សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ព្រៃមួយ​ដើម្បី​តាម​ចាប់​អ្នកទោស​៧នាក់​ដែល​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

អ្នកទោសដែលបានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែអ ដែលសកម្មភាពរត់គេចនោះធ្វើឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង)

សមត្ថកិច្ចខេត្តស្ទឹងត្រែង អះអាងថា ពួកគេកំពុងឡោមព័ទ្ធព្រៃមួយកន្លែង​ ដើម្បីតាម​​ចាប់ខ្លួនអ្នកទោស៧នាក់ដែលបាននាំគ្នារត់ចេញពីពន្ធនាគារ កាលពីយប់រំលងអធ្រាត្រម្សិលមិញ។

កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោស៧នាក់ដែលភាគច្រើនជាអ្នកទោសគ្រឿងញៀន បានវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយនាំគ្នាលួចរត់គេចខ្លួនបាត់។ នេះ​បើ​តាម​ការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេស​ប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តនេះ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​ថា ក្រោយអ្នកទោសទាំងនោះរត់គេចខ្លួន សមត្ថកិច្ចខេត្ត​បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ជាតិ និងកម្លាំងខាងពន្ធនាគារផង ដើម្បីតាមចាប់អ្នកទោសទាំង៧នាក់នោះមកវិញ។

ស្នងការរូបនេះឱ្យដឹងថា ពេលនេះ សមត្ថកិច្ចកំណត់បានទីតាំងលាក់ខ្លួនអ្នកទោសខ្លះ ហើយ​​សមត្ថកិច្ចកំពុងឡោមព័ទ្ធព្រៃមួយកន្លែង ដើម្បីចាប់ខ្លួនអ្នកទោសទាំងនោះ។

លោកបន្ថែមថា៖ «យើងកំពុងឡោមព័ទ្ធ ព្រោះអ្នកទោសខ្លះបានរត់ចូលព្រៃ​។ ខាងសមត្ថកិច្ចកំពុងដុតដៃដុតជើង។​ ឥលូវនេះ​ ក្រសួងក៏គាត់មកជួយ មានអាវុធហត្ថ មានទាហាន មានប៉ូលិស និងកម្លាំងខាងពន្ធនាគារខិតខំដែរ រហូតមកម៉ោងនេះ [រសៀលថ្ងៃអង្គារនេះ] មិនទាន់មានអ្នកណាញ៉ាំបាយនៅឡើយទេ»

កាលពីខែមេសា ឆ្នាំ២០២០ នៅខេត្តកំពង់ស្ពឺ មានអ្នកទោសជិត៣០នាក់បានហែកគុកបម្រុង​រត់​គេច​ខ្លួន ដោយ​​អ្នកទោសទាំងនោះបានព្រួតវាយមន្ត្រីពន្ធនាគារ៤នាក់ឱ្យរងរបួស ហើយបានរត់ឡើងលើដំបូលអាគារគុក ប៉ុន្តែត្រូវបានមន្ត្រីនគរបាលឡោមព័ទ្ធចាប់បានវិញ។

ដោយឡែក នៅក្នុងមករា ឆ្នាំ២០២១នេះ ក៏មានករណី​អ្នក​ទោស៤នាក់​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល ខណៈ​ក្នុងខែសីហាឆ្នាំនេះដែរ ក៏មាន​អ្នកទោស​៤នាក់ទៀតបានរត់គេចពីពន្ធនាគារខេត្តកណ្ដាល​ដែរ ប៉ុន្តែ​សមត្ថកិច្ចបានឡោមព័ទ្ធចាប់បានវិញភ្លាមៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ