ពលរដ្ឋ​ទិញ​ដី​ពី​ក្រុមហ៊ុន WCC នៅ​ខេត្ត​កំពង់ឆ្នាំង ស្នើ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​រឿង​ក្រុមហ៊ុន​លក់​ដី​ខ្យល់

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវមួយកន្លែង ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋមួយចំនួនប្រមូលផ្តុំគ្នានៅជិតវត្តសំរោង​អណ្ដែត រាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នារៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន WCC ដែលពួកគាត់អះអាងថាបានលក់ដីខ្យល់នៅស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ ឱ្យពួកគេ​​រាប់រយគ្រួសារ និងគេចវេះមិនព្រម​ដោះស្រាយ​ប្រគល់លុយឱ្យអ្នកទិញវិញ។

អ្នកស្រី យ៉ែម ណារិន ដែលអះអាងនៅថ្ងៃទី៤ ខែវិច្ឆិកា​នេះថា គាត់​ទិញដីពី​ក្រុម​ហ៊ុន WCC ចំនួន២៣​ឡូត៍ (​​ក្នុងមួយ​ឡូត៍ ក្បា​ល​៤ម៉ែត្រ​គុណនឹង​២០ម៉ែត្រ) ដែលមានតម្លៃសរុប២១ ៦០០ដុល្លារ កាល​ពី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ដោយបង់២ដំណាក់កាល រួមមាន ដំបូង​បង់​៨០% និងក្រោយមកត្រូវបង់២០% ដើម្បីទទួលយកប្លង់រឹងពីក្រុមហ៊ុន។

​អ្នកស្រីថា នៅពេលធ្វើកិច្ចសន្យាទិញ-លក់ គាត់បានបង់ប្រាក់៨០%​តាមការព្រមព្រៀងគ្នា និងទុក២០%ទៀតបង់ផ្ដាច់​នៅពេលទទួលបានប្លង់ពីក្រុមហ៊ុន ប៉ុន្តែ​​ក្រោយពេល​​បង់លុយ៨០%រួ​ច រហូតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ម្ចាស់ក្រុមហ៊ុន ឈ្មោះ ចាន់ សុគន្ធ បែរជាប្រាប់គាត់ថាមិនមានដីឱ្យគាត់ទៅវិញ។

អ្នកស្រីនិយាយថា៖ «ខ្ញុំទៅទិញ ដីគេកំពុងតែចាក់ តែអត់ទាន់បោះបង្គោលទេ! គេថា “ខ្ញុំលក់បោះដុំ” លក់១ឡូត៍​ ១ ០០០ដុល្លារ ដោយសារអត់ទាន់បោះបង្គោលទេ! បើបោះបង្គោល ដីហ្នឹងឡើង៣ ០០០ដុល្លារ ហើយនៅក្នុងប្រូ​ម៉ូសិន។ គេ​ទើប​​បើក​គម្រោងថ្មី គេប្រូ​ម៉ូសិន​ឱ្យ​យើង អ៊ីចឹង​យើងទិញ​ទៅ ហើយ​វាធូរថ្លៃដែរ! គេឱ្យបង់៨០%​ គេលក់ឱ្យថោក អ៊ីចឹង​យើងទិញទៅ ហើយគាត់បែរជាថាអត់មានដីឱ្យទេ ហើយខ្ញុំសុំលុយវិញក៏គាត់ថាអត់មានលុយឱ្យដែរ។ ខ្ញុំឮថា ម្ចាស់ក្រុមហ៊ុនគេថា ម្ចាស់ដីគេយកវិញហើយ ឱ្យលុយគេអត់គ្រប់»។

លោក ជុំ បញ្ញា ជាអ្នករត់ម៉ូតូកង់បី អះអាង​ថា គាត់​បាន​ទិញដីពីក្រុមហ៊ុន WCC ចំនួន៣ឡូត៍ ក្នុង១ឡូត៍ ក្បាល៥ម៉ែត្រ បណ្ដោយ២០ម៉ែត្រ ស្ថិតនៅភូមិតាងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបង់រម្លស់ចំនួន១ឆ្នាំ ហើយក្នុងមួយខែត្រូវបង់៣០០ដុល្លារ។ ប៉ុន្តែលោកបាន​ផ្អាកបង់លុយឱ្យក្រុមហ៊ុនប្រហែល​៣ទៅ៤ខែចុងក្រោយនេះ ដោយសារតែលោកទទួលព័ត៌មានថា ម្ចាស់ក្រុមហ៊ុនលក់ដីខ្យល់ឱ្យពួកគាត់។

លោកបន្តថា ពួកគេនាំគ្នាជួបជុំនៅថ្ងៃនេះ ដើម្បីប្រមូលឯកសារទិញ-លក់ និងឯកសារពាក់ព័ន្ធផ្សេងទៀត ត្រៀមដាក់​ពាក្យប្ដឹងទៅតុលាការឱ្យចាត់វិធានការផ្លូវ​ច្បាប់លើម្ចាស់ក្រុមហ៊ុន​នេះ។

លោកនិយាយថា៖ «គាត់គេចវេះរហូត ពួកខ្ញុំអត់មានទំនុកចិត្តលើគាត់ទៀតទេ។ លេសថ្ងៃនេះ ថ្ងៃនោះ ​​ពេលដែលគាត់ណាត់ខ្ញុំជួប អត់ជួបពួកខ្ញុំ! ហើយពេលដែលពួកខ្ញុំតេទៅគាត់ គាត់អត់លើកទៀត ដោយសារតែគាត់អត់មានខលប្រាប់ពួកយើងថាឥលូវគាត់រវល់ ហើយឱ្យយើងទៅជួបទទេ អត់មានបានជួបគាត់។ អ៊ីចឹងជម្រើសចុងក្រោយ ពួកខ្ញុំនាំគ្នាប្ដឹងទៅតុលាការ ហើយឱ្យខាងច្បាប់គាត់ដោះស្រាយវិញ»។

អ្នកស្រី ស្រេង ឡៃហ័ន ដែលអះអាងថា ទិញដីឡូត៍ខ្យល់ពីក្រុមហ៊ុន WCC ស្ថិតនៅភូមិតាងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ក្នុង​​តម្លៃ៣ ៦០០ដុល្លារ បាន​និយាយថា ក្រោយពីគាត់​​បង់ផ្ដាច់​ភ្លាម ក្រុមហ៊ុនបាន​សន្យាថានឹង​ចេញប្លង់ជូនគាត់ក្នុងរយៈពេល៤ទៅ៦ខែខាងមុខ​ ប៉ុន្តែគិត​មកដល់ពេលនេះមាន​រយៈពេលជាង១ឆ្នាំហើយ​​ ក្រុមហ៊ុន​មិនចេញ​ប្លង់រឹងឱ្យតាមកិច្ចសន្យាទិញលក់នោះទេ  ហើយថែមទាំងគេចវេះដោះស្រាយ​ទៀត​។

ករណីនេះ អ្ន​កស្រីស្នើទៅរដ្ឋាភិបាលនិងមេធាវីការពារក្ដីជូនជនក្រីក្រ ជួយរកយុត្តិធម៌ជូនពួកគេផង។

អ្នកស្រីស្នើដូច្នេះថា៖ «ទាមទារ ទី១ យើងទាមទារ គឺលុយដែលយើងទិញ ១គុណនឹង៣ ត្រលប់មកវិញ ព្រោះខ្ញុំទិញរយៈពេល១ឆ្នាំជាងហើយ។ ពួកខ្ញុំនឹងរកមេធាវី ខ្ញុំរកមេធាវីជួយជនក្រីក្ររបស់សម្ដេចពុក ដើម្បីជួយទាមទាររកយុត្តិធម៌»។

វីអូឌី មិនអាចសុំការបំភ្លឺពីលោក ចាន់​ សុគន្ធ ម្ចាស់ក្រុមហ៊ុន WCC ​បានទេ នៅថ្ងៃនេះ ដោយទូរសព្ទចូលជាច្រើនដង ត្រូវបានចុចផ្ដាច់ទៅវិញ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនឹងការទិញលក់-ដីខ្យល់នេះ ដាក់លិខិត​​​ទៅ​ខេត្ត ដើម្បីលោក​ចាត់មន្ត្រីជំនាញចុះដោះស្រាយបញ្ហាទាំងនោះជូនប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «ឥលូវខ្ញុំកំពុងធ្វើយុទ្ធនាការដោះស្រាយទំនាស់ជូនរាស្ត្រ ឬបងប្អូនប្រជាពលរដ្ឋ។ ឥលូវបើមានសំណុំរឿងដាក់មកភ្លាមមក ហើយសរសេរលិខិតផ្ញើជូនមកអភិបាលខេត្ត ដើម្បីឱ្យជួយដោះស្រាយស្អីមក ហើយភ្ជាប់ជាមួយឯកសារឧបសម្ព័ន្ធមក ​ខ្ញុំឱ្យអភិបាលខេត្តរងទទួល​បន្ទុកដោះស្រាយតាមក្រុងស្រុក»។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សូផាត ជំរុញទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវកោះហៅភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋដែលទិញដីខ្យល់ មកសួរនាំជុំវិញករណីនេះ។

លោកបន្ត​ថា៖ «ទី១ ត្រូវប្រើយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទាក់ទងនឹងគណៈកម្មការសុរិយោដី ស្រុក ខេត្ត មកអាជ្ញាធរជាតិទំនាស់ដីធ្លីអីអ៊ីចឹង​ទៅ។ បើសិនជាដោះស្រាយមិនចេញទេ ស្ថាប័នដែលពាក់ព័ន្ធមានសិទ្ធិកោះហៅក្រុមហ៊ុនទៅធ្វើការសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធ។ បើសិនជាមានបញ្ហាមិនប្រក្រតី ហើយបញ្ហាហ្នឹងវាកើតឡើងពិតប្រាកដមែន គឺគាត់មានសិទ្ធិចេញដីកាក្នុងការផ្អាកនូវអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹង ដើម្បីរង់ចាំដោះស្រាយជូនប្រជាពលរដ្ឋរួចហើយសិន»។

មន្ត្រីសង្គមស៊ីវិលរូបនោះក៏បាន​អំពាវនាវដល់​ប្រជាពលរដ្ឋដែលទិញដីបង់រម្លស់ ត្រូវប្រុងប្រយ័ត្ននិងសិក្សាឱ្យ​បាន​​គ្រប់ជ្រុងជ្រោយ ចៀសវាងជួបបញ្ហាប្រឈមនិងទិញចំក្រុមហ៊ុនលក់ដីខ្យល់​ជាដើម។

ពលរដ្ឋរងគ្រោះបញ្ជាក់ថា ដីដែលពួកគេទិញ ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុន WCC គ្រោងពុះជាឡូត៍សម្រាប់លក់សរុប១៤០ឡូត៍។

ចំណែកដីស្ថិតនៅភូមិតាងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលក្រុមហ៊ុន WCC គ្រោងពុះឡូត៍លក់នោះមានចំនួន១០០ឡូត៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ