តំណាង​ពលរដ្ឋ​២៤៤​គ្រួសារ​នៅ​ខណ្ឌ​ឫស្សីកែវ ស្នើ​ប្រមុខ​រដ្ឋាភិបាល​ដោះស្រាយ​ដីធ្លី​និងផ្ដល់​បណ្ណ​កម្មសិទ្ធិ

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចេញតវ៉ាដោយស្នើឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដោយពួកគាត់អះអាងថា អាជ្ញាធរបានប្រាប់ឱ្យពួកគាត់ដោះដូរដីចេញទៅរស់នៅកន្លែងផ្សេងដែលពុំទាន់ច្បាស់ពីទីតាំងប្រាកដ។ (ជន ចាន់រ៉ែន)

តំណាងពលរដ្ឋ២៤៤គ្រួសារ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចេញតវ៉ាដោយស្នើប្រមុខរដ្ឋាភិបាលធ្វើបណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់ ដោយពួកគេអះអាងថា អាជ្ញាធរ​ចេះតែគេចវេះម្ដងហើយម្ដងទៀត មិនព្រមដោះស្រាយ និងប្រាប់ឱ្យពលរដ្ឋដោះដូរដីក្នុងក្រុងទៅរស់នៅកន្លែងផ្សេង​វិញ។

​ពលរដ្ឋ​ម្នាក់ដែលអះអាងថាជាតំណាងអ្នកភូមិមានជម្លោះដីធ្លីរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អ្នកស្រី​ ហ៊ី​ សុខ​ហ៊ុយ​ មានប្រសាសន៍នៅថ្ងៃទី៨ ខែវិច្ឆិកានេះថា ពួកគាត់​ភាគច្រើន​រស់នៅលើដីនេះចម្លោះពី​២០ទៅ៣០ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែនៅដើមខែកុម្ភៈ​ ឆ្នាំ២០២១នេះ អាជ្ញាធរ​បែរ​ជា​ចោទ​ពួក​គាត់​ថា​ រស់​នៅ​លើ​ដី​ចំណីផ្លូវទៅវិញ។

អ្នកស្រីបន្តថា ​​​កន្លងមក ពួកគាត់ធ្លាប់បានស្នើ​សុំធ្វើបណ្ណកម្មសិទ្ធិដីធ្លីជា​ច្រើនដងដែរ តែអាជ្ញាធរ​មិនអើពើ​ ហើយរហូត​​មក​ទល់ពេលនេះ អាជ្ញាធរ​​​បែរជាប្រាប់ឱ្យពលរដ្ឋដោះដូរដីទៅរស់​នៅ​តំបន់​ដែល​​គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់គ្រាន់ទៅវិញ​។

អ្នកស្រី​លើក​ឡើង​ថា៖​ «ពួកយើង​ចង់បាន​ប្លង់​កម្មសិទ្ធិ​ ដោយសារ​តែ​អាជ្ញាធរ គាត់អត់មាន​ដំណោះស្រាយ​ឱ្យ​​​ខ្ញុំសមរម្យ​​ គិតតែ​ពីដូរ​ដី​ៗ! ដូរឱ្យ​ពួកខ្ញុំទៅនៅ​ឯណា​? បើគ្នា​នៅ​ហ្នឹង​យូរ​ហើយ ​ឱ្យគ្នាទៅ​នៅ​ឯណា?​ តំបន់​ចុងកាត់​មាត់​ញក​ហ្នឹង​ គ្មានទឹក គ្មាន​ភ្លើង​ ហើយឱ្យគ្នាទៅនៅម៉េច?»

ទោះជាយ៉ាងណា អ្នកស្រី​ ហ៊ី​ សុខ​ហ៊ុយ មិនច្បាស់ថា អាជ្ញាធរយកដីនោះទៅអភិវឌ្ឍអ្វីនោះទេ។ តែគាត់ថា ​គាត់​មិន​ជំទាស់​នឹងការអភិវឌ្ឍ​​នោះទេ​ ប៉ុន្តែគាត់ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ​ធ្វើយ៉ាង​ណាឱ្យមានយុត្តិធម៌ ខណៈ​ម្ចាស់សំណង់ធំៗ​អាចបន្តអភិវឌ្ឍ​បាន​នៅ​ភូមិឡកំបោរ តែពលរដ្ឋបែរជាមិនអាចរស់នៅលើដីរបស់ខ្លួនក្នុងភូមិដូចគ្នានេះបាន​​។

ពលរដ្ឋ​ម្នាក់ទៀត​​​ អ្នកស្រី​ សេង សំ ប្ដេជ្ញាបន្តការ​ទាមទារប្លង់​​កម្ម​សិទ្ធិ និងបន្តរស់​នៅ​លើដីនេះដដែល ​ដោយ​​ថា ​​ការផ្លាស់ប្ដូរកន្លែង​ថ្មី​ពិបាក​​ក្នុងការប្រកបមុខរបរ​ចិញ្ចឹមជីវិត។ លោកស្រីបន្តថា នឹងមិនទទួលយកបានទេ ប្រសិន​បើអាជ្ញាធរ​ឱ្យទៅរស់នៅទីតាំងដែលមិនច្បាស់លាស់នោះ។

អ្នក​ស្រីលើ​កឡើ​ងថា៖ «ខ្ញុំ​មក​ហ្នឹង​ចង់​បាន​ប្លង់កម្ម​សិទ្ធិ​រស់​នៅ​កន្លែងនេះ ហើយ​អាជ្ញាធរ​ឱ្យ​ដូរ​ទៅ​ណា ​ខ្ញុំ​អត់​ទៅ! បើអត់​ដោះ​ស្រាយ​ឱ្យ ចេះតែ​តស៊ូទៅ​ តវ៉ារហូតទៅ ព្រោះ​យើង​រស់​នៅ​យូរ​ហើយ​តាំង​ពី​ក្មេង​រហូត​ដល់​សក់​ស្កូវ​អាយុ៦០ជាង​ ព្រោះនៅនេះ ​វាមាន​កន្លែង​រកស៊ី​ ទៅឆ្ងាយ​រក​ស៊ី​មិន​ដឹង​ ឱ្យ​ទៅនៅកណ្ដាលបឹង​អីក៏មិនដឹង»។

ពលរដ្ឋដែលចេញមកតវ៉ាផ្សេងទៀត អ្នកស្រី​ គង់​ វណ្ណា​ បញ្ជាក់ថា​ នឹងមិនចាកចេញពីភូមិកំណើតនោះទេ ព្រោះ​ជារឿងអយុត្តិធម៌ដែលឱ្យ​អ្នកស្រី​ចេញពីលំនៅដ្ឋាន​ដោយមិនមានសំណងសមរម្យ។ ​

អ្នកស្រីលើកឡើងថា​៖ «​ដំណោះស្រាយធ្វើម៉េចធ្វើឱ្យស័ក្តិសម​ទាំងអស់​គ្នា​បានៗ។ ដំបូង​គេកត់ថាជំរឿន​ខ្នងផ្ទះ​ ដល់​មួយអាទិត្យ​បាន​ផ្ដិតមេដៃនិងរូបថត​ ហើយអត់ឱ្យឃើញទាំងអស់​ដល់​សព្វ​ថ្ងៃ​។ ដល់​ចុង​ក្រោយ​មក ឱ្យ​កូនចៅចេញ​ពីដី​។ អ៊ីចឹងអយុត្តិធម៌ណាស់! ហើយធ្វើផ្លូវហ្នឹងក៏មិនប៉ះដល់​ដី [ដីផ្ទះពលរដ្ឋ] ហ្នឹង​ដែរ ម៉េចបានដេញឱ្យចេញពីដីហ្នឹងទាំងអស់​»។

តំណាងពលរដ្ឋម្នាក់ទៀត​​ លោក​ ណំ អ៊ុល​ អះអាង​ថា ​ដីលំនៅដ្ឋានរបស់លោកមិន​ប៉ះពាល់​ដល់​​កា​រ​កសាងផ្លូវទេ​។ តែយ៉ាងណា លោកបង្ហាញជាចម្ងល់ថា ហេតុអ្វីអាជ្ញាធរតម្រូវឱ្យគ្រួសារលោក​ចាកចេញពីទីតាំងភូមិបច្ចុប្បន្នទៅវិញ?

បុរសមានពិការភាព វ័យ៥២ឆ្នាំរូបនេះ ថ្លែងថា លោកនឹងមិនចាកចេញ​ពីរាជធានីភ្នំពេញ ​ហើយទៅរស់​នៅ​កន្លែង​ដែល​មិន​ច្បាស់ថានៅ​ឯណានោះទេ​។​​

លោកលើកឡើងថា​៖ «ពលរដ្ឋខ្ញុំមិនពេញចិត្តទេនឹងការ​ដោះដូរ​ហ្នឹង​ទេ ព្រោះដីខ្ញុំ​នៅសល់​យ៉ាងតិចក៏១០ម៉ែត្រដែរ [គិតជាទទឹង ក្រោយធ្វើផ្លូវរួច]។ ​រួចដីខ្ញុំនៅនឹង​ក្រុង​ ហើយឱ្យទៅនៅកន្លែងចង្អុល​ៗៗ [គឺ]ខ្យល់ដី [ទីតាំងដីមិនច្បាស់លាស់ មិនប្រាកដប្រជា]។ ផ្លូវនេះ វាសម​តែ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​នឹងប្រឡាយនេះ សមតែមាន​សំណង​ មិនគួរ​ណាឱ្យគាត់រស់​នៅ​វេទនាតទៅទៀតនោះទេ​​​»។

យ៉ាងណា លោក​ ណំ អ៊ុល បញ្ជាក់ថា គាត់នឹងពិភាក្សាបន្តទៀតជាមួយសហគមន៍ បើសិនអាជ្ញាធរ​ផ្ដល់សំណង​សមរម្យជាថ្នូរនឹងការចាកចេញ។

អភិបាល​រង​ខណ្ឌឫស្សីកែវ​ លោក​​ ប្រាជ្ញ​ សីហា​ សុំមិនបកស្រាយផ្ទាល់ប្រាប់ វីអូឌី ទេ ដោយលោកមានប្រសាសន៍ថា តួនាទីបកស្រាយគឺនឹងធ្វើឡើងដោយអភិបាល​​ខណ្ឌឫស្សីកែវ លោក ជា ពិសី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

លោកលើកឡើងថា​៖ «បងប្អូន​យើង ​ថ្ងៃ​ព្រហស្បតិ៍ចូលរួម​ដោះ​ស្រាយ ​ប្រជុំ​ជាមួយ​ខណ្ឌ​​។ ​ជជែកគ្នា​ជាមួយអភិបាលខណ្ឌទៅ​ បើខ្ញុំឆ្លើយច្រើន ខុស! យល់ទេ? ឱ្យអភិបាលខណ្ឌមក​ជជែកជាមួយ​ពលរដ្ឋទៅ ព្រោះគាត់ជាមេ។ ថ្ងៃព្រហស្បតិ៍ ម៉ោង៨ [ព្រឹក]។​ ជជែកគ្នាទៅ ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​ ជជែករកដំណោះស្រាយ»។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងថា ជាទូទៅ ពលរដ្ឋមិនចង់ផ្លាស់ប្ដូរទីលំនៅតាមរយៈការដោះដូរដីបែបនេះនោះទេ ដោយសារតាម​បទពិសោធន៍​ដែលពួកគាត់ធ្លាប់ឃើញ គឺពលរដ្ឋដែលដោះដូរដី ច្រើនតែមានជីវភាពយ៉ាប់យ៉ឺនជាងមុន។

លោកមានប្រសាសន៍​ថា៖ «ជាទូទៅ យើងឃើញថា ពលរដ្ឋដែលត្រូវគេបណ្ដេញចេញ ឬក៏ដោះដូរដីធ្លីហ្នឹង ឃើញថា ជីវភាពរបស់ពួកគាត់មិនបានប្រសើរដូចកន្លែងដើមទេ។ អ៊ីចឹងគាត់ម៉េចចង់ទៅ! តើអាជ្ញាធរហ្នឹងចង់យកដីពួកគាត់ទៅធ្វើអី បានជាចង់ឱ្យពួកគាត់រើទៅកន្លែងផ្សេងចឹង?»

លោកបានជំរុញដល់​អាជ្ញាធរ​ធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ​នៅនឹងកន្លែង។ លោកបន្ថែមថា កន្លងមក តាមបទពិសោធន៍ជាក់ស្ដែង ពលរដ្ឋដឹងថា ពេលដែលពួកគាត់ចាកចេញ ដីរបស់គាត់នឹងបានទៅលើអ្នកមានឥទ្ធិពល ខណៈបច្ចុប្បន្ន បញ្ហាដីធ្លីបានកក្រើកជាថ្មី បញ្ហាវិសមភាពក៏កើតឡើង ជាពិសេសពលរដ្ឋសាមញ្ញនិងក្រីក្រ ច្រើនជាអ្នករងគ្រោះ។

បើតាមតំណាងពលរដ្ឋនៅភូមិឡកំបោរ ពួកគាត់មិនច្បាស់ពីទំហំដីសរុបរបស់អ្នកភូមិថាមានប៉ុន្មានហិកតានោះទេ ប៉ុន្តែដីរបស់អ្នកភូមិក្នុងគ្រួសារនីមួយៗ ភាគច្រើនមានទទឹងចន្លោះពី៧ទៅ១០ម៉ែត្រ និងបណ្ដោយពី១០ទៅ២០​ម៉ែត្រ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ