អ្នកភូមិឡពាង ត្រៀម​បណ្ដឹង​ស្នើ​អភិបាលខេត្តថ្មី​ជួយ​ដោះស្រាយ​បញ្ហា​ដីបឹង​សហគមន៍

រោងយាមរបស់ប្រជាសហគមន៍នៅទីតាំងដីដែលពលរដ្ឋស្នើសុំឱ្យមានការបង្កើតសហគមន៍ដើម្បីការពារបឹងធម្មជាតិ ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

តំណាងប្រជាសហគមន៍ឡពាង កំពុងត្រៀមដាក់ពាក្យបណ្ដឹង​ស្នើសុំទៅអភិបាលខេត្តកំពង់ឆ្នាំងថ្មី ឱ្យ​ជួយអ​ន្តរាគម​ន៍ដោះ​ស្រាយប​ញ្ហាវិវាទដីធ្លី និងដាក់ដីបឹងក្នុងសហគមន៍ជាតំបន់អភិរក្សធនធានធម្មជាតិសម្រាប់ទុកជាសម្បត្តិរួម និងដើម្បីការពារកា​រកាត់ល​​​​ក់ទៅក្រុមហ៊ុនឯកជន។

លោក ស្ងួន ញឿន តំណាងប្រជាសហគមន៍មួយរូប បានថ្លែងនៅថ្ងៃទី០៤ ខែវិច្ឆិកានេះថា លោកកំពុង​រៀបចំឯកសា​រនិងប្រមូលស្នា​មមេដៃពីប្រជាសហគមន៍ដាក់ទៅអភិបាលខេត្តថ្មី លោក ស៊ុន សុវណ្ណារិទ្ធិ នៅសប្ដាហ៍ក្រោយ ដើម្បីឱ្យ​លោ​​​​​កជួយរកយុត្តិធម៌ក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន និងដាក់ដីបឹងធម្មជាតិរបស់សហគមន៍ឱ្យពួកគេអភិរក្សនិងអាស្រ័យ​ផ​ល។

លោកថា ​បញ្ហាទំនាស់ដីធ្លីសហគមន៍ភូមិឡពាង ជាមួយនឹងក្រុមហ៊ុន KDC លើដីទំហំជាង ១៨០ហិក​តា បា​​នបន្តអូស​បន្លាយជិ​ត២០ឆ្នាំហើ​យ ហើយប្រជាសហគមន៍ដែលបានចូលរួមតវ៉ា ត្រូវបានចោទប្រកាន់ដាក់ពន្ធនាគារជាបន្តបន្ទាប់យ៉ា​ង​អយុត្តិធ​ម៌ ក្រោ​មការគប់​គិ​តគ្នាជាប្រព័ន្ធ​។ 

លោកបន្ថែមថា៖ ​«ខ្ញុំសង្ឃឹមហើយ! សង្ឃឹមថាអភិបាលខេត្តថ្មីហ្នឹង​នឹងដោះស្រាយករណីដីធ្លីរបស់ខ្ញុំ និងរឿងបឹងផង! គាត់នឹងអន្តរាគមន៍រឿងហ្នឹង ព្រោះបើសិនគាត់ឈរលើគោលការណ៍មួយដោយត្រឹមត្រូវនិងយុត្តិធម៌ មិនលម្អៀង គាត់ស្រឡាញ់ប្រជារាស្រ្ត គាត់មិនស្រឡាញ់ក្រុមហ៊ុន។ តែបើគាត់មិនឈរលើគោលការណ៍ត្រឹមត្រូវនិងយុត្តិធម៌ ឈរតែលើក្រុមហ៊ុនទេ ទោះអ​ភិបាលខេត្ត១០​ ក៏ដោះស្រាយរឿងដីធ្លីហ្នឹងអត់ចេញដែរ»។

ប្រភពដដែលបន្តថា ប្រជាសហគមន៍នេះបានបាត់បង់ផ្ទះ ដីស្រែ និងដីព្រៃធ្លាប់អាស្រ័យ​ផល​ ក្រោមការរំលោភយកពីក្រុ​មហ៊ុនតាំងពីឆ្នាំ២០០៨មក រហូតដល់បច្ចុប្បន្ន​ ពួកគេប្រមាណ៦០គ្រួ​​​​​​​​​​​​សារកំពុងបន្ត​ជាប់ក្នុងជម្លោះនេះនៅឡើយ ខណៈដីបឹងស​ហគមន៍ជាង៤៧ហិកតាដែលជាប្រភពធនធានត្រី ខ្ចៅខ្យង ផ្ដល់ដីដាំបន្លែបង្ការផ្សេងៗ ក៏កំ​ពុងរងការគំរាម​កំហែងជីកនិងចា​ក់​ដីលុប។ 

តំណាងប្រជាសហគមន៍ដែលធ្លាប់ជាប់ពន្ធនាគាររូបនេះ បន្តទៀត​ថា ពួកគេបានស្នើសុំអាជ្ញាធរពាក់ព័ន្ធដាក់បឹងក្នុងតំបន់អភិរក្ស និ​ងស្ដារនិងធ្វើទំនប់ទប់ទឹកស្តុកទុកប្រើប្រាស់ តែត្រូវមេភូមិឡពាង ភូមិសំរោង និងភូមិសូវង្សបដិសេធ ប៉ុន្តែចុងក្រោយ មេភូមិបែ​​រជាដើរប្រមូលស្នាមមេដៃពលរដ្ឋឱ្យគាំទ្រការស្ដារបឹង ដោយជ្រើសយកក្រុមហ៊ុនកូនលោក ថៃ ហ៊ី ជាម្ចាស់ក្រុមហ៊ុនដែលបា​នរំលោភយកដីពួកគេទៅវិញ។

លោកបន្តថា លោកមិនជំទាស់នឹងផែនការនេះទេ ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​គម្រោង​នោះឱ្យ​បាន​ច្បាស់​លាស់ និងត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាពីតម្លាភាព ចៀសវាងការចោទប្រកាន់ពីប្រជាពលរដ្ឋ។ 

លោក ស្ងួន ញឿន ថ្លែងថា៖ «កន្លែងសម្ដេច ស ខេង អីក៏ខ្ញុំចូលអស់ហើយ! ខេត្តក៏ខ្ញុំចូលអស់ដែរ មន្ទីរ ស្រុកអីហ្នឹងចូលអស់ហើយ ឃុំអីហ្នឹងខ្ញុំចូលអស់ហើយ គេចាំតែអ្នកទាំង៣ហ្នឹងស៊ីញ៉េទេ។ និយាយត្រង់ទៅ គេចាំតែមេភូមិទាំង៣ហ្នឹងស៊ីញ៉េទេ គឺ​រារាំងបឹងហ្នឹងស​ព្វថ្ងៃ គឺមកពីមេភូមិតែម្តង។ មេភូមិទាំង៣ហ្នឹងកំពុងតែគប់គិតគ្នាហើយ»

លោកបន្ថែមទៀតថា ប្រសិនបើអាជ្ញាធររដ្ឋាភិបាលបណ្ដោយឱ្យអាជ្ញាធរមូលដ្ឋានបន្តធ្វើបែបនេះចំពោះប្រជាពលរដ្ឋ ហើយមិនព្រ​មដោះស្រាយទៀតនោះ ពួកគេនឹងបាត់ការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយគណបក្សដឹកនាំរដ្ឋា​ភិបាលនឹងបា​ត់បង់សំឡេងឆ្នោត​។ 

ពលរដ្ឋរស់នៅភូមិសូវង្សមួយរូបដែលកំពុងជាប់បណ្ដឹង​នៅ​តុលាការ អ្នកស្រី ស៊ុំ ភន់ ថ្លែង​ថា អ្នកស្រីនឹង​ចូលរួមផ្ដិតមេដៃដាក់ពាក្យប​ណ្ដឹងស្នើឱ្យអភិបាលខេត្តថ្មីជួយផ្ដល់យុត្តិធម៌លើបញ្ហាវិវាទដីធ្លីជាមួយ​ក្រុមហ៊ុន KDC និងជួយរក្សាបឹងធម្មជាតិក្នុងសហគមន៍។

អ្នកស្រីថា គាត់កំពុងរងបណ្ដឹង​ព្រហ្មទណ្ឌ​ពីបទ «ប្រើប្រាស់ហិង្សាលើម្ចាស់កម្មសិទ្ធិអចលនទ្រព្យសុចរិត» បន្ទាប់​ពីអ្នក​ស្រីនិងបងប្អូនជីដូនមួយរបស់គាត់ប​ន្តធ្វើស្រែលើ​ដីទំហំកន្លះហិក​តាដែលក្រុមហ៊ុនសន្យាទិញក្នុងតម្លៃ១ម៉ឺនដុល្លារ មុនធ្វើរបងនៅឆ្នាំ២០១៣ ប៉ុន្តែក្រុមហ៊ុនបានក្រឡាស់សម្ដីវិញ។

អ្នកស្រីនិយាយថា៖ «គាត់[តុលាការ]សួរថា ដីអត់ទាន់ដោះស្រាយហើយ ម៉េចបានធ្វើស្រែលើដីនោះ គេអត់ឱ្យធ្វើទេ គាត់ថា! ខ្ញុំថា ខ្ញុំក្រអ៊ីចឹង បើអត់ឱ្យខ្ញុំធ្វើស្រែ ខ្ញុំបានស្រូវឯណាឱ្យកូនហូប ហើយក៏អត់ទាន់មានក្រដាសរក្សាការពារពីតុលាការដែរ ដីហ្នឹង ខ្ញុំថាអ៊ីចឹង»

អ្នកស្រីបន្ថែមថា អ្នកស្រីនិងអ្នកភូមិដទៃទៀតក៏កំពុងបារម្ភពីការបាត់បង់បឹងធម្មជាតិរបស់សហគមន៍ផងដែរ បន្ទាប់ពីអាជ្ញាធរ​ច​​ង់ប្រគល់ឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង ខណៈអ្នកស្រីតែងអាស្រ័យផលត្រី ខ្ចៅខ្យង និងបន្លែជាដើម នៅរដូវវស្សា ទោះ​​មិនមា​នដីស្រែឬដីចម្ការក្បែរបឹងក្ដី។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី​ លើកឡើងថា រដ្ឋបាលខេត្តនឹងទទួលយកសំណើរបស់ប្រជាសហគមន៍ ហើយនឹងចាត់ក្រុមការងារថ្នាក់ស្រុកដើម្បីពិនិត្យនិងដោះស្រាយ។ 

លោកថា៖ «បើគាត់ដាក់ទៅថ្នាក់ស្រុកក៏ល្អដែរ ព្រោះយើងបានចាត់ក្រុមការងារ៨ក្រុម ដូចខ្ញុំបានប្រាប់បងពីថ្ងៃមុនហ្នឹង ក្នុងការធ្វើកិច្ចការហ្នឹងឱ្យបាន។ អ៊ីចឹងប្រជាពលរដ្ឋអាចយកបណ្ដឹងតវ៉ាទៅដាក់នៅរដ្ឋបាលស្រុកកំពង់ត្រឡាចក៏បានដែរ»

ប្រធានភូមិឡពាង លោក ឌុច ប៊ុតហេង ច្រានចោលការលើកឡើងរបស់ពលរដ្ឋដែលចោទ​អាជ្ញាធរ​ថា​​គប់គិតគ្នា​លក់ដីបឹងទៅក្រុ​មហ៊ុនឯកជន។ លោកថា លោកមានទាំងឯកសារបញ្ជាក់ពីគម្រោងស្ដារ​បឹង​ទាំង​ជម្រៅ២ម៉ែត្រ​ និង​រយៈពេល៥ឆ្នាំក្នុង​​កុងត្រា​ ដែលអាជ្ញាធរអនុញ្ញាតឱ្យ​ក្រុម​ហ៊ុន​ស្ដារ បើសិន​​ពលរដ្ឋ​ចង់ពិនិត្យ។​

លោកថ្លែងថា៖ «អត់មានប៉ះពាល់ទេ បឹងដែលយើងបំព្រួញនៃការស្ដារនេះ យើងទុកគែមៗបឹង ទុកឱ្យប្រជាពលរដ្ឋអាស្រ័យផល បង្កើតកសិកម្ម ទាំងធ្វើស្រូវ ទាំងធ្វើបន្លែ ឱ្យគាត់បានអាស្រ័យផលរហូត។ យើង​គ្រាន់ជួយបំព្រួញតែប៉ុណ្ណឹង​ ហើយផ្ទៃបឹងវិញមិនមែន២៤ហិកតាទេ វាធំជាងហ្នឹងទៀត។ ប៉ុន្តែដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា ទាំង៣ភូមិ ឱ្យគាត់អាស្រ័យផលទៅ ផ្ទៃបឹងដែលមានប៉ុន្មានទុកឱ្យយកទឹកខួបប្រាំង ខួបវស្សា សត្វពាហនៈ និងបង្កបង្កើនផលផ្នែកកសិកម្មផង»

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ អភិបាលខេត្តកំពង់ឆ្នាំងបានចេញលិខិតសម្រេចបង្កើតក្រុមការ​ងារ​ដោះ​ស្រាយ​ទំ​នាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយមានអភិបាលរង​តាមស្រុកនីមួយៗ​ជាប្រធាន​​សម្រាប់ទទួលពាក្យបណ្ដឹង​ ពិនិត្យ និងរៀបចំវេទិកាជជែកដោះស្រាយជាមួយភាគីទំនាស់និងប្រជាពលរដ្ឋ ដោយយកលំនាំតាមអភិបាលខេត្តកំពតថ្មី លោក ម៉ៅ ធនិន តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងកាលពីដើមខែកក្កដា ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំងថ្មី លោក ស៊ុន វុណ្ណារិទ្ធិ ដោយណែនាំមន្ត្រីរបស់លោកត្រូវព្យាយាម​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ក្រោម​ស្មារតីទទួលខុសត្រូវ ដោយកុំទម្លា​ក់​កំហុស​ទៅក្រុម​ប្រឆាំង ដោយលោកថា បញ្ហានេះនឹងធ្វើប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ