អ្នក​តវ៉ា​មុខ​ស្ថានទូត​ចិន​ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​និង​ដោះលែង​​ពួកគេ​ឱ្យ​មាន​សេរី​ភាព​វិញ

អាជ្ញាធររារាំងនិងឃាត់ខ្លួនអ្នកតវ៉ានៅមុខស្ថានទូតចិន ក្នុងថ្ងៃខួប២៩ឆ្នាំនៃសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

​អ្នកតវ៉ានៅមុខស្ថានទូតចិន បាន​ស្នើ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​ពួកគេ​ឱ្យមាន​សេរីភាព​វិញ ដោយ​ថា​ការ​យក​ញត្តិ​ទៅ​ដាក់​​នៅ​ស្ថាន​ទូត​មួយ​នេះ​​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែតុលា​ ឆ្នាំ២០២០​ គ្មាន​ចេតនា​បង្ក​ផល​ប៉ះពាល់​ដល់សង្គម​ឡើយ។

ការស្នើនេះ ធ្វើឡើងអំឡុងពេល​សាលាឧទ្ធរណ៍បើកសវនាការបណ្ដឹងសា​ទុក្ខរបស់អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន ​និងអតីត​មន្ត្រីបក្សសង្រ្គោះជាតិចំនួន៩នាក់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១  ក្រោយពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ​ចន្លោះ​ពី​១២​ខែ​ដល់​​២០​​ខែ។

ឈរនៅក្នុងរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ទឹកប៊ិច អ្នកស្រី យ៉យ ស្រីមុំ ដែលជាអ្នកតវ៉ាម្នាក់ ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀត បានប្រាប់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍លោក ប្លង់ សំណាង ថា ពួកគាត់ទាំងអស់គ្នាគ្រាន់តែទៅដាក់ញត្តិ មិនបានបង្កបញ្ហា និងផលប៉ះពាល់ដល់សង្គមអ្វីឡើយ។ លើសពីនេះ ការទៅដាក់ញត្តិរបស់ពួកគាត់ពេលនោះក៏មិនខុសច្បាប់អ្វីដែរ ប៉ុន្តែអាជ្ញាធរបែរជាមកចាប់ខ្លួនពួកគាត់ដោយចោទប្រកាន់ធ្ងន់ធ្ងរទៅវិញ។

យ៉ាងណា ការលើកឡើងនេះ ត្រូវបានប្រធានប្រឹក្សាជំនុំជម្រះលោក ប្លង់ សំណាង ថា មូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនអ្នកតវ៉ាពេលនោះ អាចបណ្ដាលមកពីសកម្មភាពដាក់ញត្តិរបស់ពួកគាត់មិនបានសុំច្បាប់ពីអាជ្ញាធរ។ ដូច្នេះលោកថា អាជ្ញាធរអនុវត្តទៅតាមច្បាប់។

ទោះបីជាយ៉ាងនេះក្តី អ្នកស្រី យ៉យ ស្រីមុំ បន្តថា កន្លងមក ទោះបីជាសុំច្បាប់ក៏អាជ្ញាធរចាប់ខ្លួនដែរ  ណាមួយការដាក់គញត្តិរបស់ពួកគាត់មិនមានគ្នាច្រើនទេ។ មួយទៀត ពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងនាមជាប្រជាពលរដ្ឋ និងជាម្ចាស់ឆ្នោតតែប៉ុណ្ណោះ។

អ្នកស្រីថា៖«ខ្ញុំបានទៅដាក់ញត្តិទៅស្ថានទូតចិន មិនបានសុំច្បាប់ទេ សុំច្បាប់ក៏ចាប់ដែរ ។ ពួកខ្ញុំប្រើប្រាស់ សិទ្ធិក្នុង នាមជាប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ដើម្បីតវ៉ា និងទាមទារឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះ»។

ក្រៅពីអ្នកស្រី យ៉យ ស្រីមុំ  អ្នកតវ៉ាម្នាក់ទៀត គឺលោក តុន និមល ក៏បានលើកឡើងដែរថា  មូលហេតុដែលពួកគាត់ប្ដឹងសាទុក្ខ ដោយយល់ថា ការកាត់ដាក់ទោសពួកគាត់ជារឿងអយុត្តិធម៌។ លោកបន្តថា ពួកគាត់គ្រាន់តែទៅយកញត្តិទៅ​​ដាក់នៅស្ថានទូតចិន​ សុំ​​​ឱ្យ​ប្រទេស​ហត្ថលេខីមួយនេះគោរព​និង​​អនុវត្ត​តាម​​កិច្ចព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ត្រឹមត្រូវតែប៉ុណ្ណោះ ដោយមិនបានបង្កហិង្សាអ្វីឡើយ។

លោថា៖«ពួកខ្ញុំគ្រាន់តែហែរញត្តិទៅដាក់នៅស្ថានទូតចិន ដោយស្ងៀមស្ងាត់ ហេតុអីមកចាប់ពួកខ្ញុំដាក់ពន្ធនាគារ អស់រយៈពេលជាង ១ ឆ្នាំហើយ។ បើពួកខ្ញុំធ្វើខុសអីអាជ្ញាធរគួរតែអប់រំ និងណែនាំពួកខ្ញុំ មិនមែនមកចាប់ពួកខ្ញុំអ៊ីចឹងទេ វាអយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់»។

ចំណែកអ្នកស្រី លឹម សាន ដែលជាអ្នកតវ៉ាដែរ បានលើរៀបរាប់ថា ពួកគាត់មិនបានបង្កបញ្ហា ដល់សង្គមជាតិឡើយ ផ្ទុយទៅវិញមានតែអាជ្ញាធរទេ ដែលបង្កហិង្សាលើពួកគាត់ទាំងអស់គ្នាពេលនោះ។​

ប៉ុន្តែ ប្រធានក្រុមប្រឹក្សាលោក ប្លង់ សំណាង​ បានឆ្លើយតបទៅកាន់ក្រុមអ្នកតវ៉ាថា បើសិនជាពួកគាត់ទៅដាក់ញ្ញត្តិគួរតែទៅម្នាក់បានហើយ ដោយមិនចាំបាច់ទៅគ្នា១០នាក់ទេ ។ លោកថា ការដាក់ញត្តិ ឬការតវ៉ា មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សង្គម និងសិទ្ធិអ្នកដទៃឡើយ។

យ៉ាងនេះក្តី ក៏ក្រុមអ្នកតវ៉ានៅតែចាក់ទុកការដាក់ញត្តិរបស់ពួកគេមិនបានបង្កផលប៉ះពាល់ ឬមានចេតទុច្ចរិក ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញឡើយ។ ពួកគេនៅតែស្នើទៅប្រធានក្រុមប្រឹក្សាសាលា ឧទ្ធរណ៍ ឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយ និងដោះលែងពួកគេទាំងអស់គ្នាឱ្យមានសេរីភាពបានជួបជុំគ្រួសារឡើងវិញ។

ក្រោយពីសំណូមរួច មេធាវីការពារក្ដីឱ្យអ្នកតវ៉ានិងអតីតបក្សប្រឆាំងទាំង ៩ នាក់ គឺលោក សំ សុគង់ បានស្នើទៅប្រធានក្រុមប្រឹក្សាលោក ប្លង់ សំណាង ឱ្យបន្តសវនាការនៅពេលក្រោយទៀត ដោយសារ ពេលវេលាសវនាការនៅថ្ងៃទី៣ ខែវិច្ឆិកាមានរយៈពេលខ្លី ខណៈលោកមិនទាន់សួរកូនក្ដីផង ប៉ុន្តែអស់ពេលវេលាទៅ។

លោកថា៖«ស្នើទៅលោកប្រធានសវនាការលើកក្រោយគឺសវនាការមុនគេកុំដាក់ចុងម៉ោងដូចពេលនេះ »។

ក្រោយពី​ស្នើសុំនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ប្លង់ សំណាង​ បានសម្រេចបន្តសវនាការនៅថ្ងៃក្រោយ ប៉ុន្តែមិនបានកំណត់ពេលវេលាជាក់លាក់ទេ។

លោកថា៖«ខ្ញុំបន្តតាមការស្នើរបស់លោកមេធាវី ហើយសម្រាប់ពេលវេលាហ្នឹង ជូនដំណឹងនៅពេលក្រោយ» ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា ជាទូទៅទោះបីក្នុងបរិបទកូវីដ-១៩ ក្ដី ក៏អាជ្ញាធរមិនបានអនុវត្តទៅតាមវិធានសុខាភិបាលឡើយ។ ជាក់ស្ដែងលោកស្រីថា នៅពេលដែលមានការជួបជុំម្ដងៗរបស់ស្រ្តីជាពិសេស ស្ត្រីថ្ងៃសុក្រជាដើម អាជ្ញាធរ​តែងតែទៅរុញច្រានពួកគាត់ ដោយមិនបានអនុលោមតាមការណែនាំរបស់ក្រសួងសុខាភិ​​បាលទេ។  

លោកស្រីចាត់ទុកការ​ចោទប្រកាន់ ទៅលើប្រជាពលរដ្ឋដែល​ជួបជុំគ្នាដោយសន្តិវិធីនេះ ថាជាការ​គំរាមកំហែង និងរឹតត្បិត​ដល់សិទ្ធិប្រជាពលរដ្ឋ​។

លោកស្រីថា៖«កន្លងមកតែងតែមានការរិតបន្តឹង ឬការបង្ក្រាបរាល់ការជួបជុំសហគមន៍ហ្នឹង ​​​ទាំងអស់នេះ គួរតែពិនិត្យឡើងវិញ ​ហើយការចោទប្រកាន់កន្លងមក ចំពោះសកម្មជនឬ សហគមន៍ ​ដែលធ្វើការទាមទារតាមរយៈការជួបជុំដោយសន្តិវិធី​នេះ មិនគួរក្លាយជាបទល្មើសនោះទេ។ អាជ្ញាធរលោកគួរតែបង្កបរិយាកាស​អំណោយផលសម្រាប់ប្រជាពលរដ្ឋ​​​អាចធ្វើការជួបជុំឬក៏​សំខាន់បំផុតបើសិនជាក្នុងលក្ខខណ្ឌដែលមិនអាចឱ្យពលរដ្ឋជួបជុំ ដោយសារ ហេតុផល​​ចាំបាច់​ ដូចជាបញ្ហាសុខភាពជាដើម ។ អ៊ីចឹងអាជ្ញាធរគួរតែយកយន្តកាលក្នុងការ​ស្ដាប់កង្វល់ពលរដ្ឋ គួរតែលើកទឹកចិត្តឱ្យពលរដ្ឋ ធ្វើការ​​​​លើកនូវសំណូមនានា ហើយព្យាយាមដោះស្រាយសំណូមពរនានា ជាជាងទៅបង្ក្រាប​ទៅដល់ពលរដ្ឋ»។

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី  អ៊ុក រ៉េតគន្ធា បានសម្រេចផ្ដន្ទាទោស​អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​និងអតីត​មន្ត្រីបក្សប្រឆាំងចំនួន៩នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី១២ខែដល់២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន២​លានរៀលចូលរដ្ឋ  ក្រោមបទចោទប្រកាន់«ញុះញង់ និង​ផ្ដើម​គំនិត​ញុះ​ញង់»។

 អ្នកតវ៉ានិងអតីត​មន្ត្រីបក្សប្រឆាំង​ទាំង៩នាក់នោះ រួមមាន​ លោក តុន និមល អ្នកស្រី លឹម សាន និងអ្នកស្រី យ៉យ ស្រីមុំ ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ខណៈអ្នកស្រី ប៉ៃ រ៉ន អ្នកស្រី សាត ផា និងអ្នកស្រី សាន់ ស្រីនាថ ត្រូវបានផ្តន្ទាទោសឱ្យ​ជាប់​​ពន្ធនាគារ១​ឆ្នាំពីបទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ចំណែកអតីត​​សមា​​ជិកព្រឹទ្ធសភា និងជាមន្ត្រីជាន់ខ្ពស់​អតីតគណបក្សសង្រ្គោះជាតិ លោក ហូរ វ៉ាន់ និងលោក សាន សីហៈ ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨​ខែ និងចេញដីកាឱ្យចាប់ខ្លួន។ រីឯ​អ្នកស្រី ហុង អាន ជា​សកម្មជន​គាំទ្រ​អតីត​​គណ​​បក្ស​​សង្រ្គោះ​​​ជាតិ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១​ឆ្នាំកន្លះ ដោយអ្នកទាំង៣នាក់ត្រូវបានចោទប្រកាន់ពីបទ «អ្នកផ្តើមគំនិតក្នុងអំពើញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម»៕

​

​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ