សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៥នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមិនមានដីកាពីតុលាការ ដើម្បីបំភ្លឺពាក់ព័ន្ធជម្លោះដីធ្លីជាមួយឈ្មួញដីដែលអ្នកភូមិអះអាងថាជាជំទាវ ឈុំ ផល្លី នៅព្រឹកថ្ងៃអាទិត្យនេះ។
ពលរដ្ឋដែលសមត្ថកិច្ចឃាត់ខ្លួនសួរនាំនៅស្នងការខេត្តកំពត រួមមាន លោក ឌី ជ្រឿន និងប្រពន្ធ ឈ្មោះ កែន ភ័ណ្ឌ , លោក ទុយ តាំង (ប្តី) អ្នកស្រី មាស ខ្ចី (ប្រពន្ធ) និងកូនប្រសារលោក ស៊ី ណា និងកូនស្រី សម្បត្តិ អាយុប្រហែល៦ឆ្នាំ។
វ័យ៧០ឆ្នាំ អ្នកស្រី លន់ វន ត្រូវជាម្តាយបង្កើតរបស់ កែន ភ័ណ្ឌ ប្រាប់វីអីឌីនៅថ្ងៃអាទិត្យទី៧ ខែវិច្ឆិកានេះថា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពត លោក លក ញ៉ាវ រួមទាំងកងកម្លាំងមួយចំនួនទៀត បានយកឡានប៉ូលីសមកដឹកកូនរបស់គាត់ និងកូនប្រសារ រួមទាំងពលរដ្ឋ៣នាក់។ ក្នុងនោះមានកូនក្មេងម្នាក់ផ្សេងទៀតទៅជាមួយម្តាយ ដើម្បីឱ្យទៅបំភ្លឺរឿងដីធ្លី ក្នុងតំបន់វាលវែងវាលឈើត្រាវ ក្បាលខ្លាតូច ស្ថិតនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ប៉ុន្តែអ្នកស្រីថា គាត់ទៅដល់មិនឃើញកូនគាត់ទេ បែរជាសមត្ថកិច្ចបញ្ជូនកូនគាត់និងអ្នកផ្សេងទៀតទៅស្នងការដ្ឋាននគរបាលខេត្តកំពតទៅវិញ។
ករណីនេះ អ្នកស្រី លន់ វន បង្ហាញការខកចិត្តនឹងសមត្ថកិច្ចដែលប្រើល្បិចលួងកូនគាត់និងអ្នកផ្សេងទៀត រួចបញ្ជូនទៅស្នងការសួរនាំពាក់ព័ន្ធរឿងដីធ្លីជាមួយឈ្មួញដី ឈុំ ផល្លី ដែលជាអ្នកទន្ទ្រានយកដីកូនគាត់ទាំងអយុត្តិធម៌ទៅវិញ ខណៈដីនៅតំបន់នោះកូនគាត់កាន់កាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ ហើយមិនដែលមានទំនាស់ជាមួយបុគ្គលណានោះទេ។
អ្នកស្រីនិយាយថា៖ «គេចាប់កូនខ្ញុំអត់មានដីកាទេ វាអយុត្តិធម៌ណាស់ ព្រោះអីកូនខ្ញុំប្រជាពលរដ្ឋស្លូតត្រង់។ ខ្ញុំធ្លាប់ឮថាឈ្មោះគ្នាជាមួយឈ្មួញដី [ឈុំ ផល្លី] គេដណ្តើមយកដីវា [ដីកូនខ្ញុំ] ដូចថា ដីវាធ្លាប់ធ្វើតាំងពីយូរហើយ ដល់ពេលគេមកយកស្រស់ៗចឹងក៏គាត់ត្រូវការជជែកវែកញែករកខុសត្រូវដែរ»។
លោក ហ៊ាន នី អ្នកមានជម្លោះដីធ្លីនៅតំបន់វែងវាលឈើត្រាវ ក្បាលខ្លាតូច ស្ថិតនៅឃុំត្រពាំងភ្លាំងនិយាយថា អំឡុងពេលសមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋ៥នាក់ និងកូនក្មេងម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃនេះ មិនឃើញមានដីកាពីតុលាការទេ ។
លោកបន្តថា ក្រោយពីបញ្ជូនខ្លួនពលរដ្ឋទាំងនោះទៅស្នងការដ្ឋានគរបាលខេត្ត ប្រជាពលរដ្ឋប្រមាណ៣០នាក់ បានប្រមូលផ្តុំគ្នានៅមុខស្នងការ ដើម្បីទាមទារឱ្យដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថាពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ។
លោកមានប្រសាសន៍ថា៖ «ចង់បានឱ្យមនុស្សចេញមកវិញ កុំឱ្យមានការឃុំខ្លួន ដោយសារមិនដឹងមូលហេតុអីស្រាប់តែមកចាប់គាត់ដោយអត់មានដីកា។ អញ្ចឹងទាមទារឱ្យមនុស្សចេញមកវិញនៅថ្ងៃហ្នឹងឯង ។ បើមិនព្រមដោះលែង ថ្ងៃស្អែកពលរដ្ឋនឹងមកច្រើនគ្នាហើយ»។
អ្នកស្រី ក្រឹង ស្រីកប ដែលប្រមូលផ្តុំគ្នានៅមុខស្នងការខេត្តកំពត ចាត់ទុកការចាប់ខ្លួនតំណាងពួកគេនៅថ្ងៃនេះថា ជាការគំរាមកំហែង និងបំបាក់ស្មារតីពួកគេក្នុងការតវ៉ាទាមទារដីធ្លីរបស់ខ្លួន ដែលកំពុងកាប់កាន់ និងអាស្រ័យផល។
អ្នកស្រីនិយាយថា៖ «ការចាប់ខ្លួនតំណាងអញ្ចឹង ធ្វើឱ្យពួកខ្ញុំតក់ស្លុត ភ័យ ព្រោះអីសុទ្ធតែប្រជាពលរដ្ឋដូចគ្នា កាលលើកមុនហ្នឹង កំពុងអាស្រ័យផល យើងមានទំនាស់ជាមួយលោក ជំទាវ ឈុំ ផល្លី។ យើងចេះបារម្ភ ចេះតែខ្លាច ព្រោះយើងជាពលរដ្ឋ សុទ្ធតែអ្នកអត់[ក្រីក្រ]ដែរ»។
បើតាមពលរដ្ឋឱ្យដឹងថា ដីនៅចំណុចក្បាលខ្លាតូច ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំងនោះ ពួកគាត់ប្រមាណ៣០០គ្រួសារ បានកាន់កាប់ចាប់ពីឆ្នាំ២០០៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរភូមិ ឃុំ មិនទាន់ចេញប្លង់ឱ្យនោះទេ ។ ដីនៅតំបន់នោះ ពលរដ្ឋអាស្រ័យផលដូចជា ដាំចេក ដូង ស្រូវ និងពោតជាដើម ។
ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពត លោក លក ញ៉ាវ មានប្រសាសន៍យ៉ាងខ្លីថា លោកកំពុងសួរនាំពលរដ្ឋទាំងនោះមិនទាន់ចប់ទេ ។ ករណីនេះ លោកថា នៅពេលសួរចប់ មិនដឹងត្រូវដោះលែង ឬសម្រេចបញ្ជូនទៅឃុំខ្លួនបន្តទេ ដោយអាស្រ័យលើបញ្ជាពីថ្នាក់លើជាអ្នកសម្រេច ។
លោកមានប្រសាសន៍ថា៖ «សួរគ្រប់គ្នា តែសួរមិនទាន់ហើយ រឿងដោះលែងឬមិនដោះលែង ចាំខ្ញុំសួរយោបល់ពីថ្នាក់លើសិន»។
វីអូឌីនៅពុំទាន់អាចរកប្រភពទាក់ទងទៅឈ្មួញដីដែលពលរដ្ឋអះអាងថា ជាជំទាវ ឈុំ ផល្លី នោះបានទេនៅថ្ងៃទី៧ខែវិច្ឆិកានេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គកាអាដហុកខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា បើប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសជាក់ស្តែង នោះសមត្ថកិច្ចមានសិទ្ធិចុះឃាត់ខ្លួន ដោយមិនចាំបាច់មានដីកាពីតុលាការនោះទេ ប៉ុន្តែបើមិនមែនបទល្មើសជាក់ស្តែង ហើយអាជ្ញាធរឃាត់ខ្លួនពលរដ្ឋទៅសួរនាំ គឺខុសនីតិវិធីច្បាប់ ។
មន្ត្រីសិទ្ធិមនុស្សរូបនេះផ្តល់អនុសាសន៍ថា ដើម្បីផ្តល់យុត្តិធម៌រវាងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយឈ្មួញ ឬក្រុមហ៊ុន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចុះស្រាវជ្រាវឱ្យមានតម្លាភាព ឯករាជ្យ មិនលម្អៀងទៅអ្នកមានលុយ ឬមានអំណាចជាដើម ។
លោកផ្តល់ជាអនុសាសន៍ថា៖ «ដើម្បីកុំឱ្យមានជម្លោះកើតឡើងបន្តទៀត អាជ្ញាធរត្រូវតែរកហេតុ ឬភស្តុតាងថាតើភាគីណាមួយកាន់កាប់មុន ភាគីណាមួយជាអ្នករំលោភបំពាន។ សំខាន់ណាស់អាជ្ញាធរដែនដីត្រូវបង្ហាញភស្តុតាងមក តើពលរដ្ឋកាន់កាប់នៅចាប់ពីពេលណាមក? ហើយក្រុមហ៊ុនចាប់ពីពេលណាមក? យើងត្រូវរកចំណុចហ្នឹងឱ្យឃើញ បើដីអត់មានប្លង់ត្រូវឈលើគោលការណ៍ទៅលើការដោះស្រាយគណៈកម្មការដីធ្លី ថ្នាក់ស្រុក។ យើងត្រូវរកភស្តុតាងទាំងនេះសិន មុនឹងចោទប្រកាន់លើបុគ្គលណាមួយ»៕