សមត្ថកិច្ច​កំពុង​តាមចាប់​អ្នកទោស​៧នាក់​ដែល​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

អ្នកទោសដែលបានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែអ ដែលសកម្មភាពរត់គេចនោះធ្វើឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង)

សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង កំពុងស្រាវជ្រាវនិងស្វែងរកចាប់ខ្លួនអ្នកទោស៧នាក់ បន្ទាប់ពីពួកគេ​​បាន​រត់​ចេញ​ពី​ពន្ធនាគារកាលពីរំលងអធ្រាត្រយប់មិញនេះ។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះផ្សាយលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា អ្នកទោស៧នាក់បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១​។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា ប្រាប់ វីអូឌី យ៉ាងខ្លីថា នៅពេលនេះ សមត្ថកិច្ចខេត្តកំពុងសហការ​ជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំង៧នាក់នោះ​មក​វិញ។

ស្នងការរូបនេះបញ្ជាក់ថា អ្នកទោសទាំងនោះបានវាយទម្លុះជញ្ជាំងគុក ហើយនាំគ្នាលួចរត់គេចខ្លួន ខណៈពួកគេភាគច្រើនជាអ្នកទោសគ្រឿងញៀន។

លោកបន្ថែមថា៖ «ពេលនេះ ​កម្លាំងយើងកំពុងសហការជាមួយកម្លាំងខាងពន្ធនាគារ កំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់។ ឥលូវនេះ​បានតម្រុយខ្លះៗហើយ។ យើងនឹងចាប់យកអ្នកទាំងនោះមកវិញ​ទាំងអស់»

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក ឈុន តារា បានទេ នៅចន្ទនេះ។

កាលពីខែមេសា ឆ្នាំ២០២០ នៅខេត្តកំពង់ស្ពឺ មានអ្នកទោសជិត៣០នាក់បានហែកគុកបម្រុង​រត់​គេច​ខ្លួន ដោយ​អ្នកទោសទាំងនោះបានព្រួតវាយមន្ត្រីពន្ធនាគារ៤នាក់ឱ្យរងរបួស ហើយបានរត់ឡើងលើដំបូលអាគារគុក ប៉ុន្តែត្រូវបានមន្ត្រីនគរបាលឡោមព័ទ្ធចាប់បានវិញ។

ដោយឡែក នៅក្នុងមករា ឆ្នាំ២០២១នេះ ក៏មានករណី​អ្នក​ទោស៤នាក់​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាលផងដែរ ខណៈក្នុងខែសីហាឆ្នាំនេះដែរ ក៏មាន​អ្នកទោស​៤នាក់ទៀតបានរត់គេចពីពន្ធនាគារខេត្តកណ្ដាល​ដែរ ប៉ុន្តែ​សមត្ថកិច្ចបានឡោមព័ទ្ធចាប់បានវិញភ្លាមៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ