សកម្មជន​អតីត​បក្សប្រឆាំង​២រូប​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បញ្ជូន​មក​កម្ពុជា

អតីតសកម្មជនបក្សសង្គ្រោះជាតិ លោក វឿន វាសនា (ហៅ ក្រញូងព្រៃឡង់) ពេលនៅប្រទេសថៃ។ (ហ្វេសប៊ុកលោក វឿន វាសនា)

អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ ឈ្មោះ​ វឿង សំណាង និងឈ្មោះ វឿន វាសនា (ហៅ ក្រញូងព្រៃឡង់) នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែវិច្ឆិកា​ រួច​បញ្ជូន​ខ្លួន​ពួកគេ​​មក​​​ឱ្យ​​អា​ជ្ញាធរ​កម្ពុជា។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅថ្ងៃទី១១ ខែវិច្ឆិកានេះ​ថា ពិតជាមានការចាប់ខ្លួនឈ្មោះ វឿង សំណាង និង វឿន វាសនា ពិតមែន ហើយ​​​ការចាប់ខ្លួននោះ​ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការ។

លោកបានគូសបញ្ជាក់ថា​៖ «ប្រឆាំងល្មើសច្បាប់ ឱ្យចាប់! អត់មានចាប់សកម្មជនប្រឆាំង សូមបដិសេធ! ចាប់ខ្លួនតែជនល្មើ​សច្បាប់ទៅតុលាការ មានដីកាតុលាការ ចាប់ខ្លួនជនល្មើសច្បាប់ទៅកាន់ទោស។ មិនមែនច្បាប់ខ្លួនជនល្មើសបក្សប្រឆាំងទេ អត់មានទេ»។   

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលឆ្លើយតបនឹងការអធិប្បាយរបស់ម្ចាស់គណនី Facebook ឈ្មោះ “ក្រញូងព្រៃឡង់” នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លើការបង្ហោះរូបចៅប្រុសរបស់លោកដោយប្រើសំណេរកំណាព្យបែបរិះគន់។

ក្នុងការឆ្លើយតបនោះ លោកនាយករដ្ឋមន្រ្តី បានផ្ញើដីការបស់​តុលាការ​​​ដែល​​​​បង្គាប់​ឱ្យចាប់ខ្លួន​លោក វឿន វាសនា និងព្រមានថា៖ «ខិតខំរត់ចេញពីប្រទេសឱ្យ​​បា​នលឿនបន្តិចក្មួយ»

ដីកានោះចេញនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក វឿន វាសនា ត្រូវបានចោទប្រកាន់ពីបទ «រារាំង​ដល់​ការ​អនុវត្តវិធានការ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២១

វីអូឌី មិនអាចទាក់ទងអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដើម្បីសុំការអធិ​ប្បាយ​ជុំវិញ​ការចាប់ខ្លួនបានទេ​ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។ យ៉ាងណា លោកបានចេញសារលើគណនី Facebook របស់លោក ដោយចាត់ទុកការចាប់ខ្លួនស​កម្មជនអតីតគណបក្សប្រឆាំងទាំង២រូបនេះ​ថាជាការ​ចាប់​ពង្រាត់មនុស្ស។ 

លោក អេង ឆៃអ៊ាង សរសេរ​បន្ថែមថា៖ «នេះគឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសសិទ្ធិជនភៀសខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាតិ UNHCR ប្រចាំព្រះរាជាណាចក្រថៃ»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ