitsu Motegi គឺជាអគ្គលេខាធិការបក្ស ដែលជាតំណែងលេខ២​របស់គណបក្ស និងជាតួនាទីដ៏មានឥទ្ធិពលមួយផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីនាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា​៖ «​រហូត​ដល់​គណៈរដ្ឋមន្ត្រី​ថ្មីត្រូវបានបង្កើតឡើង ខ្ញុំ​ក៏​បានគិត​ពីការរ៉ាប់រងតួនាទី​ជា​រដ្ឋមន្ត្រី​ការបរទេស​ផងដែរ»។​

លោក Fumio Kishida បានដឹកនាំគណបក្ស​ LDP របស់ខ្លួនឱ្យទទួលបានលទ្ធផលបោះឆ្នោតដ៏ល្អប្រសើរជាងការរំពឹងទុក កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយគណបក្សនេះអាចរក្សាបាននូវសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភាជាន់ទាប។

ទាក់ទិននឹងករណីនេះ លោក Toshimitsu Motegi ដែលទទួលបានតំណែងថ្មីនៅក្នុងគណបក្ស បានឱ្យដឹងផងដែរថា លោកនឹងផ្ដោតលើការងារនានា ដូចជា ការស្ដារឡើងវិញនៃសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត និងការកែទម្រង់គណបក្ស ដើម្បីបង្កើនភាពចម្រុះឆ្ពោះទៅរកគោល​នយោបាយដែលកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកបន្ថែមថា៖ «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្ហាញថា LDP កំពុងតែមានការផ្លាស់ប្តូរ ហើយយើងនឹងអនុវត្តនូវអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីបង្ហាញពីរូបភាពវិជ្ជមានដ៏ធំមួយ»។

ជាមួយគ្នានេះ លោកបន្តថា គណបក្សកាន់អំណាចក៏នឹងពិភាក្សាលម្អិតអំពីថវិកាបន្ថែមជាមួយដៃគូថ្នាក់ក្រោមផ្សេងៗផងដែរ ដើម្បីបង្កើតវិធានការសេដ្ឋកិច្ចដ៏សម្បូរបែបនិងគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា សភាគ្រោង​នឹង​បើក​សម័យ​ប្រជុំ​ពិសេស​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកាខាងមុខនេះ ដើម្បី​បញ្ជាក់​​ថា លោក Fumio Kishida ជា​នាយក​រដ្ឋមន្ត្រី ខណៈដែលលោកក៏នឹងត្រូវប្រកាស​គណៈរដ្ឋមន្ត្រីថ្មីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ