ក្រសួងមហាផ្ទៃ ប្ដឹង​ស្ថាបនិក​គណបក្ស​បេះដូងជាតិ​ទៅតុលាការ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពង្រឹង​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ប្រារព្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ស ខេង​)

ក្រសួងមហាផ្ទៃ ប្រកាសប្ដឹងស្ថាបនិក​គណបក្សបេះដូង​ជាតិ​ទៅ​តុលាការ ដោ​​យ​សម្អាងថាបានរក​ឃើញស្ថាបនិកគណបក្ស​នេះក្លែ​​ងបន្លំ​ស្នាមមេ​ដៃ​ដើម្បីបង្កើន​សមាជិក ក្នុង​ការ​បំពេញ​បែបបទ​សុំចុះបញ្ជី​គណប​ក្សនយោបាយ។

នេះបើតាម​លិខិត​មួយ​ច្បាប់ដែ​ល​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ចុះថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០២១។

លោក ស ខេង បាន​លើកឡើង​​ក្នុងលិខិតនោះថា តាមការធ្វើកោសលវិច័យរបស់អគ្គស្នងការ​ដ្ឋាន​​នគរ​បាល​ជាតិ រកឃើញថា «គណបក្សបេះដូងជាតិ» បានក្លែងស្នាមមេដៃក្នុងបញ្ជីរាយនាមចូល​ជាសមាជិក​គណបក្ស ដែលការនេះ​ លោកថា ស្ថា​បនិ​​កគណបក្សនេះ​​មានចេតនា​«ទុច្ចរិត»។

បើតាមលិខិតនោះ ស្នាមមេដៃជាង៤ ០០០​ (៤ ៧៨១មេដៃ) របស់គណបក្សបេះដូងជាតិ ដែល​បាន​ផ្ញើម​កក្រសួង ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយនោះ ក្រសួង​​បានរកឃើញ​ថា ស្នាមមេដៃ​របស់បុគ្គល​២០នាក់ខុស​ស្នាម​មេដៃក្នុងអត្តសញ្ញាណបណ្ណ, ​​ស្នាម​មេដៃបុគ្គល ​២០​​នាក់​ទៀត ផ្ដិតលើឈ្មោះបុគ្គល​​៥៤​នាក់, ស្នាម​មេដៃ​បុគ្គល​៧៤នាក់មានភាពមិនប្រក្រតីឬ​​ក្លែងស្នាម​​មេដៃ, ស្នាមមេដៃបុគ្គល២៨៧នាក់ខូចគុណភាព មិ​នអាចធ្វើកោសលវិច័យ​បាន និងស្នាម​មេដៃ​​មាន​​ភាពមិនប្រក្រតី​ធ្ងន់​ធ្ងរ​របស់បុគ្គលចំនួន៥នាក់​ ផ្ដិតលើឈ្មោះបុគ្គ​ល​ចំនួន២១នាក់ ។

លោក ស ខេង បានគូសបញ្ជាក់ក្នុងលិខិត​ថា៖ «ករណីនេះ អគ្គស្នងការនគរបាលជាតិ នឹងដាក់ពាក្យបណ្ដឹង ប្ដឹងតំណាងស្ថាបនិកគណបក្សបេះដូងជាតិទៅតុលាការ ដើម្បីចាត់វិធានការផ្លូវច្បាប់ និង​បដិសេធសំណើសុំចុះឈ្មោះគណបក្សនេះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួង​មហាផ្ទៃ​»។

ស្ថាបនិកគណបក្សបេះដូងជាតិ និងជាអតីតមន្ត្រីបក្សប្រឆាំង លោក សៀម ភ្លុក មានប្រសាសន៍នៅថ្ងៃសុក្រ​នេះ​ថា លោកមា​ន​ការភ្ញាក់ផ្អើល​ជុំវិញការចោទប្រ​កាន់របស់ក្រសួងមហាផ្ទៃនេះ។ ប៉ុន្តែលោកថា​ នឹង​ត្រៀមខ្លួន​គ្រប់​ពេលដើម្បីបំភ្លឺបញ្ហានេះតាមផ្លូវច្បាប់។

លោកថា៖ «ខ្ញុំត្រៀមនឹងអ្វីដែលក្រសួងមហាផ្ទៃគេហៅទៅបំភ្លឺយ៉ាងម៉េចៗ ខ្ញុំមានចម្លើយដោះបន្ទុកហើ​យ។ គាត់អាចដាក់បន្ទុកចោទប្រកាន់យើងបាន ប៉ុន្តែយើងក៏មានការតតាំងគ្នាក្នុងច្បាប់ បើសិនណាដំ​​ណើការក្នុងច្បាប់ទាំងអស់គ្នា ខ្ញុំអត់មានការបារម្ភទេ»។

នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិនុស្សអង្គការលីកាដូ លោក អំ សំអាត ពន្យល់​ថា ការក្លែងបន្លំស្នាម​មេដៃឬ​ក្លែងឯកសារសាធារណៈ​ ជាបទល្មើសព្រហ្មទណ្ឌ។ ប៉ុន្តែលោកចង់ឃើញការចុះបញ្ជីគណបក្សនយោបាយដំណើរការទៅអនុលោមតាមច្បាប់ដោយគ្មានការរើសអើង។

លោកថា៖ «ការបង្កើតគណបក្សនយោបាយ វាជាសិទ្ធិរបស់ពលរដ្ឋនៅក្នុងការសុំបង្កើត គ្រាន់ថាយើងមានច្បាប់ អ៊ីចឹងបើគណបក្សនយោបាយហ្នឹង គាត់សុំចុះឈ្មោះគណបក្សនយោបាយ គាត់អនុវត្តតាមនី​តិ​វិធី តាមផ្លូវច្បាប់​គ្រប់គ្រាន់ហើយ អាហ្នឹងវាត្រូវតែអនុញ្ញាតឱ្យការបើកហើយ»។

​​កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានព្រមានជាលើកទី២ពី​ការមិនចុះបញ្ជីឱ្យគណបក្សនេះ ក្រោមហេតុផលថា គណបក្សនេះមិនព្រមកែសម្រួល​លក្ខន្តិកៈ​ស្របតាម​ច្បាប់ស្តីពី​គណបក្សនយោ​បាយ។

តែយ៉ាងណា នៅថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ស្ថាបនិកគណបក្ស និងជាអតីតមន្ត្រីបក្សប្រឆាំង​ផង​នោះ លោក សៀម ភ្លុក បានចេញសេចក្ដីថ្លែងការណ៍មួយដោយ​បង្ហាញការ​សោក​ស្ដាយ​ចំពោះក្រសួង​មហាផ្ទៃ ដែលយឺតយ៉ាវក្នុងការ​ឆ្លើយ​តប​ចំពោះការ​ស្នើ​សុំ​ចុះបញ្ជី​គណបក្ស​នយោ​បាយនេះ និងស្នើ​ឱ្យ​ក្រសួងពន្លឿន​នីតិវិធី​លើការពិនិត្យ​បែប​បទ​​នេះ ដើម្បីឱ្យ​ខ្លួន​មាន​លទ្ធភាព​ធ្វើ​សកម្ម​ភាពនយោបាយស្របតាមច្បាប់។

គួររម្លឹក​ថា គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការកំពូលកម្ពុជាមក មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួនជាង២០នាក់ ក្នុងចំណោម១១៨នាក់ ដែលជាប់បម្រាម​​ធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានស្នើសុំសិទ្ធិធ្វើនយោបាយ​ឡើងវិញ។ ពួកគេមួយចំនួនបានទៅបង្កើតគណបក្សនយោបាយថ្មី និងមួយចំនួនទៀតនៅមិនទាន់សម្រេចចិត្តនៅឡើយទេ ខណៈការបោះឆ្នោតឃុំ-សង្កាត់នឹងធ្វើឡើងនៅឆ្នាំក្រោយនេះ។

រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៥ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថាជារបស់​លោក ថាច់ សេដ្ឋា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ