លោក ហ៊ុន សែន បើក​ឱ្យ​គណបក្ស​នយោបាយ និង​កម្មករ​រួម​ទាំង​សាធារណជន​ជួប​ជុំ​គ្នា​ឡើង​វិញ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បើក​ឱ្យ​គណបក្ស​នយោបាយ និង​កម្មករ រួមទាំង​ប្រជាពលរដ្ឋ​អាច​ជួបជុំ​គ្នា​ឡើង​វិញ ដោយ​មិន​កំណត់​ចំនួន​ទៀត​នោះ​ឡើយ។

លោក ហ៊ុន សែន សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ម្សិលមិញថា ចាប់​ពីថ្ងៃ​នេះ​ទៅ ការជួប​ជុំ​គ្នា មិន​ត្រូវ​បាន​កំណត់​ចំនួន​មនុស្ស​ចូលរួម​ទៀត​ទេ ប៉ុន្តែ​ជួបជុំ​នោះ ប្រជាពលរដ្ឋ​ត្រូវ​គោរព​តាម​វិធាន​សុខាភិបាល ដើម្បី​ការពារ​សុវត្ថិភាព​ពីការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ-១៩។

លើស​ពី​នេះ សម្រាប់​ការ​ជួបជុំ​ជាទូទៅ​ផ្សេង​ទៀត ដើម្បី​បំពេញ​ការងារ ឬ ធ្វើ​សកម្មភាព និង ប្រារព្ធ​ពិធី​ផ្សេងៗ ក្នុង​នោះ ការជួបជុំ​របស់​ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជា​ការជួបជុំ​របស់​មន្ត្រី​រាជការ និង កងកម្លាំង​ប្រដាប់​អាវុធ រួម​បញ្ចូល​ទាំង​ការជួបជុំ​ស្របតាម​ច្បាប់​អនុញ្ញាត ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​នយោបាយ​នានា​ក៏​ត្រូវ​បានអនុញ្ញាត​ដូចគ្នា​ដែរ។

លោក ហ៊ុន សែន បញ្ជក់ថា ការ​ប្រកាស​បើក​ជួបជុំ​គ្នា​នេះ បន្ថែម​ពី​លើសារ​សំឡេង​ដែល​លោកទើប​នឹង​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ  ពាក់ព័ន្ធ​នឹងការ​អនុញ្ញាត​នូវការ​ចូលរួម​ក្នុង​ពិធី​មង្គលការ និង ពិធីសាសនា​ផ្សេងៗ ដោយមិន​កំណត់​ចំនួន​មនុស្ស​ទៀត​ឡើយ តែ​ត្រូវ​គោរព​ហ្មត់ចត់​តាមវិធានការ​ពារ​សុវត្ថិភាព ស្របតាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល និង​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ​នូវការ​ឆ្លងរាល​ដាល​នៃ​ជំងឺកូវីដ-១៩។

លោកថា៖ «ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ថា ការជួបជុំ​ដោយ​មិន​កំណត់​ចំនួន​មនុស្ស​ចូលរួម តែ​ត្រូវគោរព​តាម​វិធាន​សុខាភិបាល ដើម្បី​ការពារ​សុវត្ថិភាព​ពី​ការ​ឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ នេះ ក៏ត្រូវ​បាន​អនុញ្ញាត​ដូចគ្នា​ដែរ សម្រាប់​ការជួបជុំ​ជាទូទៅ​ផ្សេង​ទៀត ដើម្បី​បំពេញ​ការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធី​ផ្សេងៗ រួមមាន ការជួបជុំ​របស់​ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជា​ការ​ជួបជុំ​របស់​មន្ត្រីរាជការ និង កងកម្លាំង​ប្រដាប់​អាវុធ រួមបញ្ចូល​ទាំងការ​ជួបជុំ​ស្របតាម​ច្បាប់​អនុញ្ញាត ដែលរៀបចំ​ឡើង​ដោយ​គណបក្ស​នយោបាយនានា​ផងដែរ»

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ចាត់ទុក​ការបើក​ឱ្យមាន​ការ​ជួបជុំ​គ្នា មនុស្ស​ច្រើន​ឡើង​វិញ​នេះ ថា​ជា​រឿង​ល្អ ដោយ​សារ​ រយៈពេល ២ ឆ្នាំកន្លងមក ប្រជាពលរដ្ឋ​បាន​រឹតត្បិត​សិទ្ធិសេរីភាព​ខ្លួន ដោយ​ការ​ដាក់​បម្រាម​ពី​អាជ្ញាធរ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ-១៩។

លោកថា ការបើក​ឱ្យជួប​ជុំ​គ្នា​នេះ  វាជា​ការ​ឱកាស​ល្អសម្រាប់​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​រក​ស៊ី និង​រក​ប្រាក់​ចំណូល ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ពួកគាត់ ដោយការ​បិទ​កន្លង​មក បាន​ធ្វើឱ្យពួកគាត់​ជួបការ​លំបាក​ខ្លាំង​ក្នុងការ​រក​ប្រាក់​ចំណូល។

លោកថា៖ «វាជាការ​បើកឡើង​វិញ​នូវ​លំហរ​សេរីភាព របស់​អ្នក​ធ្វើការងារ​សង្គម​ស៊ីវិល ​ក៏​ដូចជាប្រជាពលរដ្ឋ​ក្នុងការ​ជួបជុំ​សម្ដែង​មតិ​ក្នុង​ការ​ទាមទារ​នូវ​បញ្ហាអ្វីមួយ​ដែល​គាត់​ជួប​ប្រទះ​វាជាការ​បើក​ឡើង​វិញ ដើម្បី​ឱ្យ​យើង​មាន​ឱកាស​ឡើងវិញ​លើក​ឡើង​ពីបញ្ហា​កង្វល់​នៅ​ក្នុង​សង្គមជាតិ​ទាំង​មូល​ផង ជាការ​បើកឡើងវិញ​នៅក្នុង​សង្គម​គ្រួសារ​ផង​ដែរ»

គិតចាប់​តាំងពី​ការផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​មិន​ឱ្យរៀបចំ​ពិធី​សាសនា និង​ការ​ជួបជុំ​នានា តាម​វត្ត​អារាម និង​វិហារសាសនា ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ធ្ងន់ធ្ងរ​ជំងឺ​កូវីដ-១៩ ចូលក្នុង​សហគមន៍ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ