តុលាការ​ដោះលែង​សកម្មជន​សង្គម​និង​នយោបាយ​៥នាក់​នៅថ្ងៃនេះ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព​)

តុលាការបានដោះលែងសកម្មជនសង្គម និងសមាជិកអតីតគណបក្សប្រឆាំង ៥នាក់ នៅថ្ងៃសុក្រ​នេះ បន្ទាប់ពីពួកគេបានអនុវត្តទោសក្នុងពន្ធនាគារប្រមាណជាង១ឆ្នាំរួចមក។

យោងតាមប្រភពពីសាច់ញាតិ​របស់ពួកគេបានឱ្យដឹងថា សកម្មជនដែលត្រូវតុលាការ​សម្រេច​ដោះលែងឱ្យមានសេរីភាពវិញនោះ រួមមាន សកម្មជន​សង្គមនិងបរិស្ថាន​ លោក​ កើត សារ៉ាយ លោក ថា ឡាវី លោក មាន ព្រហ្មមុន្នី រួមទាំងសមាជិកអតីតបក្សប្រឆាំងពីរនាក់ គឺ​លោក ជុំ ពុទ្ធី និងលោក ឈួរ ផេង។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា បានកាត់ទោសសកម្មជន​សង្គម​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ចំនួន៧នាក់ រួមមាន កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក មាន ព្រហ្ម​មុន្នី, ព្រះតេជព្រះគុណ កើត សារ៉ាយ, លោក ថា ឡាវី, លោក មួង សុភ័ក្រ, និង​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន៣នាក់ រួមមាន ​លោក ជុំ ពុទ្ធី, លោក ឈួរ ផេង និង​លោក គង់ សំអាន ឱ្យ​ជាប់​ពន្ធនាគារម្នាក់ៗ​ចំនួន២០ខែ និង​ពិន័យជា​ប្រាក់​ម្នាក់​ៗចំនួន២ លានរៀល (២ ០០០ ០០០ រៀល) ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប៉ុន្តែក្នុងនោះ អនុវត្តទោសជាប់ពន្ធនាគារ១៤ខែ ចំណែកទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងរយៈពេល២ឆ្នាំ។ លើកលែងតែកញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក ជុំ ពុទ្ធី និង​លោក ឈួរ ផេង ត្រូវអនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ចំនួន១៥ខែ។

យ៉ាងណាក្ដី បើគិតពីរយៈពេលនៃការជាប់ឃុំ ពួកគេនឹងត្រូវដោះលែងជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា ឬ​ដើមខែធ្នូ ខាងមុខនេះ។

ដោយឡែក ចៅក្រមសាលាឧទ្ធរណ៍នៅថ្ងៃនេះ ក៏​បានកាត់តម្រឹមទោសឱ្យ «សកម្មជនមាតាធម្មជាតិ» ៣នាក់ រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ជាប់ពន្ធនាគារ១ឆ្នាំ២ខែ ខណៈទោសដែលនៅសល់នឹងត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

បើតាមប្រភពពីសាច់ញាតិរបស់សកម្មជនមាតាធម្មជាតិ ឱ្យដឹង​ថា បើគិតពីថ្ងៃចាប់ខ្លួនមកទល់​នឹងថ្ងៃនេះ ពួកគេនឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃសុក្រនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ