រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​រៀបចំ​ពិធី​មង្គលការ​ឡើងវិញ ដោយ​កំណត់​មនុស្ស​ចូលរួម​ត្រឹម​២០០នាក់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខ​​រដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាច​រៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែពិធី​នោះត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ។

នៅក្នុងពិធីដាក់សម្ពោធអាគារទីស្ដីការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក​មាន​មោទកភាព​ដែល​ប្រជា​​​ពលរដ្ឋ​បាន​​ចូ​ល​រួមប្រកាន់ខ្ជាប់វិធានការ​សុខាភិបាលក្នុងការ​ការពារជំងឺកូវីដ-១៩ ដោយ​បាន​ពាក់ម៉ាស់ រក្សាគម្លាត​ ខណៈពលរដ្ឋកាន់តែ​ច្រើនបាន​ទទួលវ៉ាក់សាំង។

លោកបន្តថា ក្រោយ​ពីបានពិនិត្យ​​​សំណើរបស់​គណៈកម្មការជាតិ​ប្រយុទ្ធប្រឆាំងកូវីដ-១៩ លោក​បាន​សម្រេច​​កាល​ពីយប់ថ្ងៃម្សិលមិញ ដោយ​សម្រេចអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​អាចរៀបចំ​កម្មវិ​ធី​មង្គល​ការ​​ឡើងវិញ ដោយ​កំណត់ចំនួ​ន​​ម្ចាស់ដើមការនិងភ្ញៀវត្រឹម២០០នាក់​​ប៉ុណ្ណោះ។

លោក​បានថ្លែង​បញ្ជាក់​ថា៖ «រៀបការ! ម្សិលមិញ ខ្ញុំបញ្ជាក់ហើយ ការ​​អនុញ្ញាតឱ្យចូលរួមច្រើនបំផុត២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះក្នុងហ្នឹង​បើមិនអ៊ីចឹង អនុវត្តមិនបានទេ! សេវាគឺស្អី ក្រុមចុងភៅ ក្រុមភ្លេង អាចារ្យ​ អ្នកថតរូប បើយកទៅគិតក្នុង២០០នាក់ដែរ គឺភ្ញៀវកាន់តែតិច។ អ៊ីចឹង​សរុបខ្ទង់២៥០នាក់ ប៉ុន្តែម្ចាស់ដើមការនិងភ្ញៀវត្រឹម២០០នាក់ប៉ុណ្ណឹង»

សម្រាប់​ការបើក​ខារ៉ាអូខេ ឌីស្កូថេក និងរង្គសាល ជាដើម លោកនាយករដ្ឋមន្ត្រីថ្លែងថា រង់ចាំ​ក្រោយ​​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១សិន។   

កាលពីដើមខែវិច្ឆិកានេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ​បា​នប្រកាស​បើក​ប្រទេស​ឡើងវិញ ​លើ​​គ្រប់​វិស័យ​ ​ចាប់ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​​២០២១តទៅ ដោយយោង​ទៅលើ​កត្តាសំខាន់​ចំនួន​៤ រួម​មាន ​ការសម្រេច​បាន​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​-១៩ ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ក្នុង​ការព្យាបាល​ជំងឺ​កូវីដ-១៩ ការ​ឆ្លងកាត់​បទ​ពិសោធន៍​​នៃ​ការគ្រប់គ្រងទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ព្រមទាំង​របៀប​គ្រប់គ្រង​ទប់ស្កាត់​នៃ​ជំងឺ​នេះ​​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការការពារ​ខ្លួន និង​ការព្យាបាល​ជំងឺ​កូវីដ-១៩ ជាដើម​។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅក្រសួងសុខាភិបាលឱ្យពង្រឹងសមត្ថភាពព្យាបាលជំងឺ-១៩ឡើងវិញ ក្រោយរកឃើញថា អត្រាភាគរយនៃអ្នកស្លាប់នៅកម្ពុជាដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ​នេះ ខ្ពស់ជាងបណ្ដាប្រទេស​មួយ​ចំនួន រួមទាំងប្រទេសថៃ និងវៀតណាម ដែលជាតួលេខមួយស្ថិតក្នុងការព្រួយបាម្ភនៅឡើយ ទាមទារឱ្យពង្រឹងសមត្ថភាពព្យាបាលឡើងវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ