ក្រសួងព័ត៌មាន បានហៅម្ចាស់សារព័ត៌មានអនឡាញមួយ ទៅសួរនាំនៅដើមសប្តាហ៍ក្រោយនេះ បន្ទាប់ពីសារព័ត៌មាននោះ បានចុះផ្សាយជាបន្តបន្ទាប់ អំពី រឿងពុករលួយរបស់មន្ត្រីយោធាការពារព្រំដែនខេត្តព្រះវិហារ ដែលរងការចោទថាបានយកដីយោធិនលក់ និងបាត់ឈ្មោះយោធិនជាង ៧០នាក់ ពីក្របខណ្ឌ។
ក្នុងលិខិតមួយចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងព័ត៌មាន បានកោះហៅចាងហ្វាងសារព័ត៌មាន CHR TV Online និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធ ដើម្បីជួបពិភាក្សាពាក់ព័ន្ធការអនុវត្តតួនាទីរបស់សមត្ថកិច្ចលើអ្នកសារព័ត៌មាន។
ក្នុងលិខិតបានលើកឡើងថា សារព័ត៌មាន CHR TV Online បានចុះផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទនៅយោធភូមិភាគ៤ ស្ថិតក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ។
ក្រសួងព័ត៌មាន បានឱ្យចាងហ្វាងសារព័ត៌មាន CHR TV Online និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធ ចូលខ្លួនដោះស្រាយ និងបញ្ជាក់ឱ្យបានច្បាស់អំពីការអនុវត្តតួនាទីភារៈកិច្ច រួមទាំងវិជ្ជាជីវៈរបស់ខ្លួន នៅទីស្តីការក្រសួង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បញ្ជាក់បន្ថែមលើលិខិតថា ក្រសួងកោះហៅចាងហ្វាងនិងអ្នកសារព័ត៌មាន CHR TV Online មកសួរនាំ ដោយសារសារព័ត៌មាននេះ បានចុះផ្សាយដោយចោទប្រកាន់ថ្នាក់ដឹកនាំ និងកងកម្លាំងថា បានគប់គិតគ្នាប្រព្រឹត្តិអំពើពុករលួយ។ លោកបន្តថា ក្រោយការចុះផ្សាយនេះ សមត្ថកិច្ចពាក់ព័ន្ធបានដាក់បណ្តឹងទៅក្រសួងព័ត៌មាន ទើបក្រសួងចេញលិខិតអញ្ជើញអ្នកសារព័ត៌មានទាំងនោះ មកសួរនាំពីដំណើររឿង។
លោកបន្ថែមថា៖ «អីចឹងក្រសួងមានតែការអញ្ជើញគាត់មកបំភ្លឺ ថាតើព័ត៌មានដែលគាត់ចុះនោះ វាយ៉ាងម៉េច ព្រោះឃើញមានទម្រង់ជាសេរីតែម្តង ដោយគាត់ថា អ្នកហ្នឹងខុសអីចឹងៗគ្រប់សព្វទាំងអស់ ហើយដូចអត់លឺសំឡេងខាងកងកម្លាំងដែលរងផលប៉ះពាល់ វាអត់តុល្យភាពគ្នា។ ចាំមើលគាត់ ថាតើគាត់ឆ្លើយជាមួយយើងយ៉ាងម៉េច។ ហេតុអីបានជាសរសេរព័ត៌មានទៅជាទម្រង់អីចឹងវិញ ហើយមានការតវ៉ាពីគេវិញអីចឹង»។
ព័ត៌មាន CHR TV Online បានផ្សាយជាបន្តបន្ទាប់រហូតដល់វគ្គទី១៣ ពាក់ព័ន្ធមន្ត្រីថ្នាក់ធំមួយចំនួននៅក្នុងកងឯកភាពវរ:សេនាតូចលេខ២ ការពារព្រំដែនលេខ៤០៥ ចំណុចតំបន់សឹករងខេត្តព្រះវិហារ នៅភូមិ អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថាបានគប់គិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំក្លែងឯកសាររដ្ឋបាលបំភ័ន្តភ្នែកថ្នាក់ដឹកនាំ ដោយបានលួចលក់ដីធ្លីរបស់យោធិន ៣៤គ្រួសារ និងបានធ្វើឱ្យបាត់ឈ្មោះយោធិន ៧១នាក់ ពីក្របខណ្ឌថែមទៀត។
អគ្គនាយកសារព័ត៌មាន CHRTV Online លោក សួស ចំរើន ចាត់ទុកករណីក្រសួងព័ត៌មាន កោះហៅលោកទៅសួរនាំនេះ ថាជាការបំភិតបំភ័យ និងបំបាក់ស្មារតីអ្នកសារព័ត៌មាន ដែលហ៊ានផ្សាយការពិត។ លោកថា លោកនឹងចូលទៅជួយជាមួយមន្ត្រីក្រសួងព័ត៌មាន តាមការកំណត់។
អគ្គនាយកសារព័ត៌មានរូបនេះ បានលើកឡើងថា អ្វីដែលសារព័ត៌មានរបស់លោកផ្សព្វផ្សាយនោះ គឺមិនមានចេតនាធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ឬកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំក្រសួងការពារជាតិនោះទេ។ លោកថា អ្វីដែលសារព័ត៌មានរបស់លោកផ្សាយនោះ ជារឿងពិត និងចង់ជួយដល់យោធិនដែលរងផលប៉ះពាល់ប៉ុណ្ណោះ ហើយការផ្សាយនោះ ក៏មានការស្នើសុំពីយោធិនទាំងនោះទៀតផង។
លោកបន្ថែមថា៖ «ក្នុងនាមគាត់ជាឪពុកម្តាយ ក្នុងនាមយើងជាអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវយើងត្រូវតែទៅតាមការណាត់។ ខ្ញុំបានត្រៀមឯកសាររួចរាល់ហើយ ដើម្បីឆ្លើយបំភ្លឺករណីនេះ។ បុគ្គលដែលគាត់គិតថា ខ្ញុំផ្សព្វផ្សាយព័ត៌មានមិនពិត សុំឱ្យប្តឹងខ្ញុំទៅតុលាការ ខ្ញុំនឹងបង្ហាញវត្ថុតាងជាច្រើនដល់គាត់នៅមុខតុលាការតែម្តង។ ចំពោះក្រសួងព័ត៌មាន ដែលគាត់អញ្ជើញយើងទៅនេះ យើងនឹងឆ្លើយបំភ្លឺទៅតាមឯកសារដែលយើងមានដល់គាត់»។
យ៉ាងណា អគ្គនាយកសារព័ត៌មានរូបនេះ នៅតែបង្ហាញការព្រួយបារម្ភពីសុវត្ថិភាព និងដំណើរការផ្សាយរបស់អង្គភាពខ្លួន ប្រសិនកោះហៅនោះមានចេតនាគំរាមកំហែងចំពោះការផ្សាយព័ត៌មានពិត។
លោក ផែ ភួន ដែលអះអាងថា ជាអតីតយោធិន និងបានចូលធ្វើទាហានតាំងពីឆ្នាំ១៩៨០ បាននិយាយថា កន្លងមក ប្រមុខរដ្ឋាភិបាលសម្រេចផ្តល់ដីជាច្រើនហិកតា ជូនដល់គ្រួសារកងទ័ពចំនួន ២៥០គ្រួសារ នៅវរ:សេនាតូចលេខ២ ការពារព្រំដែន និងប្រជាពលរដ្ឋ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមួយគ្រួសារទទួលបានដីប្រហែល៤ហិកតា។
អតីតយោធិនរូបនេះ អះអាងទៀតថា ក្នុងចំណោមគ្រួសារកងទ័ព ២៥០គ្រួសារនោះ គឺមាន ៣៤គ្រួសារមិនទទួលបានចំណែកដីឡើយ។ លោកបន្តថា កាលឆ្នាំ២០១៦ មេបញ្ជាការកងទ័ពនៅវរ:សេនាតូចលេខ២ លោក រាម ខេន មិនឱ្យពួកគាត់ទាំង ៣៤គ្រួសារនោះ ចូលឈូសឆាយ ដើម្បីបង្ករបង្កើនផលឡើយ។
លោក ផែ ភួន បន្តថា រូបលោកត្រូវបានគេកាត់ចេញពីកងទ័ពកាលពីឆ្នាំ២០១៩ ក្រោយពីលោកបានដឹកនាំគ្រួសារកងទ័ព តវ៉ាយកដីធ្លី ដែលជាចំណែករបស់ខ្លួនមកវិញ។
លោកបន្ថែមថា៖ «វាពិតជាអយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់ ដែលខំតស៊ូពលីជីវិតដើម្បីជាតិ ហើយដីនោះសម្តេចបានកាត់ឱ្យខ្ញុំដែលជាគុណបំណាច់មួយសម្រាប់ខ្ញុំ។ ហើយការផ្សាយរបស់សារព័ត៌មាន វាជាការពិត បើខ្ញុំជាជនរងគ្រោះម្នាក់ដែរ ខ្ញុំឆ្លើយថា មិនពិតយ៉ាងម៉េច។ បើថាមិនពិត ខ្ញុំនាំទៅកន្លែងពិត»។
វីអូឌី មិនអាចរកការឆ្លើយតបពី លោក រាម ខេន ដែលរងការចោទប្រកាន់នេះបានទេនៅថ្ងៃសុក្រនេះ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា ក្រសួងគួរពិនិត្យមើលលើការផ្សាយរបស់សារព័ត៌មាននោះ ថាតើផ្សាយនោះមានប្រភព និងអំណះអំណាងច្បាស់លាស់ ឬមានប្រភពគ្រប់គ្រាន់ទេ ជាជាងការលើកឡើងថា ការផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់កងទ័ព ឬថ្នាក់ដឹកនាំ។
លោកបន្តថា ប្រសិនបើការផ្សព្វផ្សាយនោះ មានចំណុចខុសឆ្គង ឬចំណុចខ្វះចន្លោះ ក្រសួងគួរផ្តល់យោបល់ ឬក៏ណែនាំអំពីការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈចំពោះអ្នកសារព័ត៌មាននោះវិញ។ លោកថា ប្រសិនបើការកោះហៅ ឬការណែនាំនោះ ធ្វើឡើងចំពោះអ្នកសារព័ត៌មាន ដែលបានរាយការណ៍រឿងពិត នោះអាចនឹងធ្វើឱ្យប៉ះពាល់ដល់សកម្មភាព ឬសេរីភាពរបស់អ្នកសារព័ត៌មាន។
លោកណុប វី បន្ថែមថា៖ «បើសិនជាគាត់ធ្វើសេចក្តីរាយការណ៍ ពីរឿងពិតប្រាកដ ដែលបានកើតឡើងមែន ខ្ញុំគិតថា នេះជាផ្នែកមួយដែលអាចនឹងជួយឱ្យមានការកែលម្អ ឬមួយក៏ការធ្វើឱ្យមានភាពល្អប្រសើរឡើងចំពោះកិត្តិនាមរបស់កងកម្លាំងប្រដាប់អាវុធទៅវិញទេ។ ប៉ុន្តែក្នុងករណីអ្នកសារព័ត៌មាន ធ្វើសេចក្តីរាយការណ៍ វាមានកំហុសឆ្គងក្នុងផ្នែកណាមួយ ខ្ញុំគិតថា អាហ្នឹងគឺជារឿងមួយដែលពាក់ព័ន្ធជាមួយនឹងគោលការណ៍វិជ្ជាជីវៈរបស់គាត់ ដែលគាត់នៅមានភាពខ្វះចន្លោះ ដែលយើងត្រូវគួរតែផ្តល់ការបកស្រាយ ការបំភ្លៃបន្ថែមទៀត ដើម្បីឱ្យគាត់ធ្វើការចុះផ្សាយនូវអ្វីដែលជាការបំភ្លឺរបស់យើង។ នេះជារបៀបមួយដែលបង្ហាញនៅក្នុងខ្លឹមសារនៃច្បាប់សារព័ត៌មាន»។
អគ្គនាយកទូរទស្សន៍ CHRTV Online លោក សួស ចំរើន អះអាងប្រាប់វីអូឌីកាលពីខែសីហា ឆ្នាំ២០២១ថា រូបលោកធ្លាប់ត្រូវជនមិនស្គាល់មុខ ទូរសព្ទគំរាមប្តឹងទៅតុលាការ ក្រោយពីលោកបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប នាពេលកន្លងមក៕