អតីត​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក កឹម សុខា ដាក់​លក់​ផ្ទះ​ព្រោះ​ចង់​ផ្លាស់ទៅ​រស់នៅ​តំបន់​ជាយក្រុង​ដោយ​ប្រើ​ជីវិត​សាមញ្ញ

លោក កឹម សុខា និងគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពស្និទ្ធនឹងលោក កឹម សុខា មួយរូប បានឱ្យដឹងថា ប្រធានអតីតគណបក្សប្រឆាំងរូបនេះបានដាក់​​លក់​វីឡារបស់ខ្លួន​​នៅរាជធានី​​ភ្នំពេញ ​តាំង​ពី​អំឡុង​ឆ្នាំ​២០២០​មក​ម្ល៉េះ ដោយសារ​គាត់​​មាន​​គម្រោង​​ផ្លាស់​​ទៅ​រស់នៅតំបន់​ជាយក្រុងឬ​ខេត្ត​ផ្សេងជំនួសវិញ។

គេហទំព័រអចលនទ្រព្យមួយដែលមានឈ្មោះថា «Century 21 Advanced Property For Sale» បាន​ដាក់រូបម៉ូដផ្ទះជាប្រភេទវីឡា ស្ថិតក្នុងខណ្ឌទួលគោក លក់ក្នុងតម្លៃ២លាន៤សែនដុល្លារអាមេរិក ដែលវីឡានេះ​ត្រូវបានស្គាល់ថាជាវីឡារបស់លោក កឹម សុខា។

បច្ចុប្បន្ន មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិរូបនេះក៏កំពុងតែ​រង់​ចាំ​សវនា​ការ​​ក្នុង​សំណុំ​រឿង​ «​ក្បត់​ជាតិ» និង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការផងដែរ ខណៈដែលសិទ្ធិធ្វើនយោបាយនិងការធ្វើដំណើរចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់ទាំងស្រុង។

លោក​ មាជ សុវណ្ណារ៉ា​ ជាអតីត​មន្រ្តីនៃ​​អតីតគណបក្ស​សង្រ្គោះជាតិ និងជាមនុស្សស្និទ្ធស្នាលមួយរូបនឹងលោក​ កឹម សុខា ផងដែរនោះ​ បានឱ្យដឹងកាលពីយប់ថ្ងៃចន្ទថា ប្រធាន​អតីត​គណបក្សប្រឆាំង​រូប​នេះ​ធ្លាប់បានប្រាប់រូបលោកកាលពីឆ្នាំ​២០២០កន្លងទៅ ពីគោលបំណង់ក្នុងការលក់វីឡារបស់ខ្លួន​ក្នុងរាជធានី​ភ្នំពេញ ហើយ​ផ្លាស់​ទៅ​កាន់តំបន់​ជាយក្រុងវិញ។

នៅពេលនោះ លោក កឹម សុខា ក៏បាន​សួរ​រូបលោក​ក្នុងករណីលោក​ស្គាល់​អ្នក​ណា​នៅ​ក្រៅ​ប្រទេស​ដែលមានបំណង​ទិញ​វីឡា​នេះផងដែរ។

លោក​ មាជ សុវណ្ណារ៉ា ថ្លែងថា៖ «លោកប្រធានចង់លក់វីឡារបស់ខ្លួននេះ ដើម្បីយកលុយទិញដី ហើយសាងសង់ផ្ទះមួយកន្លែងនៅក្នុងតំបន់ជាយក្រុងវិញ ដែលមានខ្យល់អាកាសល្អ មិន​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​រស់នៅ​តាមបែប​សាមញ្ញ​ក្នុង​នាមជា​អ្នកនយោបាយ​ជាន់ខ្ពស់មួយរូប»។​

លោកបន្តថា សម្រាប់​ប្រាក់​ដែល​នៅ​សេសសល់ពីនេះ លោក កឹម សុខា គ្រោង​នឹង​​​យក​​ទៅ​ចំណាយ​សម្រាប់​ការ​រស់នៅផ្ទាល់ខ្លួន​របស់​​លោក ខណៈដែល​បច្ចុប្បន្ន​លោក​មាន​វ័យ​ជិត៧០​ឆ្នាំទៅហើយ។​

លោក​ មាជ សុវណ្ណារ៉ា បន្ថែមថា ការ​លក់​នេះ​មិនជាប់​ពាក់ព័ន្ធទៅ​នឹង​រឿង​ក្ដីរបស់​លោក កឹម សុខា នោះ​ទេ ខណៈដែលនេះគឺ​ជា​រឿង​ឯកជន​របស់លោក។

លោក កឹម សុខា និងសហមេធាវីការពារក្ដីរបស់លោក២រូប គឺលោក ចាន់ ចេន និងលោក ផែង ហេង មិន​អាច​ទាក់ទងដើម្បីសុំការ​អត្ថាធិប្បាយជុំវិញករណីនេះបាន​ទេ ​កាលពី​ថ្ងៃ​អង្គារ។

ទោះជាយ៉ាងណា បុគ្គលិកមួយរូបរបស់សេវាកម្មអចលនទ្រព្យ Century 21 បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ខាងក្រុមហ៊ុនពិតជាបានទទួលប្លង់ពីម្ចាស់ដើម្បីបានសិទ្ធិផុសលក់ពិតប្រាកដមែន ខណៈដែលប្រភពស្និទ្ធបំផុតមួយទៀតរបស់លោក កឹម សុខា អះអាងថា ខ្លួនមិនបានដឹងថាតើមូលហេតុ​អ្វីបានជាវីឡានេះត្រូវដាក់លក់យ៉ាងដូច្នេះឡើយ។

ជាមួយគ្នានេះ អតីតនាយកខុទ្ទកាល័យ​លោក កឹម សុខា គឺលោក មុត ចន្ថា បានឱ្យដឹងកាលពីថ្ងៃអង្គារថា លោកក៏មិនបានដឹងអំពីគោលបំណងរបស់ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះដែល​ដាក់​​លក់​វីឡារបស់ខ្លួនដែ​រ និងបានបដិសេធឆ្លើយថាតើករណីនះអាចជាប់ពាក់ព័ន្ធនឹងសវនា​ការ​សំណុំ​រឿង​«ក្បត់​ជាតិ»របស់លោក ដែលត្រូវបានអូសបន្លាយឬយ៉ាងណានោះទេ។

លោកបន្តថា៖ «យើង​មិន​អាច​ធ្វើការ​អត្ថាធិប្បាយ​លើ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ​បាននោះ​ទេ។ ដូច្នេះហើយ យើង​ត្រូវ​តែគោរពដល់​ឯកជនភាព​របស់​មនុស្ស​ម្នាក់ៗ»។

សម្រាប់សំណួរថា ​តើ​នេះ​ជា​សញ្ញា​ដែល​អាច​បង្ហាញ​ពី​ការ​ចូល​និវត្តន៍​របស់លោក កឹម សុខា ពី​ឆាក​នយោបាយ​ឬយ៉ាងណា លោក មុត ចន្ថា​ ក៏​បដិសេធ​ឆ្លើយ​ទាក់ទងនឹងករណីនេះផងដែរ។

គួរ​បញ្ជាក់ថា លោក កឹម សុខា គិតរហូតមកដល់​ពេលនេះនៅតែ​ត្រូវ​បាន​​ហាមឃាត់ពី​សកម្មភាព​នយោបាយ​ បន្ទាប់ពី​តុលាការ​កំពូលបាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងឆ្នាំ​២០១៧ ស្រប​ពេលដែលអតីត​មន្ត្រី​គណបក្សរបស់ខ្លួនមួយចំនួន ដែលរួមមាន លោក អ៊ូ ច័ន្ទរ័ត្ន និងលោក យ៉ែម បុញ្ញឫទ្ធិ បានចាប់ផ្ដើមបង្កើតគណបក្សនយោបាយថ្មីហើយនៅឆ្នាំនេះ៕


ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស ដោយលោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ