ក្រោមប្រតិបត្តិការរយៈពេលជាង ៤៨ ម៉ោង សមត្ថកិច្ចបានរកឃើញនិងចាប់ឃាត់ខ្លួនត្រលប់មកវិញនូវទណ្ឌិតហែកគុកនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងបានចំនួន៣នាក់ ខណៈ៤នាក់ទៀតកំពុងតាមស្វែងរក។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះ សមត្ថកិច្ចចម្រុះបានស្វែងរកនិងចាប់ខ្លួនទណ្ឌិតបានចំនួន ៣ នាក់ មកវិញ នៅក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ ក្នុងនោះរួមមាន ទណ្ឌិតឈ្មោះ ភិត ងិន អត្តលេខ ST ០០២១១៩ ដែលជាប់ពន្ធនាគារ៤ ឆ្នាំ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន ទណ្ឌិតឈ្មោះ វ៉ាន់ ភូ អត្តលេខ ST ០០២១១៥៣ ជាប់ពន្ធនាគារ២០ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងទណ្ឌិត ឈ្មោះ ទូច វ៉ាត អត្ថលេខST០០ ដែលជាប់ពន្ធនាគារ ៣០ឆ្នាំពីបទជួញដូរគ្រឿងញៀន។ ទណ្ឌិតរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញ តាំងពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា នៅចំណុចវាលស្រែ ស្ថិតនៅភូមិបាចុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បើតាមលោក នុត សវនា ពួកគេនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារបន្ថែមចន្លោះពី១ឆ្នាំដល់៣ឆ្នាំ តាមមាត្រា ៥៦០ និងមាត្រា ៥៧០ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
សូមរំលឹកជូនថា អ្នកទោស៧នាក់ដែលភាគច្រើនជាអ្នកទោសគ្រឿងញៀន បាននាំគ្នារត់គេចខ្លួន បន្ទាប់ពីបានវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង នៅវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕









