ក្រុមបរិស្ថានស្នើរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិនិងបើកចំហការចូលរួមការពារបរិស្ថាន

មន្ត្រីបរិស្ថាននិងមន្ត្រីពាក់ព័ន្ធចុះមើលឈើដែលរឹបអូសបានពីករណីបង្ក្រាបបទល្មើសព្រៃឈើ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកការពារបរិស្ថាន សមាគម និងអង្គការ ចំនួន​១៨ក្រុមនិង​ស្ថាប័ន បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យធានាសិទ្ធិ និងបើកចំ​ហឱ្យមានការចូ​ល​រួមការពារបរិស្ថានរួមគ្នា​ ដោយ​គោរពតាមការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងសន្និសីទស្តីពី «កា​របម្រែបម្រួ​លអាកាសធាតុលើកទី២១ (COP21)»។

ក្រុមអ្នកបរិស្ថានទាំងនោះ មានដូចជា សមាគមបណ្ដាញយុវជនកម្ពុជា (CYN) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសហគមន៍ព្រៃឈើផ្សេងៗនៅខេត្តក្រចេះ។

ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសមាគមទាំង១៨​ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​លើក​ឡើង​ថា រដ្ឋាភិបាលត្រូវធានាសិទ្ធិជា​មូលដ្ឋាននិងលំហសុវត្ថិភាពដល់ការចូលរួមរបស់ភាគីពាក់ព័ន្ធ រួមមាន សហគមន៍មូល​ដ្ឋាន សកម្ម​ជន យុវជន អង្គការ និងសមាគ​ម លើបញ្ហាបរិស្ថាន ដែល​ជាការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យកម្ពុជា​អាចសម្រេចបានគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរក្សាគម្របព្រៃឈើឱ្យបាន៦០ភាគរយត្រឹមឆ្នាំ២០៣០។

សេចក្ដីថ្លែងការណ៍​ដដែលបន្ថែមថា ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានអនុម័តយល់ព្រមលើកិច្ចព្រម​ព្រៀងទីក្រុងប៉ារីស ស្តីពី «ការប្រែប្រួលអា​​កាសធាតុនៅឆ្នាំ២០១៥» និងផ្ដល់សច្ចាប័ននៅ១ឆ្នាំបន្ទាប់​មក រដ្ឋាភិបាលមិនទាន់បញ្ហាពីការប្ដេជ្ញាចិត្តពង្រឹងកា​រអនុវត្តនិងគោរពការសន្យារបស់ខ្លួននៅឡើយ។

ពួកគេបន្ត​ថា៖ «រាជរដ្ឋាភិបាលកម្ពុជាពុំទាន់បានអនុលោមតាមស្មារតី គោលការណ៍ និងអនុវត្តការសន្យារបស់ខ្លួ​នចំពោះសហគមន៍អន្តរជាតិលើបញ្ហាបរិស្ថាននេះឱ្យបានពេញលេញនៅឡើយទេ។ ជាក់ស្ដែង ការកាប់ឈើធ្វើអាជីវកម្ម និងកា​​រទន្ទ្រានដីព្រៃសាធារណៈនិ​ង​ដីក្នុងតំបន់ការពារ នៅតែកើតមានឡើងគួរឱ្យព្រួយបារម្ភ»

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ថ្លែងថា ក្នុងកិច្ចប្រជុំ C​O​P​26 ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្កុតឡេន កម្ពុជាមិនបានចុះហត្ថលេខាលើសេចក្ដីប្រកាសស្ដីពីការប្រើប្រាស់ដីនិងធនធានព្រៃឈើនៅឡើយ ខណៈប្រ​ទេស​ចិន និងវៀតណាម បានចុះរួចរាល់ហើយ​។

លោកថា អវត្តមានកម្ពុជាបែបនេះជាការឆ្លុះបញ្ចាំងពីការមិនបង្ហាញការប្ដេជ្ញាចិត្តពិតប្រាកដក្នុងការការពារធនធានព្រៃឈើដែ​លនៅសេសសល់នៅកម្ពុជា ខណៈធនធានព្រៃឈើបន្តរងការកាប់បំផ្លាញ ហើយសកម្មជនអ្នកការពារបរិស្ថានមួយចំនួនត្រូវបាន​ចោទប្រកាន់ដាក់ពន្ធនាគារ រងការរឹតត្បិត និ​ងការគំរាម​កំហែងជាហូរហែ។

លោក ហេង គឹមហុង ថ្លែងថា៖ «ជាការឆ្លុះបញ្ចាំងមួយឱ្យឃើញថា កម្ពុជាហាក់បីដូចជាពុំមានការប្ដេជ្ញាចិត្តគ្រប់គ្រាន់ក្នុងការចូលរួមការពារធនធានធម្មជាតិ និងចូលរួមទប់ស្កាត់ ការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ដែលជារឿងមួយគួរឱ្យចាប់អារម្មណ៍មែនទែន។ យើ​ងដឹងហើយថា កម្ពុជាហាក់បីដូចជាបរាជ័យនៅក្នុងផែនការថែរក្សាគម្របព្រៃឈើយ៉ាងហោចណាស់៣​០ភាគរយ​[៦០ភាគរយ]នៅចុងឆ្នាំ២០៣០»

យោងតាមសេចក្ដីប្រកាសស្ដីពី «ការប្រើប្រាស់ដី និងព្រៃឈើ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១» នៅទីក្រុង Glasgow ចុះផ្សាយ​លើ​​គេហទំព័រ UKCOP26 បានឱ្យដឹងថា មានប្រទេសចំនួន១៣៣ បានចុះហត្ថលេខា ដែលមានរាប់បញ្ចូលប្រទេសនាំចេញនិងទិញចូលឈើធំៗ ដូចជា វៀតណាម ចិន ប្រេស៊ីល និងឥណ្ឌូនេស៊ី។  

បើតាមសេចក្ដីប្រកាស ប្រទេសទាំងនោះយល់ព្រមអភិរក្សព្រៃឈើ ប្រព័ន្ធអេកូឡូស៊ីលើដីផ្សេងទៀត និងពន្លឿនការស្ដារឡើ​ង​វិញនៃធនធានធម្មជាតិទាំងនេះ ហើយសម្រួលគោលនយោបាយពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទាំងក្នុងស្រុកនិងក្រៅប្រទេស ដែ​លជំ​រុញការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព និងបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស ដោយមិនជំរុញឱ្យមានការកា​ប់បំផ្លាញព្រៃឈើ និងការរេចរឹលដី។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បដិសេធឆ្លើយតបចំពោះការអំពាវនាវរបស់ក្រុមបរិស្ថាននៅក្នុងសេចក្ដីថ្លែងកា​រណ៍នេះ​ ដោយលោក​ថា ការលើកឡើងទាំងនោះគឺជាសិទ្ធិបញ្ចេញមតិរបស់ពួកគេ។ យ៉ាងណា លោកថា កម្ពុជាបានចូលរួមយ៉ាងស​កម្មក្នុងការដោះស្រាយនូវបញ្ហានៃការប្រែប្រួលអាកាសធាតុជាមួយពិភពលោក ក្នុងនោះមានការរៀបចំផែនការសកម្មភាពនា​នាក្នុងការលើកតម្កើង និងការពារប្រព័ន្ធអេកូឡូស៊ី ព្រមទាំងការដាំស្ដារឡើងវិញនូវគម្របព្រៃឈើ។

លោកបន្ថែមថា៖ «ក្រសួងបរិស្ថាន នឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រោមសុខសន្តិភាពពេញលេ​ញ កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន»។

ឆ្លើយតបនឹងសំណួរថាតើមូលហេតុអ្វីបានជាកម្ពុជាមិនចុះហត្ថលេខាលើសេចក្ដីប្រកាសស្ដីពីការប្រើប្រាស់ដីនិងព្រៃឈើ មន្រ្តីអ្នកនាំពាក្យរូបនេះថ្លែងថា ទោះបីកម្ពុជាមិនស្ថិតក្នុងបញ្ជីនៃប្រទេសចេញសេចក្ដីថ្លែង​ការណ៍ តែកម្ពុជាបាននិងកំពុងបន្តតាំងចិ​ត្ត​ខ្ពស់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយការថែរក្សាគម្របព្រៃឈើដែលកម្ពុជាមាន មិនមានការផ្ដល់សម្បទានដីសេដ្ឋកិច្ចថ្មីតាំងពីឆ្នាំ២០១២ និងមានការជំរុញការដាំស្ដារគម្របព្រៃឈើឡើងវិញ ជាដើម។

បើតាមប្រភពដដែល បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីគម្របព្រៃឈើទំហំជាង៨,៥លានហិកតា ស្មើប្រមាណ ៤៦,៨៦% ហើយក្នុងនោះ ៤១% ឬស្មើប្រមាណ៧,៣លានហិកតា ស្ថិតក្រោមការអភិរក្សរបស់ក្រសួងបរិស្ថាន ដោយផ្ទៃដីអភិរក្សកម្ពុជានេះមានទំហំធំជាង៣ដង ជាងការកំណត់ដោយគោលការណ៍អភិរក្សជីវចម្រុះ Achy។ 

យ៉ាងណា បើតាមរបាយការណ៍របស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បានរកឃើញថា ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើប្រមាណ៥៥៧ ០០០​ហិកតា ដែលស្មើនឹងប្រមាណ ១១,៧ភាគរយ នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្នុងចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨។ ហើយថ្មីៗនេះ ឈើប្រភេទកម្រជិតផុតពូជចំនួន២១១តោន មានតម្លៃប្រមាណ១៤០ ០០០​ដុល្លារ ដែលរកឃើញថានាំចេញពីកម្ពុជា ត្រូវបានអាជ្ញាធរគយដែនរដ្ឋបាលពិសេសហុងកុងរឹបអូសបានកាលពីខែឧសភា ឆ្នាំ២០២១៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ