ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី អះអាងថា ដីភ្នំដោះក្រមុំ ២ហិកតាទៀតត្រូវបានជនខិលខូចលួយកាប់ឆ្ការទន្ទ្រានយក ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកហូតទុកជាសម្បត្តិរដ្ឋ និងបានបញ្ជាឱ្យទប់ស្កាត់កាប់ទន្ទ្រានយកជាកម្មសិទ្ធិក៏ដោយ។
កាលពីដើមខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅអភិបាលខេត្តមណ្ឌលគិរី ឱ្យដកហូតយក «ភ្នំដោះក្រមុំ» មកទុកជាសម្បត្តិរដ្ឋវិញ ដោយថា មិនត្រូវឱ្យនរណារំលោភយកធ្វើជាកម្មសិទ្ធិនោះឡើយ។ បើគិតមកដល់បច្ចុប្បន្ន ដីភ្នំដោះក្រមុំប្រមាណ១៥ហិកតាត្រូវបានគេទន្ទ្រានយក ប៉ុន្តែមកដល់ថ្ងៃនេះ អាជ្ញាធរមិនទាន់ចាប់ខ្លួននិងមានវិធានការច្បាប់លើអ្នកប្រព្រឹត្តមកដាក់ទោសនៅឡើយ។
ជនជាតិដើមភាគតិចពូនង រស់នៅភូមិពូលូង សង្កាត់រមនា អ្នកស្រី រឿន ហែង ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ដីព្រៃភ្នំដោះក្រមុំប្រហែល២ហិកតាទៀតត្រូវបានជនខិលខូចលួចកាប់ទន្ទ្រាន ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ អ្នកស្រីបន្តថា អ្នកដែលហ៊ានកាប់ទន្ទ្រានរំលោភបំពានយកដីព្រៃភ្នំដោះក្រមុំនេះ មិនមែនជាប្រជាពលរដ្ឋសាមញ្ញធម្មតានោះទេ។
អ្នកស្រី រឿន ហែង បន្តថា ការដែលសកម្មភាពកាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិនៅតែបន្តកើតឡើង ដោយសារអាជ្ញាធរមិនបានចាត់វិធានការច្បាប់លើអ្នកប្រព្រឹត្ត ដែលបានធ្វើឱ្យដីភ្នំប្រមាណ១៥ហិកតា ត្រូវបានរំលោភយកធ្វើជាកម្មសិទ្ធិនាពេលកន្លងមក។
អ្នកស្រីថា៖ «បើអាជ្ញាធរគាត់អត់ធ្វើតាមច្បាប់ផង គាត់ធ្វើលំៗហ្នឹង! បើសិនពួកគាត់ធ្វើច្បាស់ការ ច្បាប់ដឹងតែច្បាប់ គ្មានអ្នកណាហ៊ានធ្វើទៀតទេ។ សង្ស័យអ្នកកាប់ហ្នឹង ពួកគេអ្នកច្បាប់ឱ្យទៅកាប់ក៏មិនដឹង! បើពួកគាត់មិនឱ្យធ្វើ អ្នកណាហ៊ានធ្វើទេ ច្បាប់នៅលើដៃពួកគាត់ហើយ វាមិនដែលគ្រាន់តែដីភ្នំដោះក្រមុំរាប់ឆ្នាំហើយដោះមិនចេញ! ខ្ញុំមិនយល់ហ្មង! សួរថាពួកគាត់ធ្វើជាមន្រ្តីរាជការ ធ្វើការដើម្បីស្អីទៅ ដល់ពេលអ៊ីចឹង!»
អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ស៊ន សារុន មានប្រសាសន៍ថា អាជ្ញាធរបានចុះទៅពិនិត្យដល់ទីតាំងដីនោះ ដោយមានការកាប់ទន្ទ្រានពិតមែន។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីចាត់វិធានការបន្តទៀត។
លោកថា៖ «តាមពិតទៅ មនុស្សវាទៅលួចកាប់ យើងវាអត់ដឹង វាទៅលួចកាប់ទេ! អ៊ីចឹងគ្មានរដ្ឋបាលនិងរដ្ឋអំណាចណាមួយឱ្យទៅធ្វើអ៊ីចឹងទេ។ ប៉ុន្តែករណីកើតហើយ យើងទៅ វាអត់ឃើញមនុស្ស យើងកំពុងកសាងសំណុំរឿងដាក់ទៅតាមនីតិវិធី»។
អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា មូលហេតុដែលដីភ្នំដោះក្រមុំនៅតែរងការរំលោភបំពាននិងទន្ទ្រានយកជាបន្តបន្ទាប់ អាចបណ្ដាលមកពីអំពើពុករលួយ។
លោកថា៖ «អ៊ីចឹងវាធ្វើឱ្យបញ្ហាហ្នឹងកើតឡើង វាមិនមានដំណោះស្រាយទេ សុទ្ធតែអ្នកធំៗហ្នឹង! ហេតុអ្វីបានអាជ្ញាធរមិនទប់ស្កាត់ ហើយអាជ្ញាធរទប់ស្កាត់ណាកើត បើអាជ្ញាធរជាជើងជាដៃរបស់ក្រុមហ្នឹងហើយហ្នឹង ជួនកាលជាក្មួយអីទៅ! អ្នកយកដីភ្នំដោះក្រមុំតាំងពីដើមទី សុទ្ធតែក្រុមធ្វើការងារនៅសាលាខេត្ត នៅសាលាក្រុង នៅក្រសួងអ៊ីចឹង រឿងហ្នឹងដោះអត់ចេញទេ! ដោយសារអី? វាពាក់ព័ន្ធនឹងអ្នកធំៗច្រើនពេក»។
ភ្នំដោះក្រមុំ ស្ថិតនៅកណ្ដាលក្រុងសែនមនោរម្យ ស្ថិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម ត្រូវបានរដ្ឋាភិបាលសម្រេចកាត់ទុកជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច កាលពីឆ្នាំ២០០៤ ដែលគ្រប់ដណ្ដប់លើដីទំហំ១០២ហិកតា ប៉ុន្តែបច្ចុប្បន្ន ផ្ទៃដីភ្នំនេះនៅសល់តែជាង៨៧ហិកតាប៉ុណ្ណោះ៕