ប្រតិភូ​សភាអឺរ៉ុប ប្រាប់​ទៅ​កោះ​តៃវ៉ាន់​ថា​ពួកគេ​មិន​ឯកា​នោះ​ទេ

សមាជិកសភាអឺរ៉ុបដែលដឹកនាំក្រុម​ប្រតិភូ លោក រ៉ាហ្វាអ៊ែល ក្លាក់ស៍មែន (Raphael Glucksmann) និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ក្នុងកិច្ចប្រជុំពិភាក្សាមួយនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

គណៈប្រតិភូផ្លូវការដំបូងរបស់សភាអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែប្រាប់កោះតៃវ៉ាន់ថា ពួកគេមិន​ឯកោនោះ​ទេ ហើយ​ក៏បានអំពាវនាវឱ្យមានសកម្មភាពរឹងមាំនានាបន្ថែមទៀត ដើម្បីពង្រឹងទំនាក់​ទំនងរវាងសហភាពអឺរ៉ុបនិងតៃវ៉ាន់ ខណៈដែលដែនកោះមួយនេះ បច្ចុប្បន្នកំពុងតែប្រឈមនឹងការដាក់សម្ពាធពីប្រទេសចិន។

តៃវ៉ាន់ ដែលមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយបណ្ដាប្រទេសអឺរ៉ុបណាមួយ ក៏បានបង្ហាញពីគោល​បំណងក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយសមាជិកនៃសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ។

ដំណើរ​ទស្សនកិច្ច​របស់ប្រតិភូសភាអឺរ៉ុបទៅ​កាន់កោះតៃវ៉ាន់នេះ ក៏ត្រូវបាន​ធ្វើ​ឡើងស្របពេលដែល​ចិនកំពុងតែ​បង្កើនសម្ពាធយោធាមួយចំនួន ដូចជា ​សកម្មភាពពីសំណាក់កងទ័ពអាកាសរបស់ចិន​ម្តងហើយម្តងទៀតនៅក្នុងដែនអាកាសតៃវ៉ាន់ផងដែរ។

ទាក់ទិននឹងករណីនេះ សមាជិកសភាអឺរ៉ុបដែលដឹកនាំក្រុម​ប្រតិភូ លោក រ៉ាហ្វាអ៊ែល ក្លាក់ស៍មែន (Raphael Glucksmann) បានថ្លែងទៅកាន់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) នៅក្នុងកិច្ច​ប្រជុំមួយដែលត្រូវបាន​ផ្សាយ​ផ្ទាល់​តាមបណ្ដាញសង្គម​ហ្វេស​ប៊ុកថា៖ «យើងមកកាន់ទីនេះជាមួយនឹងសារដ៏សាមញ្ញនិងច្បាស់លាស់មួយ “អ្នកមិនមែននៅតែម្នាក់ឯងនោះទេ អឺរ៉ុបកំពុងតែនៅជាមួយអ្នក”»។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីសមាជិកសភារូបនេះបន្តថា៖ «ដំណើរទស្សនកិច្ចរបស់យើងគួរតែត្រូវបានចាត់ទុកថាជាជំហានដំបូងដ៏សំខាន់មួយ។ នៅពេលបន្ទាប់ទៀត យើងត្រូវការរបៀបវារៈនៃកិច្ចប្រជុំកម្រិតខ្ពស់ជាក់លាក់ និងជំហានរួមគ្នាមួយ ដើម្បីកសាងភាពជាដៃគូរវាងសហភាពអឺរ៉ុប និងតៃវ៉ាន់ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។

ជាការឆ្លើយតប លោកស្រី សៃ អ៊ីងវេន បានឱ្យដឹងថា៖ «យើងជឿជាក់ថា តៃវ៉ាន់ និងសហភាពអឺរ៉ុប ពិតជាអាចបន្តពង្រឹងភាពជាដៃគូរបស់យើងនៅក្នុងគ្រប់វិស័យទាំងអស់»។

គួរបញ្ជាក់ថា ប្រទេសចិននៅតែបន្តអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបាននិងកំពុងបង្កើន​សម្ពាធកាន់តែខ្លាំងឡើងលើដែនកោះមួយនេះ ខណៈដែលសកម្មភាពរបស់ចិននេះក៏ត្រូវបាន​ថ្កោលទោសដោយអន្តរជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ