សមត្ថកិច្ច​ចាប់​បាន​អ្នកទោស​ម្នាក់​ក្នុង​ចំណោម​៧នាក់​ដែល​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

អ្នកទោសម្នាក់ដែលបានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែអ ដែលសកម្មភាពរត់គេចនោះធ្វើឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង)

សមត្ថកិច្ចខេត្តស្ទឹងត្រែង អះអាងថា ពួកគេចាប់បានអ្នកទោសម្នាក់មកវិញ ក្នុងចំណោមអ្នកទោស៧នាក់ដែល​បាន​នាំគ្នារត់ចេញពីពន្ធនាគារកាលពីយប់រំលងអធ្រាត្រដើមសប្ដាហ៍នេះ។

កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោស៧នាក់ដែលភាគច្រើនជាអ្នកទោសគ្រឿងញៀន បានវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយនាំគ្នាលួចរត់គេចខ្លួនបាត់។ នេះ​បើ​តាម​ការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេស​ប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តនេះ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា ប្រាប់ វីអូឌី នៅព្រឹកថ្ងៃពុធនេះ​ថា កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២១នេះ ក្រុមសមត្ថកិច្ចបាន​ឡោមព័ទ្ធចាប់បានអ្នកទោសម្នាក់ និងកំពុង​ស្រាវជ្រាវចាប់៦នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន។

ស្នងការរូបនេះបញ្ជាក់ថា អ្នកទោសដែលចាប់បានវិញនោះឈ្មោះ ទូច វ៉ាត់ ជាប់ទោស៣០ឆ្នាំ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ដោយក្រុមសមត្ថកិច្ចឡោមព័ទ្ធចាប់បាននៅត្រង់ចំណុចភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកបន្ថែមថា៖ «ឥលូវយើងនេះ ចាប់ម្នាក់ហើយ តាំងពីម្សិលមិញពេលល្ងាចម៉ោងជាង៨។ ហើយ អ្នកផ្សេងទៀត កម្លាំងយើងកំពុងសហការជាមួយកម្លាំងសមត្ថកិច្ចពីក្រសួងតាមចាប់យ៉ាងយកចិត្តទុកដាក់ហើយ»

កាលពីថ្ងៃ​ម្សិលមិញនេះ ក្រុមសមត្ថកិច្ចបានឡោមព័ទ្ធព្រៃមួយកន្លែង​ ដើម្បីតាម​​ចាប់ខ្លួនអ្នកទោស៧នាក់ដែលបាននាំគ្នារត់ចេញពីពន្ធនាគារ ក្រោយសមត្ថកិច្ចកំណត់បានគោលដៅលាក់ខ្លួនរបស់អ្នកទោសទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ