រដ្ឋាភិបាល​អូស្ត្រាលី​ផ្ដល់​វ៉ាក់សាំង​ជាង​២លាន​ដូស​ដល់​កម្ពុជា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបលោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលអូស្ត្រាលី សម្រេច​ផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ​ជាង២លានដូសដល់ប្រទេស​កម្ពុជា ដែលក្នុង​នោះ វ៉ាក់សាំង​ចំ​នួន​១លានដូសនឹងត្រូវបញ្ជូនមកមុនដំណាច់ឆ្នាំនេះ។

ការបញ្ជាក់ពីការផ្ដល់ជំនួយនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី នៅវិមានសន្តិភាព នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ។

យោងតាមការផ្សព្វផ្សាយ​នៅលើបណ្ដាញសង្គមហ្វេស​ប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រី ម៉ារីស ផេន បាន​វាយតម្លៃខ្ពស់ចំពោះ​វិធាន​ការ​ទប់​ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា តាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការចាប់ផ្ដើមឱ្យ​សិស្សចូលរៀនវិញ និងបើកប្រទេសឱ្យ​​ប្រជាពលរដ្ឋរស់នៅតាមបែបគន្លងថ្មី។                                      

លោកនាយករដ្ឋមន្ត្រីបន្តថា​ ជាមួយគ្នា​នោះ​ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានូវ​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន «២លាន ​៣សែនដូស» ដែលក្នុងនោះ វ៉ាក់សាំង​ចំនួន១លាន​ដូសនឹង​ត្រូវ​ប្រគល់ជូនកម្ពុជា​មុន​ដំណាច់ឆ្នាំនេះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់​ប្រទេសអូស្ត្រាលីដែលបានផ្ដល់​វ៉ាក់សាំងដល់កម្ពុជានៅពេលខាងមុខ។

ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់​​ថា​៖ «អូស្ត្រាលីបានជួយកម្ពុជាច្រើន ជាពិសេសលើវិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្កាត់ពូជស្រូវ ដែលហៅកាត់ថា “Cadi” លើវិស័យយោធា លើវិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជា និងការបើកឱ្យ​សិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី លើវិស័យសុខាភិបាល តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា»។

ក្នុងក្របខណ្ឌអាស៊ាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថា អូស្ត្រាលីនឹ​ង​ចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពី​ការកាត់​ផ្ដាច់​ដោយ​កូវីដ-១៩។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ដល់​ប្រជាជន​​បានចំនួន ៨៧,៤៣% ធៀប​នឹង​ចំនួន​ប្រជាជនសរុប១៦លាន​នាក់​ ក្នុង​នោះ បានចាក់លើ​ប្រជាជនអាយុពី១៨ឆ្នាំឡើង មានចំនួន​ ១០០,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, ​លើ​កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មានចំនួន​ ៩៨,៣២% ធៀប​ជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨នាក់, លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២​ឆ្នាំ មានចំនួន​ ១០៣,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២​នាក់, លើកុមារអាយុ០៥ឆ្នាំ មានចំនួន​​ ៦៣,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧​នាក់៕

កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវ​ចំណងជើង និងកថាខណ្ឌទី១ និងទី៤ ត្រង់ចំណុច៖ «រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានូវ​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣លាន ​២សែន ៥ម៉ឺនដូស…»។ ខ្លឹមសារដែលត្រឹមត្រូវគឺ «រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានូវ​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២លាន ​៣សែនដូសវិញ…»។ ការកែសម្រួលនេះ ​ធ្វើឡើង​​តាម​រយៈ​​​ការ​​បញ្ជាក់ជាថ្មី​​​​របស់មន្ត្រី​​​ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ