សកម្មជន​សង្គម លោក មួង សុភ័ក្រ ប្ដេជ្ញា​បន្ត​ធ្វើ​ការងារ​សង្គម​ដោយ​គ្មាន​ការ​ភ័យខ្លាច​បន្ទាប់​ពី​ដោះលែង​ពី​ពន្ធនាគារ

សកម្មជនសង្គម លោក មួង សុភ័ក្រ កាន់បាច់ផ្កានៅមុខមណ្ឌលអប់រំកែប្រែទី១ ក្រោយពេលតុលាការដោះលែងចេញពីពន្ធនាគារ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សកម្មជនសង្គមម្នាក់ទៀត លោក មួង សុភ័ក្រ ដែលត្រូវបានអាជ្ញាធរកម្ពុជាដោះលែងចេញពីពន្ធនាគារនៅម៉ោងប្រមាណ​១១ព្រឹក ថ្ងៃព្រហស្បតិ៍​នេះ បានអះអាងថា លោកនៅតែប្តេជ្ញាចិត្ត​ចូលរួមធ្វើការងារសង្គមដោយគ្មានការរារែកនិងគ្មានការភ័យខ្លាចឡើយ។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា បានកាត់ទោសយុវជន មួង សុភ័ក្រ សមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនសង្គមចំនួន១៤នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន២ ០០០ ០០០រៀល ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសតែ១៤ខែប៉ុណ្ណោះ ខណៈទោសដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

បន្ទាប់ពីចេញពីអគារពន្ធនាគារភ្លាម យុវជន មួង សុភ័ក្រ បានថ្លែងប្រាប់អ្នកសារព័ត៌មា​ន​ថា រូបគេ​ប្ដេជ្ញា​ធ្វើសកម្មភាពការងារសង្គមបន្តទៀត ដោយមិនភ័យខ្លាចចំពោះការចាប់ចងទៀតនោះឡើយ។

លោក​​ថា៖ «ខ្ញុំនៅតែប្ដេជ្ញាចិត្តថា ខ្ញុំបន្តបញ្ហាការងាររបស់ខ្ញុំទៅមុខទៀត។ យើងនៅតែមិនខ្លាចពីការចាប់ខ្លួនយើងទេ ព្រោះយើងធ្វើនេះដើម្បីប្រជាជន ដើម្បីសិទ្ធិពលរដ្ឋយើងទាំងអស់គ្នា ហើយការតស៊ូរបស់យើងគឺការតស៊ូដោយត្រឹមត្រូវ។ ហើយយើងជឿជាក់ថា រដ្ឋាភិបាលគាត់មិនទៅស្អប់ខ្ពើមអ្នកដែលគោរពច្បាប់ទេ។ បើសិនជាគាត់ស្អប់ខ្ពើមអ្នកគោរពច្បាប់ មានន័យថា គាត់មិនមែនអ្នកគោរពច្បាប់ទៅវិញ»។

អ្នកស្រី សូ សម្បត្តិ ជាម្ដាយបង្កើតរបស់យុវជន មួង សុភ័ក្រ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខខ្លោងទ្វារពន្ធនា​គារ​​ថា គាត់មានអារម្មណ៍​រីករាយ​នៅពេលដែលឃើញកូនបានចេញនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈតុលាការដាក់​ឱ្យស្ថិត​នៅក្រោមការត្រួតពិនិត្យរយៈពេល២ឆ្នាំបន្តទៀត​។

ទាក់ទិននឹងបញ្ហានេះ អ្នកស្រីព្រួយបារម្ភពីសុវត្ថិភាពកូន នៅពេលគាត់ចេញទៅណាមកណា ខ្លាចមានគេធ្វើបាបបន្តទៀត។ ករណីនេះ អ្នកស្រី​ស្នើទៅតុលាការទម្លាក់ចោលបទចោទ​ទៅ​លើកូន​របស់​គាត់ ដើម្បីឱ្យគាត់មានសេរីភាព​ពេញ​លេញ​ដូចដើមវិញ។

អ្នកស្រីនិយាយ​ថា៖ «​ខ្ញុំស្នើទៅតុលាការទម្លាក់​ចោល​ការ​ចោទ​ប្រកាន់កូនខ្ញុំ​ កុំឱ្យមានទោសទៀត កូនខ្ញុំអត់មានទោសអ្វីទេ អត់មានធ្វើអ្វីខុសទេ។ សុំឱ្យតុលាការដោះលែងគាត់ឱ្យចប់ កុំឱ្យមាននៅក្រៅឃុំ ក្នុងឃុំអី! ឱ្យកូនខ្ញុំមានសេរីភាពក្នុងការរស់នៅ កុំឱ្យមានការចោទប្រកាន់ទៀត»។

បន្ថែមពី​នេះ អ្នកស្រី សូ សម្បត្តិ អះអាងថា គាត់និងកូនបានឱ្យមេធាវីរៀបចំពាក្យបណ្ដឹងជំទាស់ទៅ​សាលា​ឧទ្ធរណ៍ ប្រឆាំង​នឹង​សាលក្រម​សាលាដំបូងរាជធានីភ្នំពេញហើយ​​ ដើម្បីស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់​មកលើកូនរបស់គាត់​។

វីអូឌី មិនអាចសុំការបំភ្លឺពី​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បាន​គាំទ្រនឹងការប្ដេជ្ញាចិត្តរបស់​យុវជន មួង សុភ័ក្រ ដែល​ថា នឹងបន្តចូលរួមតស៊ូមតិជួយការពារធនធានធម្មជាតិ បញ្ហាបរិស្ថាន និងបញ្ហាផ្សេងៗទៀត ដោយអហិង្សា ស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់​ថា បើការតស៊ូមតិរបស់យុវជននោះត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញ ចាប់ខ្លួនគាត់ ឬហាមឃាត់មិនឱ្យធ្វើការតស៊ូមតិបែបអហិង្សាស្របតាមច្បាប់ទេ នោះជាការរឹតត្បិតសេរីភាព​បញ្ចេញម​តិ​ជាមូលដ្ឋានរបស់យុវជនទាំងនោះ។

លោកមានប្រសាសន៍ថា៖ «បើសិនជាគាត់គ្រាន់តែបំពេញកាតព្វកិច្ច​ តួនាទីក្នុងនាមជាពលរដ្ឋ ហើយបើសិនជាមានការគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ខ្លួន វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ជាពិសេស ដូចពេលកន្លងមក ការចាប់ខ្លួននិងការឃុំខ្លួនពួកគាត់កន្លងមកក៏មានការរិះគន់យ៉ាងធ្ងន់ធ្ងរដែរ ក្នុងការបំពារបំពានឬរំលោភបំពានទៅលើសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។ វាស្ដែងចេញនាំឱ្យមានការរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានការរឹតត្បិតឬក៏ធ្លាក់ចុះ»។

ចាប់ពីដើមខែវិច្ឆិកាមក តុលាការកម្ពុជាបានដោះលែងសកម្មជនសង្គម បរិស្ថាន និងនយោបាយជាបន្តបន្ទាប់ ក្រោយពីពួកគេត្រូវបានតុលាការកាត់តម្រឹមទោសនិងព្យួរទោសសាកល្បង។

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចំនួន៣​រូប បានអំពាវនាវចំៗ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការ​​​កាត់​ទោស​លើអ្នកហ៊ាន​ក្រោក​ឈរ ដើម្បីសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជាបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ