ហ្វីលីពីន​នឹង​តម្រូវ​ឱ្យ​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ទាំងអស់​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩

(កាន់មេក្រូ) ​​អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹងកូវីដ-១៩ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Harry Roque)

ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា បុគ្គលិកដែលមកធ្វើការក្នុង​ការិយាល័យ​នៅក្នុងប្រទេសទាំងអស់ គឺតម្រូវឱ្យចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ឬធ្វើតេស្តជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃករណីជំងឺរាតត្បាតដ៏អាក្រក់មួយនេះ។

គិតរហូតមកដល់ពេលនេះ ប្រជាជនហ្វីលីពីន​ប្រមាណ​ជាង ៣០% ហើយដែលទទួលបានការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនសរុបចំនួន១១០លាននាក់ ស្របពេលដែលរដ្ឋាភិបាលរបស់ប្រទេសនេះលើកឡើងថា ខ្លួន​មានវ៉ាក់សាំង​គ្រប់​គ្រាន់សម្រាប់ផ្ដល់ជូនបន្តទៀត។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque ដែលបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ច្បាប់ថ្មីសម្រាប់បុគ្គលិកធ្វើការនៅក្នុងការិយាល័យនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ​តទៅ ខណៈដែ​លបុគ្គលិកដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តជាប្រចាំ ដោយត្រូវចំណាយថវិកាផ្ទាល់ខ្លួនរបស់ពួកគេ។

លោក Harry Roque បន្តថា សេវាដឹកជញ្ជូនសាធារណៈនានាក៏នឹងត្រូវតម្រូវឱ្យបុគ្គលិករបស់ពួកគេចាក់វ៉ាក់សាំងឱ្យបានពេញលេញផងដែរ ដែលនេះគឺជាលក្ខខណ្ឌមួយដើម្បីអាចបន្តប្រតិបត្តិការរបស់ពួកគេបាន។

ជាមួយគ្នានេះ លោកបន្ថែមថា គ្រឹះស្ថានសាធារណៈនិងឯកជននានាក៏អាចនឹងបដិសេធចំពោះការចូលមកកាន់ទីតាំង និងផ្ដល់សេវាទាំងឡាយ​ដល់បុគ្គលដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញផងដែរ លើកលែងតែក្នុងករណីមានអាសន្ន។

យោងតាមការលើកឡើងរបស់មន្រ្តីនានា ល្បឿននៃការចាក់វ៉ាក់សាំងយឺតក៏កំពុងតែបង្កជាភាពស្មុគស្មាញដល់​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបើកសេដ្ឋកិច្ចពេញលេញ និងទទួលបានកំណើនឡើងវិញផងដែរ ខណៈដែលមនុស្សមួយចំនួន​នៅក្នុងខេត្តឆ្ងាយៗហាក់នៅស្ទាក់ស្ទើរក្នុងការមកទទួលវ៉ាក់សាំង។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនមានការឆ្លងវីរុសកូវីដ-១៩ សរុបនៅក្នុងប្រទេសជាង២លានករណី និងអ្នកស្លាប់ជាង៤ម៉ឺននាក់ ដែលត្រូវបានចាត់ទុកថាជាតួលេខខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ