អត្ថបទ​ទស្សនៈ​៖ ខួប​ទី​៣០​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ដែល​ជា​កិច្ច​ព្រមព្រៀង​នៅ​តែ​ត្រូវ​បន្ត​អនុវត្ត

ក្រុម​សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​សម្ព័ន្ធ​សហជីព បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ក្រោយការបញ្ចប់ទៅនៃសង្គ្រាមត្រជាក់ សង្គ្រាមខ្ចីដៃឬសង្រ្គាមអាយ៉ង (proxy war) នៅកម្ពុជាក៏បានបញ្ចប់ដោយមានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថាជា «កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១» ដោយបានបញ្ចប់សង្គ្រាមហាសោកនាដកម្ម។

កិច្ចព្រមព្រៀងនេះបានរួមចំណែកកសាងសន្តិភាពឡើងវិញនៅកម្ពុជា តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងធានាជាអន្តរជាតិបង្ការទប់ស្កាត់កុំឱ្យមានសង្គ្រាម ការរំលោភសិទ្ធិមនុស្សនិងការរំលោភលើអធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនរំលោភបាននៃដែនដី អព្យាក្រឹត្យភាពនិងឯកភាពជាតិកម្ពុជា ដែលជាប្រភពនៃជម្លោះប្រកបដោយសោកនាដកម្មនិងការបង្ហូរឈាមពីមុននោះនិងទៅអនាគតទៀត។

បញ្ហាវិបត្តិនយោបាយរបស់ប្រទេសកម្ពុជា គឺជាបញ្ហាដ៏ក្ដៅបំផុតមួយ​ទាក់ទងទៅនឹងនយោបាយអន្តរជាតិ​ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អរិភាពមហាអំណាច ដោយមានប្រទេស​ធំមួយ​ចំនួនដូចជា ចិននិងសូវៀត, ចិននិងវៀតណាម, ចិននិងអាមេរិក, ចិននិងបណ្ដាប្រទេសអាស៊ាន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំដែលមានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនយោបាយនៃសតវត្សរ៍ទី២០ ដែលអង្គការសហប្រជាជាតិចូលរួមអន្តរាគមន៍ ដោយមានភ្លើងខៀវពីមហាអំណាចទាំងប្រាំដែលជាសមាជិក​ក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ។ សន្ធិសញ្ញានេះបានពន្លត់ភ្លើងសង្គ្រាមខ្ចីដៃ ឬសង្គ្រាមអាយ៉ង (proxy war) នៅកម្ពុជាដែលមានរយៈពេលជាងមួយទសវត្សរ៍។ ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនេះបាននាំឱ្យកម្ពុជាអាចផ្សះផ្សាជាតិ ឯកភាពជាតិ ស្ដារឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ដែលផ្ដល់ផលប្រយោជន៍ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ផងដែរ។

ទស្សនៈមួយចំនួនបានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសត្រូវអស់សុពលភាពដោយសម្អាងនៅក្នុងផ្នែកទី១ ស្ដីអំពី ដំណាក់កាល អន្តរកាល ដែលក្នុងមាត្រា១ ចែងអំពីការចាប់ផ្ដើមនិងការបញ្ចប់នៃដំណាក់កាលអន្តរកាល ពោលគឺមិនបានចែងពីការបញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទាំងមូលនោះទេ។ ពួកគេបន្តអះអាងថា គេបានបញ្ចូលខ្លឹមសារដទៃទៀតនៃកិច្ចព្រមព្រៀងនេះទៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣រួចហើយ។ តាមពិតទៅ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងអន្តរជាតិ​ដែល​មាន​លក្ខណៈ​ជា​ឯកសារផ្លូវច្បាប់អន្តរជាតិ។

បើយោងតាមមាត្រា៥៦ នៃអនុសញ្ញាទីក្រុងវិយែន ស្ដីពីច្បាប់ស្តីពីសន្ធិសញ្ញា (Vienna Convention on the Law of Treaties), កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅតែមានសុពលភាព ហើយប្រទេសហត្ថលេខីមិនអាចបដិសេធនិងបញ្ចប់កាតព្វកិច្ចធានានៅក្នុងកិច្ចព្រមព្រៀងនោះបានទេ។ ម្យ៉ាងទៀត បើយោងតាមមូលដ្ឋាននិងក្នុងក្របខណ្ឌនៃច្បាប់អន្តរជាតិ គេមិនអាចបញ្ចូល (បញ្ចូលមិនកើតទេ) ស្មារតីទាំងនេះដែលជាកាតព្វកិច្ចរបស់ប្រទេសដទៃនិងអង្គការសហប្រជាជាតិនៅក្នុងរដ្ឋធម្មនុញ្ញទេ ពីព្រោះរដ្ឋធម្មនុញ្ញប្រទេសមួយអនុវត្តតែក្នុងព្រំដែនប្រទេសនោះ​ប៉ុណ្ណោះ វាគ្មានអំណាចបង្ខិតបង្ខំប្រទេសអធិបតេយ្យឯករាជ្យដទៃបានឡើយ។

បន្ថែមពីលើនេះទៅទៀត នៅក្នុងមាត្រាទី១៧ នៃកិច្ចព្រមព្រៀងក៏បានចែងថា “ក្រោយពីរយៈកាលអន្តរកាលត្រូវបានបញ្ចប់ គណៈកម្មការអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស គប្បីតាមដានដិតដល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយបើចាំបាច់ រួមមានទាំងការតែងតាំងអ្នកធ្វើកំណត់ហេតុពិសេសម្នាក់ ដែលត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំនៃការរកឃើញរបស់ខ្លួនជូនទៅគណៈកម្មការ និងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ”

យើងឃើញថា អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្តការងាររហូតមកដល់បច្ចុប្បន្ននេះផងដែរ ដែលបញ្ជាក់ពីសុពលភាពនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានចងកាតព្វកិច្ចរបស់ប្រទេសហត្ថលេខីឯទៀតឱ្យទទួលស្គាល់និងធានាអធិបតេយ្យភាព ឯករាជ្យ និងបូរណភាព​ទឹកដីនៃប្រទេសកម្ពុជាផងដែរ ដូចមានចែងក្នុងមាត្រា២ នៃកិច្ចព្រមព្រៀងនេះ៖

“ទទួលស្គាល់និងគោរពអធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា”

ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏បានភ្ជាប់កាតព្វកិច្ចរបស់ប្រទេសហត្ថលេខីទាំងអស់ ដូចមានចែងក្នុងមាត្រា៥ នៃកិច្ចព្រមព្រៀង​ដោយដោះស្រាយ “ការរំលោភឬការគំរាមកំហែងរំលោភអធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាពនិងឯកភាពជាតិកម្ពុជា” និង“ការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា” ដោយសន្តិវិធីតាមរយៈយន្តការអង្គការសហប្រជាជាតិ។

ដូច្នេះ រដ្ឋាភិបាលកម្ពុជានិង​​ហត្ថលេខី​ទាំង១៨ផ្សេងទៀតនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវ​បំពេញ​កាតព្វកិច្ចនិងបន្តអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាព​។ លើសពីនេះ​​ រដ្ឋាភិបាលកម្ពុជាគួរពិចារណាដាក់បញ្ចូលទិវា «២៣ តុលា» ​ក្នុងប្រតិទិនឈប់​សម្រាកប្រចាំឆ្នាំរបស់ជាតិទ្បើងវិញ ពីព្រោះវាជាការចាំបាច់​មួយដែល​យើងគួរប្រារព្ធទិវានេះជាទិវាជាតិប្រចាំឆ្នាំ ដើម្បីរម្លឹកពីវីរភាពរបស់បុគ្គលដែលបានលះបង់​កម្លាំង​កាយ ចិត្ត ជីវិត ​ដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជា និងដាស់តឿនឱ្យខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ចងចាំទិវា​ប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាននេះ៕

រៀបរៀងដោយ៖ បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា រាល់ខ្លឹមសារនៃអត្ថបទនេះមិនឆ្លុះបញ្ចាំងពីទស្សនៈឬគោលជំហររបស់ វីអូឌី ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ