សាលាដំបូងខេត្តកំពត សម្រេចដោះលែងអ្នកសារព័ត៌មាន២នាក់ បន្ទាប់ពីសាកសួរនិងចាប់ឃុំខ្លួន៣យប់ ពាក់ព័ន្ធការផ្សាយព័ត៌មានរឿងជម្លោះដីធ្លីនិងការចាប់ខ្លួនពលរដ្ឋ៤នាក់នៅខេត្តកំពត។
អ្នករាយការណ៍ព័ត៌មាន LSN TV ២នាក់ គឺលោក សាយ សុភា និងលោក អ៊ីង ធឿង ត្រូវបានសមត្ថកិច្ចខេត្តកំពតចាប់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រោមការចោទប្រកាន់ថាបានផ្សាយព័ត៌មានញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ខា ដែនណា ប្រាប់ វីអូឌី នៅថ្ងៃនេះថា អ្នកសារព័ត៌មានទាំង២នាក់នោះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងប្រមាថ» តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរ ប៉ុន្តែចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួនទេ។
អគ្គនាយកសារព័ត៌មាន LSN TV លោក លួស សេង មានប្រសាសន៍ថា តុលាការបានដោះលែងអ្នកសារព័ត៌មានទាំង២នាក់នេះវិញហើយ បន្ទាប់ពួកគេនិងរូបលោកផ្សាយផ្ទាល់ធ្វើការសុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំខេត្ត រួមមាន អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ស្នងការខេត្ត លោក ម៉ៅ ច័ន្ទមធុរិទ្ធ និងអាជ្ញាធរខេត្តផ្សេងទៀត។
លោក លួស សេង បញ្ជាក់ថា តុលាការបានដោះលែងសហការីរបស់លោកទាំង២នាក់នោះនៅម៉ោងជាង៤រសៀលថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល៦ខែ។
លោកបន្ថែមថា៖ «ខ្ញុំយល់ឃើញថា វាអយុត្តិធម៌ណាស់សម្រាប់អ្នកសារព័ត៌មាន ដោយគ្រាន់តែធ្វើសេចក្ដីរាយការណ៍ជូនពលរដ្ឋដែលរងគ្រោះដីធ្លី ដែលរងភាពអយុត្តិធម៌ដោយគេចាប់សោះ ត្រូវបានគេឃាត់ខ្លួននិងចោទគ្នាពីបទញុះញង់។ អ៊ីចឹងរឿងនេះ វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ព័ត៌មានពិត»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បានចាត់ទុកករណីនេះថា ជាការរំលោភលើសិទ្ធិសេរីភាព និងជាការគំរាមកំហែង ហើយបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តការងារនិងតួនាទីរបស់អ្នកសារព័ត៌មាន។
លោកបន្តថា ប្រសិនបើសមត្ថកិច្ចមើលឃើញថា ការរាយការណ៍របស់អ្នកសារព័ត៌មាននោះមានចំណុចខ្វះខាតនិងមិនគ្រប់ជ្រុងជ្រោយនៅចំណុចណាមួយ ខាងសមត្ថកិច្ចត្រូវចេញសេចក្ដីបំភ្លឺឬបកស្រាយប្រាប់ទៅអ្នកសារព័ត៌មាននោះវិញ ដោយមិនត្រូវចាប់និងប្រើប្រាស់ប្រព័ន្ធតុលាការមកចាត់ការលើអ្នកសារព័ត៌មានបែបនេះទេ។
លិខិតមួយចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ អ្នកសារព័ត៌មាន LSN TV ចំនួន២នាក់បានទៅសម្ភាសពលរដ្ឋពាក់ព័ន្ធជម្លោះដីធ្លី និងការចាប់ខ្លួនពលរដ្ឋ៤នាក់ នៅមុខសាលាខេត្តកំពត។
ស្នងការដ្ឋានខេត្តបន្តទៀតថា ក្នុងការចុះផ្សាយនោះ គឺអ្នកសារព័ត៌មានបានធ្វើអត្ថាធិប្បាយវាយប្រហារលើចំណាត់ការរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយមិនបានទាក់ទងសមត្ថកិច្ចសួរនាំឱ្យបានច្បាស់ពីមូលហេតុនៃការចាប់ខ្លួនពលរដ្ឋទាំង៤នាក់នោះឡើយ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានជុំវិញចំណាត់ការនេះ។ ករណីនេះ ស្នងការដ្ឋានខេត្តបានចាត់ទុកការផ្សាយនេះថាបាន «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍» ដែលសមត្ថកិច្ចត្រូវតែធ្វើការឃាត់ខ្លួន៕












