ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត រង​ការ​ចោទ​ថា​បាន​ប្រើ​ឈ្មោះខ្មោច​ដើម្បី​កិបកេង​លុយ​បេសកកម្ម​ប្រឆាំង​កូវីដ-១៩

ក្រុមគ្រូពេទ្យក្នុងឈុតការពារកូវីដ-១៩ កំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត)

បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បាន​ចោទប្រកាន់ប្រធានមន្ទីរ​​ពេទ្យ​​នេះ​​ ​​ថាបាន​​ប្រព្រឹត្តអំពើពុករលួយ តាមរយៈការ​បង្កើតបញ្ជីឈ្មោះខ្មោច ដើម្បីទទួល​​​បាន​​លុយ​ពី​​ប្រ​​តិ​​បត្តិ​​កា​​​​រ​​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

តាមរយៈសារ​​សំឡេងបែកធ្លាយរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែល​​ វី​​អូ​​​ឌី ទទួល​បាន​នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យដឹងថា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយ​ប៉ែត​ លោក ឱក ទីន​ណា បា​​ន​​​​​ប្រើឈ្មោះបុគ្គលិកសុខាភិបាលចំនួន១១នាក់ដែលមិន​​មានភារកិច្ច​​ចូល​រួម​បម្រើការងារ ឬហៅថាជាឈ្មោះខ្មោច ដាក់បន្លំ​​ចូល​ទៅ​​ក្នុង​​បញ្ជីសម្រាប់បេសកកម្ម​​​​​​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។

ប្រភព​ដដែល​បន្ថែម​ថា សម្រាប់បុគ្គលិកសុខាភិបាលទាំង១១នាក់ដែលជា​ឈ្មោះខ្យល់​ឬ​ឈ្មោះ​ខ្មោច​ តែមិនមានអ្នកធ្វើការ​នេះ គឺក្នុង​ម្នាក់ៗ​​​​​ទទួល​​បាន​​​ប្រាក់​​ឧបត្ថម្ភ​ដែល​​ជាកញ្ចប់ថវិកាពីរដ្ឋាភិបាលចំនួន២០​​ម៉ឺន​​រៀលក្នុងមួយថ្ងៃ។

តាមរយៈ​​សា​​រ​​សំឡេងបែកធ្លាយនេះបញ្ជាក់ថា ម្ចាស់ឈ្មោះដែលជាបុគ្គលិកសុខាភិបាល​នោះមិនដែលបានដឹង​​ថា ខ្លួន​ត្រូ​​វ​​មាន​​ឈ្មោះ​បំពេញ​​ការ​​ងារ​ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​នេះទេ ហើយ​ថវិកា២០ម៉ឺនរៀលក្នុងមួយថ្ងៃ​​​នោះទៀតសោត ក៏ពួកគេ​​មិនដែលទទួលបានផងដែរ។

ប្រភពបន្តថា៖ ​«២៨ថ្ងៃហើយ ក្នុងមួយថ្ងៃ៥០ដុល្លារ​ ហើយ​បូកនឹ​ង​អា៧ថ្ងៃ អាហ្នឹងស្អី​​គេ? មក​​ធ្វើ​ការ​​នៅមន្ទីរពេទ្យស្អី! បើមិនដែលមកជាន់មន្ទីរពេទ្យផង ហើយហិរញ្ញប្បទាន​​ប្រហែល​​គេ​ដែរ​​។ អត់ទេ ដកចេញ! អ្នកណាអត់ធ្វើការហើយយកលុយកូវីដ ដកឈ្មោះចេញ»។

បន្ថែមលើសារ​សំឡេងបែកធ្លាយនេះ វីអូឌី ក៏បានទទួលលិខិតមួយច្បាប់ដាច់ដោយ​​ឡែក​​មួយ​​​​​​ទៀត ក្នុងថ្ងៃតែមួយ ពីក្រុមបុគ្គលិក​​សុខា​​ភិបាល​នៃមន្ទីរពេទ្យបង្អែក​​ប៉ោយ​​ប៉ែតដែរ​។ ក្នុង​​ខ្លឹម​​​សារ​លិខិតនោះ គឺប្ដឹងប្រធានមន្ទីរពេទ្យ​​បង្អែក​ ​​លោក ឱក ទីនណា ពីបទ ​​«ប្រព្រឹត្ត​​អំពើ​​ស៊ី​​សំ​​​ណូក និងកិបកេងលុយបេសកកម្មប្រយុទ្ធប្រឆាំង​កូវីដ-១៩»​ ទៅអង្គភាព​​ប្រ​​ឆាំង​​​​អំ​​ពើពុករលួយ។

យោងតាមលិខិតដដែលនេះ បន្ថែមថា ក្រៅពីប្រើល្បិចភូតកុហកដូច្នេះហើយ លោក ឱក ទីន​​ណា និង​បក្ខពួកផ្សេងទៀត បានព្យាយាមប្រើប្រាស់លិខិតក្លែងក្លាយ ឡូហ្គូ និងពុម្ពអក្សរ របស់​​អង្គភាព​​​​ប្រឆាំង​​អំពើពុករលួយថែមទៀតផង។ អត្ថន័យរបស់លិខិតនេះ លោក ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ពីភាពស្អាតស្អំរបស់ប្រធាន​​មន្ទីរ​​ពេទ្យបង្អែកក្រុងប៉ោយប៉ែត ថាមិនមានមន្ទិលសង្ស័យអ្វីទៀតឡើយ។

ដោយឡែក បុគ្គលិកសុខាភិបាលម្នាក់ដែលបានផ្ដល់សម្ភាសន៍ជាមួយ វីអូឌី នៅថ្ងៃអង្គារនេះ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ អះអាងថា តាមពិតលិខិតនេះគឺជាលិខិត​​ក្លែង​​​​ក្លាយដែលមិនមានទាំងកាលបរិច្ឆេទ លេខចូល និងហត្ថលេខារបស់លោក ឱម យិន​​ទៀង ថែមទៀតផង។ ក្រោយបិទបាន២ម៉ោងនៅជាប់ជញ្ជាំង លិខិតដែលសម្អាងហេតុថា «មានភាពស្អាតស្អំ» ចេញពីអង្គភាពប្រឆាំងអំពើពុករលួយនេះក៏បានបក​​ចេញទៅ​​វិញ​​ភ្លាម​​ដែរ​​។ 

វីអូឌី បានព្យាយាមសុំការឆ្លើយតបជាច្រើនដងតាមទូរសព្ទពីប្រធានមន្ទីរពេទ្យបង្អែកក្រុង​​ប៉ោយប៉ែត លោក ឱក ទីនណា ដែលរងការចោទប្រកាន់នេះ ប៉ុន្តែមិនមានការឆ្លើយតប។ ខណៈប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ​មិនអាចសុំការ​​អត្ថា​​ធិប្បាយបាន។

ចំណែក ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ​លោក ឡេ ច័ន្ទ​​សង្វាត មិនអាចទាក់​ទង​បាន នៅថ្ងៃអង្គារ​នេះ។

បើទោះជាបែបណា វីអូឌី ទទួលបានលិខិតបដិសេធមួយច្បាប់របស់ប្រធានមន្ទីរពេទ្យ​​បង្អែក​​​​ក្រុង​​​ប៉ោយប៉ែត ​​​​លោ​ក ​ឱក ទីនណា កាលពីដើមខែ​វិច្ឆិកា ឆ្នាំ២០២១​នេះ ដោយ​​លោក​អះ​​អាង​​​​ថា ការិយាល័យសុខាភិបាលក្រុងប៉ោយប៉ែត មិនបានប្រព្រឹត្តអំពើពុករលួយដូចការ​​ចោទ​​ប្រកាន់នេះទេ។

បន្ថែមលើលិខិតបដិសេធនេះដែរ បុគ្គលិកផ្នែករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកក្រុង​ប៉ោយប៉ែត អ្នកស្រី សុវ​ណ្ណ ដួងដាវ បាន​​​​​​ថ្លែងថា នេះជារឿងមិនពិតឡើយ។ អ្នកស្រីបន្ត​ថា ខាងមន្ទីរពេទ្យមិន​​ដែល​​​បាន​​ដាក់​​ឱ្យ​​​អនុវត្តផែនការខុសពីគោលការណ៍ដែល​​ក្រសួងសុខាភិបាល​​ចេញឡើយ​។​​

ម្យ៉ា​ង​​​​​​វិញ​​ទៀត អ្នកស្រីថា ខាង​​មន្ទីរពេទ្យក៏នឹងមិនតបតតាមនីតិវិធីច្បាប់អ្វីឡើយ ទៅប្រឆាំងអ្នករិះគន់ដែល​​មិន​​​​​​មានមូលដ្ឋាន​​​​ពិតប្រាកដបែបនេះ​។

អ្នកស្រីបន្តថា៖ «ទេ! ខ្ញុំអត់មានគោលបំណងដែលថាចង់ប្ដឹងពួកគាត់អីវិញទេ គ្រាន់តែថា គាត់​​យក​​​​ព័ត៌​​មាន​​មិនពិតយកទៅបរិហារកេរ្តិ៍តាមកាសែត តាមអីអ៊ីចឹង គឺវាមិនត្រឹមត្រូវ»។

ដោយឡែក មន្រ្តីនាំពាក្យសមាគម​ការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា បើរឿងនេះជាការពិត នោះ​​ជារូបភាព​អាក្រក់មួយសម្រាប់​ប្រព័ន្ធសុខាភិបាល ហើយនីតិ​បុគ្គល​​​ដែល​​​​រង​​​អំពើ​ក្នុង​បោក​បញ្ឆោត គួរដាក់បណ្ដឹងទៅស្ថាប័នពាក់ព័ន្ធ ដើម្បីទាមទារ​​រក​យុត្តិធម៌​​។ ​​បើ​​តាម​​អ្នកការពារ​​សិទ្ធិមនុស្សរូបនេះ អ្វីដែលសង្គមស៊ីវិលចង់ឃើញនោះ គឺ​ក្រសួងសុខា​​ភិ​​បាលគួរបើកការស៊ើបអង្កេត​ដោយ​ម៉ត់​ចត់​មួយ និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិន​​បើ​​រក​​ឃើញ​ថា ពិតជាមានអំពើពុករលួយកើតឡើងបែបនេះមែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ