UPDATE៖ សកម្មជនអតីតបក្សប្រឆាំង២រូបត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជា

អតីតសកម្មជនបក្សសង្គ្រោះជាតិ លោក វឿន វាសនា (ហៅ ក្រញូងព្រៃឡង់) ពេលនៅប្រទេសថៃ។ (ហ្វេសប៊ុកលោក វឿន វាសនា)

អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ ឈ្មោះ​ វឿង សំណាង និងឈ្មោះ វឿន វាសនា (ព្រៃឡង់ ក្រញូង) នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែវិច្ឆិកា​ រួច​បញ្ជូន​ខ្លួន​ពួកគេ​​មក​​​ឱ្យ​​អា​ជ្ញាធរ​កម្ពុជា។ 

អតីតប្រធានប្រតិបត្តិឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ លោក ឈុន វាន ឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា​នេះ​ថា លោក​មិន​បាន​ស្ថិត​ក្នុងហេតុការណ៍នោះទេ តែលោកឮដំណឹង​ពីការ​ចាប់​ខ្លួន​ ខណៈពួ​កគេដើរត្រលប់មក​កន្លែងស្នាក់នៅវិញតែ២នាក់។

លោកយល់ថា​ ការចាប់ខ្លួននេះជាការប៉ុនប៉ង​បំបាក់​ស្មារតី​អតីតសកម្មជននិងមន្រ្តីអតីតគណបក្សស​ង្រ្គោះ​​ជា​តិ ដែលកំពុងរស់នៅក្នុងនាមជា​ជន​ភៀសខ្លួនក្នុងប្រទេសថៃ។

លោក ឈុន វាន បន្ថែមថា៖ «ខ្ញុំគិតថា ហ្នឹងជាសញ្ញាមួយមិនបានជោគជ័យទេ ព្រោះស្មារតីនៃការតស៊ូ ក៏ដូចជាការព្យាយាម ការរិះគន់ទៅលើរបបលោក ហ៊ុន សែន ដោយសារប្រព័ន្ធផ្សព្វផ្សាយនៅក្នុង​ស្រុកហ្នឹង​មិនមានភាព​ទូលំ​ទូលាយ»

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចថា លោក​មិនទាន់ទទួលបានព័ត៌មានជុំវិញការចាប់ខ្លួននៅឡើ​យ ប៉ុន្តែលោកដឹងថា អាជ្ញាធរថៃបានចាប់ខ្លួនពួកគេ រួចបញ្ជូនមកកម្ពុជា។ លោកបន្ថែមថា បច្ចុប្បន្ន អ្នកទាំងពីរកំពុ​ងស្ថិតក្នុងមន្ទីរឃុំឃាំងម១​នៃពន្ធនាគារព្រៃស។

លោក អេង ឆៃអ៊ាង អធិប្បាយលើគណនី Facebook របស់លោកចំពោះការចាប់ខ្លួននោះថា៖ «ជាការរំលោភ​បំពានសិទ្ធិមនុ​ស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសសិទ្ធិជនភៀសខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ UNHCR ប្រចាំព្រះរាជាណាច​ក្រថៃ»

មន្រ្តីទំនាក់ទំនងជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អ្នកស្រី Catherine Stubberfield បដិសេធអធិប្បាយជុំវិញព័ត៌មាននេះ ក្រោមហេតុផលថា​ ពាក់ព័ន្ធនឹងការការពារនិងការសម្ងាត់របស់បុគ្គល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​​ថា ពិតជាមានការចាប់ខ្លួនឈ្មោះ វឿង សំណាង និង វឿន វាសនា ពិតមែន ហើយ​​​ការចាប់ខ្លួននោះ​ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការ ដោយសារពួកគេ​ធ្វើសកម្ម​ភាពប្រឆាំងដោយខុសច្បាប់​។

លោកបានគូសបញ្ជាក់ថា​៖ «ប្រឆាំងល្មើសច្បាប់ ឱ្យចាប់! អត់មានចាប់សកម្មជនប្រឆាំង សូមបដិសេធ! ចាប់ខ្លួនតែជនល្មើ​សច្បាប់ទៅតុលាការ មានដីកាតុលាការ! ចាប់ខ្លួនជនល្មើសច្បាប់ទៅកាត់ទោស មិនមែនចាប់ខ្លួនជនល្មើសបក្សប្រឆាំងទេ អត់មានទេ»។   

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ​ នៅ​ថ្ងៃ​នេះ។

លោក​ វឿន វាសនា បានប្រើគណនីឈ្មោះ «ព្រៃឡង់ ក្រញូង» ចូលទៅបញ្ចេញមតិរិះគន់ពីវិនាសកម្មព្រៃឈើ ការកែច្បាប់រដ្ឋធម្មនុ​ញ្ញ និងការអនុវត្តច្បាប់នៅកម្ពុជា បន្ថែមលើ​ការបង្ហោះរូបចៅប្រុសលោកនា​យ​ករដ្ឋមន្រ្តី ហ៊ុន សែន លើទំព័រ Facebook របស់លោ​ក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ 

លោកសរសេរថា៖ «ត្រកូល ហ៊ុន សែន តែងច្រណែនយស គ្មានដឹងខ្យល់សោះ កែច្បាប់រដ្ឋា គិតតែពីបូម បំផ្លាញខេមរា ឱ្យជាតិសាសនារលាយសាបសូន្យ។ ទឹកដីព្រៃឈើរលាយសូន្យឈឹង ច្បាប់ម៉ែវាហ្នឹង រាស្ត្រខ្សោះអស់ខ្យល់ ដើរតែបំផ្លាញ ពេលទោ​សមកដល់ ចោទចាប់មិនខ្វល់ សេរីភាពរាស្ត្រ»

តបនឹងសំណេរនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលឆ្លើយតបនឹងការអធិប្បាយរបស់ម្ចាស់គណនី Facebook ឈ្មោះ “ព្រៃឡង់ ក្រញូង” នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លើការបង្ហោះរូបចៅប្រុសរបស់លោក ដោយប្រើសំណេរកំណាព្យបែបរិះគន់។

ក្នុងការឆ្លើយតបនោះ លោកនាយករដ្ឋមន្រ្តីបានផ្ញើដីការបស់​តុលាការ​​​ដែល​​​​បង្គាប់​ឱ្យចាប់ខ្លួន​លោក វឿន វាសនា និងព្រមានថា៖ «ខិតខំរត់ចេញពីប្រទេសឱ្យ​​បា​នលឿនបន្តិចក្មួយ»

ដីកានោះចេញនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក វឿន វាសនា ត្រូវបានចោទប្រកាន់ពីបទ «រារាំង​ដល់​ការ​អនុវត្តវិធានការ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២១ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ