សហជីព​គាំទ្រ​ឱ្យមានការ​បើក​ដំណើរ​ការ​អាជីវកម្ម​បៀហ្កាឌិន ប៉ុន្តែរដ្ឋ​គួរ​មាន​កញ្ចប់​ថវិកា​គាំពារ​បុគ្គលិក​ពេល​ឆ្ល​ង​កូវីដ

អនុ​ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ចំ​ណី​អា​ហារ​ និង​សេវា​កម្ម​កម្ពុជា គាំទ្រ​ចំពោះ​ការបើក​ដំណើរ​ការ​អាជីវកម្មបៀហ្កា​ឌិន​ឡើងវិញ ប៉ុន្តែ​រដ្ឋាភិ​បាលគួរ​តែ​មាន​កញ្ចប់​ថវិកាជួយគាំពារ ​សម្រាប់​កម្មករ​និយោជិតដែល​ឆ្លង​ជំងឺ​កូវីដ​-១៩។

អនុ​ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ចំ​ណីអា​ហារ​ និង​សេវា​កម្ម​កម្ពុជា​ លោក​​ស្រី​ អ៊ូ ទេព​ផល្លីន បានលើកឡើង​ថា ចំពោះ​​ការ​បើក​ដំ​ណើរ​ការឡើង​វិញ ​នូ​វ​អាជីវ​កម្ម​បៀ​ហ្កា​ឌិន​នេះ វាជា​រឿង​ល្អ​មួយ ដែលវា​អាចជួយ​ឲ្យ​ស្រ្តី​ ឬ​ ​កម្ម​ករ និស្សិត ​មាន​ការ​ងារ​ធ្វើឡើងវិញ​។ ប៉ុន្តែ​លោក​ស្រី​ក៏​នៅ​តែ​មាន​ក្ដី​បារម្ភ​ខ្លះ​ដែរចំ​ពោះ​ការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅពេល​ដាក់​ឲ្យ​​ដំ​ណើរ​ការ​ឡើងវិញនេះ។

លោក​ស្រី​មាន​ប្រ​សាសន៍ថា៖ «​វា​អាចជួយ​ឲ្យ​ស្រ្តី​ឬ​ក៏​កម្ម​ករ និស្សិតមាន​ដំ​ណើរ​ការការ​ងារ​ធ្វើឡើងវិញ​អ៊ីចឹង​ ​ ប៉ុន្តែ​ទោះ​បី​ជា​បើក​វិញ​ក៏​ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា ថៅ​កែ​ទាំង​អស់​ហ្នឹង ​គឺ​ត្រូវ​តែ​បាន​ជ្រើស​រើស​កម្ម​ករ​ទាំង​អស់​នោះ​ ឱ្យចូល​ទៅ​វិញ​ទាំង​អស់​ដែរ ​ព្រោះមិន​មែន​មាន​ន័យ​ថា ​ស្ថាន​ភាព​កូ​វីដ-​១៩​ លែង​មាន​ណា​ គឺនៅ​ជាមួយ​ហ្នឹងបរិយា​កាស​ទាំង​អស់​ហ្នឹង​ឯង​។ តែ​អ្វី​ដែល​សំ​ខាន់​យើង​អាច​មើល​ឃើញ​ថា ​អ្វី​ជាការ​បារម្ភ​នោះ ​គឺ​ថៅ​កែ​អាច​និង​មិន​យក​កម្ម​ករ​និយោ​ជិក​ទាំង​អស់​ចូល​ធ្វើ​ការ​វិញ​ទេ អាច​ថា ជ្រើស​រើស​ខ្លះ​ឲ្យ​ទៅ​ខ្លះ​អ៊ីចឹង​»

អ្នក​ស្រី​បាន​សង្កត់​ធ្ងន់​ថា៖ «ប្រ​សិន​បើ​កម្មករ​និយោជិតណា​មួយ​គាត់​ឆ្លង​កូវីដ​ យើង​ឃើញ​ថា​ច្បាប់​ណា​មួយ​ក៏ដោយ​អត់​ទាន់​មាន​ជា​ការ​គាំទ្រ ​ត្រង់​ថា​ នៅ​ពេល​កម្មករ​និយោ​ជិតគាត់​ឆ្លង​កូវីដ​ ចំ​ពោះ​វិស័យ​សេវា​កម្មកម្សាន្ត​ និយោជក​អត់​មាន​កាតព្វកិច្ចនៅ​ក្នុង​ការ​បង់​ប្រាក់​ឈ្នួល​ជូន​កម្មករ​​និយោ​ជិត​ទេ​ បើ​សិន​ជា​គាត់​ឆ្លង​កូវីដ​ គឺ​គាត់​ត្រូ​វព្យាបាល​ផ្សេងៗ​ គាត់​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ទាំង​អស់ ​កន្លែង​ហ្នឹង​គាត់​ពិបាក​សម្រាប់​និយោជកដែរ ​ពីព្រោះ​និយោជកគាត់ជួប​ឧបសគ្គកន្លែង​ហ្នឹង​ ប្រ​សិនបើមិនមែន​ត្រឹម​តែ​កម្មករ​គាត់​ឆ្លង​កូវីដ​ទេ​ ប្រសិនជាគាត់​ឆ្លង​​ សមាជិកគាត់​ឆ្លង​គាត់​ត្រូវ​បិទ​ផ្អាក​មុខរបបរ​ការ​ងារ​របស់​គាត់​ដែរ​ លុះត្រា​តែ​រដ្ឋា​ភិបាល​ហ្នឹង​មាន​កញ្ចប់ណា​មួយ​នៅ​ក្នុង​ការ​គាំទ្រ​ទៅ​ដល់​កម្មករ​ផង​​ គាំទ្រ​និយោជក​ផង​និង​តម្រូវ​ថា​នៅ​ពេល​កម្មករ​និយោជិត​ណា​ម្នាក់​ឆ្លង​កូវីដគាត់​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម​ពី​ការ​ព្យាបាល​ ប្រាក់​ព្យាបាល​ក្ដី​គឺ​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថមពី​រដ្ឋាភិបាល​»

លោកស្រី​បន្ថែមថា​ ទោះ​ជា​នៅ​ក្នុង​ករណីដែល​រដ្ឋាភិ​បាល​ថា ​មាន​ប្រាក់​ឧបត្ថម​ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ពេល​ដែល​គាត់​ព្យាបាល​ចប់​ក៏​ដោយ​សេវា​កម្ម​ទាំង​អស់​នោះ​មិន​ទាន់បាន​ចុះ​បញ្ជី​ជា​របបសន្តិ​សុខ​សង្គម​នៅ​ឡើយ​។​ អ្នក​ស្រី​បានរម្លិច​ឲ្យឃើញ​​ថា​ ​រដ្ឋាភិបាល​គួរតែ​មានកញ្ចប់​ថវិ​ការ​នៅ​ក្នុង​ការ​គាំទ្រ​នៅ​ពេល​ដែល​កម្ម​ករ​និយោជិតកំពុង​ព្យាបាល​កូវីដ​ឬ​​ឆ្លងជំ​ងឺ​កូវីដ​។ រដ្ឋាភិបាល​គួរ​តែ​មាន​ការ​គាំពារប្រ​សិន​បើ​នៅ​ក្នុង​ករណី​នៅ​ក្នុង​សេវាកម្មកម្សាន្ត​មាន​ការ​ឆ្លង​ គឺត្រួវ​មាន​ការ​គាំពារ​ទៅ​លើ​ផ្នែក​ជីវ​ភាព​របស់​គាត់​ ​ប្រសិន​បើ​គាត់​ឆ្លង​គាត់​នឹង​មាន​បញ្ហាប្រឈម​ទៅ​និង​រឿង​ព្យាបាល​ហើយ​អត់​មានប្រាក់​ជួយ​គាំទ្រ​ទៅ​ដល់​គ្រួសារ​គាត់​។

គួររំលឹក​ផង​ដែរថា ក្រ​សួង​ទេស​ចរណ៍កាល​ពី​​ថ្ងែ​ទី​៣​ ខែ​វិច្ឆិ​កានេះ បាន​​ចេញ​សេចក្ដី​ជូន​ដំ​ណឹង​ ស្ដី​ពី ​​​ការ​បើក​ដំណើរ​ការ​​​អាជីវ​កម្ម​បៀ​ហ្កា​ឌិន​ទូ​ទាំង​ប្រ​ទេស​ឡើង​វិញ​។​​ ​យោង​តាម​សេច​ក្ដី​ជូន​ដំ​ណឹង​បាន​ឲ្យ​ដឹងថា សម្រាប់​ការ​បើក​អាជីវ​កម្ម​បៀ​ហ្កា​ឌិន​ឡើង​វិញ​នេះ​ តម្រូវ​​​​ឱ្យម្ចាស់​អាជីវ​ក​ម្ម​ត្រូវ​​អនុ​វត្ត​​​​ឱ្យ​បាន​​ម៉ឺង​មាត់​នូវវិធាន​​​ការ​សុវត្ថិ​ភាព​ទេស​ចរណ៍​ និង​និតិ​វិ​ធី​ប្រ​តិបត្តិ​ស្ដង់​ដា​អប្ប​បរ​មា ​(SOP)​ និង​តម្រូវ​​​​ឱ្យ​តាម​ដាន​​ពិ​និត្យ​សកម្ម​ភាព​អាជីវ​កម្មជា​ប្រ​ចាំ​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​កូវីដ-​១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ