អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន​ឱ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ក់​ទ្រីក ម័រហ្វី (Patrick Murphy​) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋខ្លួនឱ្យពិចារណាឱ្យបានម៉ត់ចត់ក្នុ​ងការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលក្រុ​​ងវ៉ាស៊ីនតោន​មើលឃើញថា បញ្ហាពុករលួយនិងសិទ្ធិម​នុស្ស​នៅកម្ពុជាដែលខ្លួនបានលើកឡើងជាហូរហែ មិនត្រូវបានធ្វើឱ្យប្រសើរឡើង។

ក្នុងសេចក្ដីថ្លែងការណ៍ចុះផ្សាយ​ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកថ្លែងថា ខ្លួន​តែងតែប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគាំទ្រច្បាប់ក្នុងប្រទេសកម្ពុជានិងលើសកលលោ​ក ហើយ​ថា មន្រ្តីរបស់ខ្លួនបានលើកពីក្ដីកង្វល់ពាក់ព័ន្ធ​នឹងបញ្ហាពុករ​លួយជាប្រព័ន្ធ ឧក្រិដ្ឋកម្មឆ្លងដែន ការរំ​លោ​ភសិទ្ធិមនុស្ស ជាមួយមេដឹកនាំកម្ពុជាជារឿយៗ។

ប្រភពដដែលថ្លែងថា ក្នុងការវិវត្តថ្មីៗនេះ បញ្ហាទាំងនោះនៅមិនទាន់មាន​ការផ្លាស់ប្ដូរគួរឱ្យមានអត្ថន័យ​នោះ​​ទេ ហើយអាមេរិកចាត់ទុ​កថា ស្ថា​​នភាពដែលមិនមានភាពល្អប្រសើរនេះកំពុងគំរាម​កំ​ហែ​​ង​ដល់​​ផ​ល​ប្រយោជន៍សន្តិសុខអាមេរិក និង​សេ​​​រីភាពជាមូលដ្ឋានរបស់ប្រជាជនក្នុ​ងប្រទេសកម្ពុជា។ 

រដ្ឋាភិបាលអាមេរិកបន្តលើកឡើង​​​ក្នុងសេចក្ដីប្រកាសថា៖ «នៅថ្ងៃនេះ ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មអាមេរិក បានរួមគ្នាចេញសេ​ចក្ដីណែនាំ​អាជីវកម្មមួយ ដើម្បីព្រមានដល់ពាណិជ្ជករអាមេរិកដែលថ្មីៗនេះកំពុងប្រតិបត្តិការ ឬកំពុងពិចារណា​ធ្វើប្រតិ​បត្តិការក្នុងប្រទេសកម្ពុជា ត្រូវ​ប្រុងប្រយ័ត្នចំពោះការសហការជាមួយស្ថាប័នដែលពាក់ព័ន្ធនឹងការអនុវត្តអាជីវកម្មពុករលួយ សក​​ម្ម​ភាព​ឧក្រិដ្ឋ និងការរំលោភបំពានសិទ្ធិមនុស្ស»

បើតាមសេចក្ដីប្រកាស ការព្រមាននេះគឺផ្ដោតលើអាជីវកម្មពាក់ព័ន្ធនឹងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ និងហានិភ័យផ្សេងៗដែ​លជាប់ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសហការជាមួយស្ថាប័នដែ​លជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជីវិតសត្វព្រៃ ការជួញដូរគ្រឿងញៀន និងហានិភ័យផ្សេងៗដែលពាក់ព័ន្ធក្នុងវិស័យមួយចំ​នួ​នក្នុងអាជីវកម្មឈើនិងផលិត។  

តាមប្រភពដដែល តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏នឹងធ្វើការវាយតម្លៃលើសិទ្ធិទទួលបានប្រព័ន្ធ​អនុគ្រោះទូទៅ (GSP) របស់កម្ពុជា ដែលជាផ្នែកមួយនៃការវាយតម្លៃ GSP ទូទៅមួយ ដោយការវាយតម្លៃនេះនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការផ្ដល់អាជ្ញាបណ្ណឡើងវិញចំពោះកម្មវិធីអនុគ្រោះពន្ធនេះ ហើយនឹងរួមបញ្ចូលលក្ខណៈវិនិច្ឆយបានធ្វើវិសោធនកម្ម ឬលក្ខណៈវិនិច្ឆយ​​ថ្មីណាមួយ​ដែ​លបង្កើតឡើងដោយសភា។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ លោក​ ផៃ ស៊ីផាន ថ្លែងថា កម្ពុជាបានរៀបចំឱ្យមានការគ្រប់គ្រងសហគ្រាសឬអាជីវកម្មដែលផលិតសម្រាប់​នាំចេញទៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងការជួញដូរ អំពើពុករលួយ ឬរំលោភលើសិទ្ធិកម្មករ ហើយក៏មានយន្តការអនុញ្ញាតឱ្យមានសហជីពជួយមើលលើកិច្ចការទាំងនេះផងដែរ។

លោកបន្ថែមថា អ្វីដែលជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក គឺរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយរួចរាល់ហើយ​។ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះមិនបដិសេធលើបញ្ហាពុករលួយនោះទេ ប៉ុន្តែលោកថា​ រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយកំពុងខិតខំបន្តដោះស្រាយបន្ថែមទៀត ព្រមទាំងបើកឱ្យពលរដ្ឋប្ដឹងទៅកាន់ប្រមុខរដ្ឋាភិបាលតាមបណ្ដាញសង្គម Facebook របស់ថ្នាក់ដឹកនាំទៀតផង។ 

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិក គ្រាន់តែលើកឡើងនៅក្នុងគោលការណ៍នោះទេ ក៏ប៉ុន្តែកម្ពុជាបានប្រឹងប្រែងក្នុងកិច្ចការនេះរួចស្រេចទៅហើយ ហើយយើងនឹងបន្តធ្វើកិច្ចការងារនេះតទៅទៀត»

សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការចូលទឹកដីរបស់ខ្លួនចំពោះមន្ត្រីយោធាកំពូលៗកម្ពុជា២រូប ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្រ្តីទាំងពីររូបនោះគឺមាន លោកនាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ​អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារបច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និងលោក​នាយ​ឧត្ដមនាវី ទៀ វិញ ​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ