កុមារ​ម្នាក់​ស្លាប់ និង​ផ្ទះ​បណ្ដែតទឹក​ជាង​២០ខ្នង​នៅ​ខេត្តកំពង់ឆ្នាំង​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍ចុះជួយរៀបចំប្រក់ដំបូលផ្ទះ ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំង។ (រដ្ឋបាលខេត្តកំពង់ឆ្នាំង)

យ៉ាងហោចណាស់ កុមារីម្នាក់ស្លាប់ និងខូចខាតផ្ទះបណ្ដែតលើទឹកចំនួន២១ខ្នង ដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀង នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ឥទ្ធិពលខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀង នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង កាលពីម៉ោង៥ល្ងាច​ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញ បាន​បណ្ដាលឱ្យកុមារីម្នាក់​ឈ្មោះ ហុន ណាវី អាយុ៥ឆ្នាំស្លាប់ និង​ផ្ទះទឹក៦ខ្នង​បាក់លិចចូលទឹក ខណៈ​១៥ខ្នងទៀត​​របើកដំបូលស័ង្កសី។

អភិបាលខេត្តរូបនោះបញ្ជាក់ថា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ ក្រុមការងារជំនាញនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបាន​ចុះស្រាវជ្រាវបន្ថែមពីផលប៉ះពាល់ជាក់ស្ដែង រួមទាំងផ្តល់ជាសម្ភារមួយចំនួន និងជួសជុលផ្ទះជូនពលរដ្ឋឡើងវិញផងដែរ ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំឱ្យអភិបាលរងខេត្ត ខាងស្រុក និងកាកបាទក្រ​ហម​ ចុះស្រាវជ្រាវ។ ឥលូវគេចុះទៅមើលទីតាំងកើតហេតុនោះហើយ ដើម្បីវាយតម្លៃពីការខូចខាតអស់ប៉ុន្មាន។ នៅពេលពិនិត្យមើលហើយ គេនឹងចែកជាសម្ភារជូនពលរដ្ឋរងគ្រោះ អង្ករ ទឹកស៊ីអ៊ីវ​ ទឹកត្រី ត្រីខ មី ជូនគាត់ និងជួយជួសជុលផ្ទះជូនពួកគាត់ទៀតផង»។

ទាក់ទិននឹងបញ្ហានេះដែរ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បាតុភូតធម្មជាតិ​ខ្យល់កន្ត្រាក់ក៏បាន​ប៉ះពាល់​ដល់​ភូមិ​ចំនួន៣ នៃ​ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយក្នុងនោះបណ្ដាលឱ្យមនុស្សម្នាក់​​ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស រួមទាំងផ្ទះ​៤៣ខ្នងខូចខាតផងដែរ។

យោង​តាម​របាយការណ៍របស់​​​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែលបានផ្សព្វផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ​២០២១ បាន​ឱ្យដឹងថា ក្នុងអំឡុងពេល៨ខែ ឆ្នាំ២០២១នេះ គ្រោះធម្មជាតិរន្ទះបាញ់ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ បាន​កើត​មានឡើងចំនួន៦៣០លើក បណ្ដាល​​ឱ្យ​​មនុស្ស​ស្លាប់​៩៤​នាក់​​​​​ និង​របួស​១៥៨​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ