ពលរដ្ឋ​ភូមិព្រៃទា​បន្ត​តវ៉ា​ជំទាស់​អាជ្ញាធរ​ខណ្ឌ​ធ្វើ​បណ្ណកម្មសិទ្ធិ​ដី​ជាប់​ជម្លោះ​ឱ្យ​មន្រ្តី​យោធា​

ព្រឹកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពលរដ្ឋភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិចោមចៅ៣ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខណ្ឌពោធិ៍សែនជ័យ ដោយអះអាងថា ពួកគេមានជម្លោះដីធ្លីជាមួយទាហានជើងអាកាសលេខ៩១ ជិត២០ឆ្នាំហើយ នៅមិនទាន់ដោះស្រាយចប់នៅឡើយទេ។ (ត្រាន់ តិចសេង)

ពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យ​១៤៥គ្រួសារ មកពីភូមិព្រៃទា១​និងព្រៃទា២ ​សង្កាត់​ចោម​ចៅ៣ បានប្រ​មូ​ល​ផ្ដុំគ្នាតវ៉ាជាថ្មី នៅមុ​​​ខសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃចន្ទ​​នេះ ដើម្បីជំទាស់​នឹងរដ្ឋបាលខ​ណ្ឌ​​​​ដែលយល់ព្រមធ្វើឯកសារស្នើសុំបណ្ណកម្មសិទ្ធិដី ជាន់លើដីពួកគាត់​ដែល​​កំពុ​ង​​មានទំនាស់​ជាង​៤ហិកតា​ជាមួយនឹងអង្គភាពយោធាមួយ

តំណាងពលរដ្ឋ លោក សុខ ជា​ ប្រាប់ វីអូឌី នៅមុខសាលាខណ្ឌថា ពួកគាត់បានរង់ចាំដំណោះស្រាយជុំវិញ​វិវាទដីធ្លីដែលបានអូសបន្លាយជាង​២០ឆ្នាំរបស់ពួកគាត់​ពីក្រសួង​ការពារជាតិ ក្រោយពីក្រសួង​​នេះ​បានចេញសេចក្ដីជូនដំណឹង (ស.ជ.ណ) សម្រេចកាត់ដីជាប់ជម្លោះនោះទៅឱ្យពួកគេកាល​ពី​ខែកុម្ភៈ​ ឆ្នាំ២០១៧ ហើយអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោ​ក​​ ហ៊ុន ម៉ាណែត សន្យាជួយដោះស្រាយឱ្យពួកគេឱ្យបានឆាប់។

ប្រភពដដែល​បន្ថែមថា បន្ទាប់ពីរង់ចាំដំណោះស្រាយអស់ជិត​៣ឆ្នាំ មេបញ្ជាការវរសេនាតូចការពារអាកាសលេខ៩១ លោក សុខ ប៉ាង បានស្នើសុំចុះបញ្ជីដីនោះ ហើយបន្ទាប់មក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានយល់ព្រមចុះហត្ថលេខាទទួលស្គា​ល់ ខណៈពលរដ្ឋមាន ស.ជ.ណ ​ចំនួន៦ និងចំណារពីលោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ តែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។

លោកថា៖ «ពួកខ្ញុំចេះតែរំពឹងចាំមើលការដោះស្រាយតាមការសម្រេចរបស់ថ្នាក់លើហ្នឹង​ដាច់អត់ ហើយ​ដល់ពេលឥលូវ ថ្ងៃហ្នឹងមកលិចចេញរឿងលោក សុខ ប៉ាង គាត់សុំធ្វើប្លង់កម្មសិទ្ធិយកទាំងដីប្រជាពលរដ្ឋ៤ហិកតាហ្នឹងធ្វើប្លង់កម្មសិទ្ធិ។ ធ្វើឱ្យខ្ញុំគិតរំពឹងអ្នកណា? មានតែ​រំពឹងទៅលើថ្នាក់ដឹកនាំឱ្យលោកជួយមើល»

លោកបន្ថែមថា៖ «រឿងនេះអយុត្តិធម៌សម្រាប់យើងខ្ញុំ ហើយយើងខ្ញុំក៏មកសួរចង់ដឹងការបំភ្លឺរបស់គាត់ បើគាត់គិតថាខាងលោក សុខ ប៉ាង មាន ស.ជ.ណ ត្រឹមត្រូវ ចុះខាងប្រជាពលរដ្ឋគាត់មានទាំង ស.ជ.ណ មានទាំងចំណារសម្ដេចទៀតឱ្យដោះស្រាយត្រូវត្រឹមដែរ ចុះលោកម៉េចមិនអនុវត្ត»។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ម៉ែន គីម វ័យ៦៥ឆ្នាំ ថ្លែងថា លោក សុខ ប៉ាង ទទួលបានលិខិត ស.ជ.ណ មួយចេញដោ​យក្រសួងការពារជាតិ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ មានខ្លឹមសារលុបលើលិខិត ស.ជ.ណ​ រ​បស់ពួកគាត់ ដែលតំណាងពលរដ្ឋចំនួន៣៥គ្រួសារ លើដីជាង៤ហិកតា ដែលត្រូវបែងចែក​ឱ្យពលរដ្ឋស្មើៗគ្នាដល់ពលរដ្ឋចំនួន១៤៥គ្រួសារ។

អ្នកស្រីថា ដើមឡើយ ដីមានជម្លោះគឺមានទំហំជាង៩ហិកតា តែត្រូវបានកាត់ចែកដល់គ្រួសារកងទ័ពជាបណ្ដោះអាសន្ន តែ​ប​ន្ទាប់មក ​គ្រួសារមួយចំនួ​នបានលក់ឱ្យពលរដ្ឋមកពីខាងក្រៅ ពុះជាឡូត៍​ និងសង់ជាសំណង់ផ្ទះល្វែង។ ករណីនេះ អ្ន​កស្រីបារម្ភថា បើពួកគាត់មិនស្វះស្វែងរកយុត្តិធម៌​ឱ្យបានឆាប់ទេ ដីជាប់ជម្លោះសេសសល់នឹងក្លាយជាសំណង់ផ្ទះល្វែ​ងឬសំ​ណង់ឯកជនផ្សេងទៀត។

អ្នកស្រី ម៉ែន គីម បន្ថែមថា៖ «ប្រជាជនអត់មានរំពឹងថាគាត់អត់ស៊ី​ញ៉េទេ! ថ្ងៃណាមួយនឹងបាត់ ព្រោះប្រជាជនធ្លាប់ដឹងហើយ ស្ងាត់ៗទៅបាត់ដី១ដុំទៅ! ស្ងាត់ៗទៅគាត់ចុះកន្លែងនោះបាន១ដុំទៅ! អ៊ីចឹងប្រជាជននៅតែអត់មានទំនុកចិត្ត»។

លោក នួន ជីម ជា​ពលរដ្ឋរស់នៅ​ភូមិព្រៃទាមួយរូបដែលចូលរួមក្នុងការតវ៉ាដែរនោះ និយាយ​ថា គាត់បានចូលរួមតវ៉ាជាច្រើនលើកមក​ហើយ​ ដោយសារគាត់មិនអាចបន្តរង់ចាំដំណោះស្រា​យតទៅទៀត។

លោកថា៖ «លោក ហ៊ុន ម៉ាណែត ថាលែងឱ្យអ៊ុំៗតវ៉ាទៀតហើយ ព្រោះតវ៉ារយៈពេលជាង២០ឆ្នាំហើយ លែងឱ្យអ៊ុំៗពិបាកហើយ! តែគាត់សន្យាថា១អាទិត្យទេ ជូនដំណឹងគាត់វិញ ត្រូវយកអីខ្លះ! ឥលូវប្រជាជននាំគ្នាព្រមព្រៀងហើយ ជូនដំណឹងគាត់ទៅ មកដល់ថ្ងៃហ្នឹងជិត៣ឆ្នាំហើយ អត់ឃើញមកត។ អ៊ីចឹងសំណូមពរឱ្យលោក ហ៊ុន ម៉ាណែត ហ្នឹងដោះស្រាយតាមកិច្ចសន្យា។ ទី១ តាមច្បាប់ ទី២ តាមមន្រ្តីរបស់លោក»។ 

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ ថ្លែងថា បន្ទាប់ពីលោកបានដឹងថា ពាក្យស្នើសុំចុះបញ្ជីដីពីអង្គភាពការពារអា​កា​សលេខ៩១ លោកបានប្រគល់ឯកសារទៅថ្នាក់លើរួចហើយ ហើយនឹងមិនចុះហត្ថលេខាលើពាក្យស្នើសុំនោះទេ ដរាបណាដីនោះលែងមានការតវ៉ា។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ (ឈរកាន់ក្បាលមេក្រូ) ចេញមកជួបពលរដ្ឋតវ៉ា ពេលពួកគេប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយពលរដ្ឋទាំងនោះអះអាងថា ពួកគេមានជម្លោះដីធ្លីជាមួយទាហានជើងអាកាសលេខ៩១ ជិត២០ឆ្នាំហើយ មិនទាន់ដោះស្រាយចប់នៅឡើយទេ។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ (ឈរកាន់ក្បាលមេក្រូ) ចេញមកជួបពលរដ្ឋតវ៉ា ពេលពួកគេប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយពលរដ្ឋទាំងនោះអះអាងថា ពួកគេមានជម្លោះដីធ្លីជាមួយទាហានជើងអាកាសលេខ៩១ ជិត២០ឆ្នាំហើយ មិនទាន់ដោះស្រាយចប់នៅឡើយទេ។ (ត្រាន់ តិចសេង)

លោកថា៖ «វាផុតពីសមត្ថកិច្ចរបស់យើង យើងបានតែសម្របសម្រួលទេ ការដោះស្រាយសម្រេចយ៉ាងម៉េចគឺនៅខា​ងលើ។ ហើយការប្រគល់បណ្ណកម្មសិទ្ធិដីធ្លី មិនមែនខ្ញុំអ្នកស៊ីញ៉េទេ គឺប្រធានសុរិយោដី ប៉ុន្តែការកសាងឯកសារពីខ្ញុំទៅ។ ហើ​យ​ប៉ុន្តែបើបងប្អូនប្ដឹងជំទាស់ ម៉េចខ្ញុំត្រូវស៊ីញ៉េទៀត! ខ្ញុំអត់មានស៊ីញ៉េ​បន្តទៅទៀត​កើត​ទេ ទាល់តែបងប្អូនទាំងអស់សម្របសម្រួលត្រូវរ៉ូវគ្នាទាំងអស់ លែងមានអ្នកតវ៉ា បានយើងស៊ីញ៉េប្រកាសឱ្យបាន»

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ​ សុជាតិ និងមេបញ្ជាការវរសេនាតូចការពារអាកាសលេខ៩១ លោក សុខ ប៉ាង បានទេ នៅថ្ងៃចន្ទនេះ។

យ៉ាងណា លោក សុខ ប៉ាង បានថ្លែងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថាលោកមិនបានរំលោភយកដីពលរដ្ឋនោះទេ ដោយលោកមានលិខិត ស.ជ.ណ បញ្ជាក់ត្រឹមត្រូវ ហើយថា លោកមិនដឹងថា ពលរដ្ឋបាន​លិខិត ស.ជ.ណ មកពីណានោះទេ។ 

លោកថា៖ «ខ្ញុំចង់បញ្ជាក់ថា ខ្ញុំវាអត់បានពាក់ព័ន្ធអីទៅរំលោភទន្ទ្រាន​ដីគាត់ទេ ​ដីបន្ទាយ! ហើយគាត់មាន​ឯកសារឯណាពុះដី​បន្ទាយ២-៣ចំណែកនោះ ខ្ញុំអត់ដឹងទេ! ប្រហែលជាមើលមកពីខាងក្រៅមក ឃើញរបង ឃើញអាគារដែរតើហ្អី? អូនបានមកដល់ហ្នឹង អូនស្វែងយល់ទៅណា»

បើតាមតំណាងពលរដ្ឋចូលរួមតវ៉ា ដីជាប់ជម្លោះនោះ ដើមឡើយ អង្គភាពយោធាបានខ្ចីពីអ្នកភូមិ ដើម្បីប្រើជាមូលដ្ឋានបណ្ដោះអាសន្ន ដោយមានទំហំ៩ហិកតា ប៉ុន្តែក្រោយមក រដ្ឋាភិបាលសម្រេចសងដីមកឱ្យពលរដ្ឋវិញបានត្រឹមតែជាង៤ហិកតាប៉ុណ្ណោះសម្រាប់ពលរដ្ឋ៣៥គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ