មន្ត្រី​ប្រាប់​មូលហេតុ​ដែល​ក្រសួង​មិន​អាច​លើកលែង​ទោស​ទណ្ឌិត​ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ

រថយន្ត​ពន្ធនាគារ​ដែល​ដឹក​លោក រ៉ុង ឈុន ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (ខាន់ លក្ខិ​ណា​)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាង​ថា ការដែលក្រសួងពាក់ព័ន្ធមិនបាន​លើក​លែងនិង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​​ក្នុងពិធីបុណ្យឯករាជ្យជាតិឆ្នាំនេះ​ ដោយ​សារ​ទុកធ្វើសរុប​ក្នុង​ពិធី​បុណ្យ​អុំទូកនា​ចុង​ខែ​នេះ។

មាត្រា៣ នៃព្រះ​រា​ជ​ក្រឹត្យស្ដីពី «ការបន្ធូរបន្ថយ​ទោស និងការលើកលែងទោសទណ្ឌិត» ដែល​ប្រកាស​ឱ្យ​ប្រើប្រាស់​​នៅ​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០២១ ចែងថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយ​ទោសនិង​ការលើកលែងទោស​ចំពោះទណ្ឌិត ត្រូវកំណត់៥ដងក្នុងមួយឆ្នាំ ក្នុងនោះមាន ទិវាជ័យជម្នះលើ​របបប្រល័យពូជសាសន៍ (៧មករា), ពិធីបុណ្យចូលឆ្នាំថ្មី​​ប្រពៃណីជាតិ, ពិធីបុណ្យពិសាខ​បូជា, ពិធីបុណ្យឯករាជ្យជាតិ និង​​ព្រះ​រាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និ​​​ង​សំពះព្រះខែ អកអំបុក។

ក្រៅពីនេះ ព្រះរាជក្រឹត្យក៏បានចែងដែរថា ការលើកលែងទោសនិងបន្ធូរបន្ថយទោសក៏អាចធ្វើផងដែរចំពោះ​ពិធីបុណ្យឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។

ប៉ុន្តែក្នុង​ «ទិវា​បុណ្យ​ឯករាជ្យ​ជាតិ» ដែលរដ្ឋាភិបាលប្រារព្ធ​កាលពីថ្ងៃ​ម្សិល​មិញ មិន​មាន​ទណ្ឌិត​ណាម្នា​ក់​ត្រូវបាន​ប្រកាស​ពី​ការលើកលែងទោសនិងបន្ធូរបន្ថយទោស​នោះទេ។ មួយវិញទៀត ក្រសួងយុត្តិធម៌ ក៏មិនបាន​ប្រកាសជាសាធារណៈ​​ពីមូលហេតុនេះដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សុំមិនធ្វើអត្ថាធិប្បាយ ដោយជំរុញឱ្យទៅសួរអ្នក​នាំពាក្យមួយរូបទៀត គឺ​លោក គឹម សន្តិភាព តែ VOD នៅតែមិនអាចសុំការបញ្ជាក់បាន។

ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា បញ្ជាក់​ថា វិធាននេះ​ត្រូវ​ធ្វើរួម​គ្នា​នៅក្នុងពិធីបុណ្យអុំទូក​តែមួយ ដោយសារ​ទិវាបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក កៀកគ្នា​ពេកដែល​ធ្វើ​ឱ្យ​​ជួបបញ្ហាខ្លះក្នុងការរៀបចំ។

លោកថា៖ «អាហ្នឹងយើងបូកជាមួយបុណ្យតាំងតុ ធ្វើការចូលគ្នាទៅតាមហ្នឹង ព្រោះវាកៀកគ្នាពេក [បុ​ណ្យ​​អុំទូកមែន?] បាទ! បុណ្យអុំទូកហ្នឹង គេហៅបុណ្យតាំងតុ»។

តែយ៉ាងណា លោកមិនទាន់​អាចបញ្ជាក់បានទេថាតើ​នឹង​មាន​ទណ្ឌិត​សរុ​បប៉ុន្មាន​នាក់ត្រូវ​​លើក​លែង​ទោសនិ​ងបន្ធូរបន្ថយទោសនៅក្នុងពិធីបុណ្យអុំទូកនោះទេ ដោយថា នេះជាការសម្រេចរបស់ក្រសួងយុត្តិធម៌។

អ្នកស្រី សំ រចនា នៅភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវជាប្អូនស្រីបង្កើតអ្នក​ស្រី សំ សុខា ដែល​អនុវត្តទោស​​ជិត​ច​ប់​ ហាក់មិនមានសង្ឃឹមថា បងស្រីរបស់​​គាត់​នឹងត្រូវ​បាន​គេ​លើកលែង​ទោសក្នុងពិធីបុណ្យជាតិខាងមុខនេះទេ ដោយថា​ ច្រើនខែមកនេះ មេធាវីបានដាក់​ពាក្យ​សុំ​ទៅតុលាការ​ដែរ​ តែគ្មានការឆ្លើយតប។

អ្នកស្រីថា៖ «បើតាមពួកខ្ញុំគិត គាត់ប្រហែលជាអត់ ប្រហែលជាអត់បានចេញ [លើកលែងទោស] ព្រោះអីពិបាកដែរ និយាយឱ្យចំទៅ ទោសរបស់គាត់ប៉ះចំគេអ្នកធំដែរ គ្មានសង្ឃឹមថាបានចេញទេ តែសង្ឃឹមថាដល់​ខែ២ [ខែកុម្ភៈ ឆ្នាំ២០២២]»។

បើតាមប្រភពដដែល អ្នកស្រី សំ សុខា បានអនុវត្ត​ទោសបានជាង​៣ឆ្នាំហើយ ក្នុងចំណោមទោស៤ឆ្នាំ ដែល​ផ្ដន្ទាទោសដោយសាលាដំបូងខេត្ត​កំ​ពង់​​ស្ពឺ ក្រោយ​ពី​គាត់​​ត្រូវបាន​នាំខ្លួន​ពី​ប្រទេសថៃ​ អំឡុងខែ​កុម្ភៈ​ ឆ្នាំ២០១៨​ ទោះបីជា​ស្ត្រីរូបនេះទទួល​បាន​សិទ្ធិ​ជ្រកកោន​ពីឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន (UNHCR)​ ក៏ដោយ។​ 

ស្ត្រីវ័យ​ជាង៤០ឆ្នាំរូបនេះជាប់ចោទ​ពីបទ «បទប្រមាថ និង​​​ញុះញង់​ឱ្យមាន​ការរើសអើង​» បន្ទា​ប់​ពី​​អ្នកស្រី​បានបង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​ស​កម្មភាព​របស់​អ្នកស្រី​កំ​ពុ​ង​គប់ស្បែក​ជើង​ទៅលើ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។

នាយករងទទួលទទួលបន្ទុកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ និងជាអង្គការឃ្លាំមើលសិទ្ធិអ្នកជាប់​ឃុំផង​នោះ លោក អំ​ សំអាត មានប្រសាសន៍ថា ការខកខាននេះជា​ការព្រួយបារម្ភមួយ ពីភាពចង្អៀត​ណែន​​ក្នុង​ពន្ធនាគារ ដែលរដ្ឋាភិបាលមិនទាន់អាចដោះស្រាយ​បាន។

លោកថា៖ «ការលើកលែងនិងការបន្ធូរបន្ថយទោសនេះ ក៏វាជួយបន្ធូរបន្ថយភាពចង្អៀតណែនហ្នឹងដែរ។ អ៊ី​ចឹង​ខ្ញុំគិត​ថា វាគួរតែអនុវត្តតាមនីតិវិធី តាមបទដ្ឋានហ្នឹងទៅ វាជារឿងល្អជាង»។

យ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យក្រសួងពាក់ព័ន្ធពង្រឹងយន្តការនេះដោយមិនរើ​សអើងនិងគ្មានអំពើពុករលួយ ដើម្បីឱ្យអ្នកជាប់ឃុំទទួលបានឱកាសស្មើគ្នាចំពោះមុខច្បាប់។ 

យ៉ាងនេះក្ដី នៅពេលថ្មីៗនេះ ក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសមួយ​ដោយ​ជំរុញទៅ​សាលាដំបូងរាជធានី-ខេត្ត ឱ្យពន្លឿន​ដោះស្រាយ​សំណុំ​រឿង​ដែល​កក​ស្ទះ​ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ប្រ​កបដោយស្មារតីទទួលខុសត្រូវខ្ពស់ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»

ដោយ​ឡែក អង្គការ​​លើកលែង​​ទោស​​អន្តរជាតិ (Amnesty International) កាល​ពីដើម​ឆ្នាំមុន បាន​បង្ហាញ​របាយការណ៍​មួយ​ថា ​គិត​​ត្រឹម​​ខែ​មីនា ​ឆ្នាំ​​២០២០ ​អ្ន​ក​​ជាប់​ឃុំ​នៅ​​ទូទាំង​​ប្រទេស​មាន​​​​ជិត៤០ ០០០​​នាក់​ ខណៈ​ពន្ធនាគាររបស់​កម្ពុជា អាច​​ដាក់​​អ្នកជាប់ឃុំ​បាន​ប្រមាណ២៦​ ០០០​នាក់​តែ​​ប៉ុណ្ណោះ។​

អង្គការ​អន្តរ​ជាតិ​នេះ​បញ្ជាក់​​ថា៖​ «វិបត្តិ​នៃ​ការ​​ចង្អៀត​ណែន​ក្នុង​​ពន្ធនាគារនេះ​ កំពុង​បង្ក​ឱ្យ​​មាន​​ការ​​រំលោភ​​បំពាន​​យ៉ាង​​ធ្ងន់ធ្ងរ និង​លក្ខណៈ​ជា​ប្រព័ន្ធ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ