កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៦០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺ៦នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៦នាក់ ក្នុងនោះមាន៤នាក់ មិនបានចាក់វ៉ាក់សាំង និងករណីឆ្លងថ្មីមានចំនួន៦៣នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៨នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៦៧នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៩ ៤២១នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៥ ៧៩៧នាក់ អ្នកស្លាប់កើនដល់ចំនួន២ ៨៥៦នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៧២២នាក់៕