តាលីបង់ តែងតាំង​សមាជិក​របស់​ខ្លួន​៤៤​រូប​ក្នុង​តំណែង​ជា​អភិបាលខេត្ត​និង​មេប៉ូលិស

យន្តហោះជម្លៀសជនភៀសខ្លួនអាហ្វហ្គានីស្ថានរបស់អាមេរិក C-17 Globemasters នៅអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ (Hamid Karzai) ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Department of Defense)

ក្រុមតាលីបង់ នៅថ្ងៃអាទិត្យម្សិលមិញ បានសម្រេចតែងតាំងសមាជិករបស់ខ្លួនចំនួន​៤៤រូបឱ្យ​កាន់​​តួនាទី​សំខាន់ៗ​ រួមមាន អភិបាលខេត្ត និងមេប៉ូលិស ដែលពួកគេចាត់ទុកថា​ ជាជំហានដ៏សំខាន់​មួយក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួន ស្របពេលដែលប្រទេសនេះបច្ចុប្បន្ន​កំពុងតែ​ជួបបញ្ហាសន្តិ​សុខនិងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ការ​ប្រកាសតែងតាំងសមាជិករបស់ខ្លួនក្នុងការទទួលបានតំណែងទាំងនេះ ​ត្រូវបានធ្វើឡើងជា​លើក​ដំបូង​ ​គិត​ចាប់​តាំង​ពី​គណៈរដ្ឋមន្ត្រី​របស់ប្រទេសនេះត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​កញ្ញា។

សម្រាប់បញ្ជីតួនាទីថ្មីរបស់សមាជិករបស់ខ្លួនដែលត្រូវបានបញ្ចេញដោយពួកតាលីបង់ ក្នុងនោះគេឃើញ​មាន​ការជ្រើសរើសលោក Qari Baryal ជាអភិបាលក្រុងកាប៊ុល និងលោក Wali Jan Hamza ទទួលបានតំណែងជាមេប៉ូលិសក្រុង។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីខែសីហាកន្លងទៅ បន្ទាប់ពី​ពួក​តាលីបង់​បានចូលមកដណ្ដើមអំណាចយកមកគ្រប់គ្រង។

គិតចាប់តាំងពីឡើងកាន់អំណាចនេះដែរ ក្រុមតាលីបង់ក៏បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិនានាឱ្យចាប់ផ្តើមផ្ដល់ជំនួយឡើងវិញ​ដល់ប្រទេសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ