លោក ស ខេង បញ្ជា​ឱ្យមាន​ការ​ធ្វើ​អធិការកិច្ច​លើ​ករណី​អ្នក​ទោស​ហែក​គុក​រត់​នៅ​ខេត្តស្ទឹងត្រែង​

អ្នកទោសដែលបានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែអ ដែលសកម្មភាពរត់គេចនោះធ្វើឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង)

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឱ្យមានការ​ធ្វើ​អធិការកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លើ​ករណី​អ្នកទោស​ហែកគុក​រត់ ចេញ​ពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ខណៈមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​គាំទ្រ។

តាម​រយៈទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ខ្លួន កាលពី​ល្ងាច​ម្សិលមិញ លោកឧបនាយករដ្ឋ​មន្ត្រី​បាន​ចាត់​ឱ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ជន​ជាប់​ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នៅ​ខេត្តស្ទឹងត្រែង ក្រោយ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ជាប់​ឃុំ​ចំនួន៥​នាក់ ក្នុង​ចំណោម ៧​នាក់ ដែល​បាន​វាយ​ទម្លុះ​ជញ្ជាំង​ពន្ធនាគារ​រត់​គេច​ខ្លួន ​កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

បើតាម​ទំព័រហ្វេសប៊ុក​របស់​លោក ស ខេង បាន​បន្ត​ថា ក្នុងចំណោម​ជន​ជាប់​ឃុំ​ដែល​សមត្ថកិច្ច​ចាប់​បាន​មក​វិញ​នោះ រួម​មាន​ ជនជាតិ​ឡាវចំនួន ២នាក់ និង​ជនជាតិ ខ្មែរ​ចំនួន ៣​នាក់។ ដោយឡែកទណ្ឌិត ២​នាក់​ជា​ជនជាតិ​ឡាវ​ដែល​មាន​បទល្មើស​គ្រឿង​ញៀន សមត្ថកិច្ច​កំពុងតែ​ស្វែង​រក​ចាប់​ខ្លួន​មក​វិញ​។

លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «ជន​រួមជាតិ​ជា​ទីគោរព! ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​នៅ​ពេល​នេះ​ គឺ​លទ្ធផល​ប្រតិបត្តិការនេះ ​ពិត​ជា​កើតឡើង​បាន ​ដោយសារ​តែ​មានការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​បាន​ជួយ​ស្រាវជ្រាវ ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​មក​វិញ​នូវ​ទណ្ឌិត​ដែល​សុទ្ធ​តែ​ជា​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ទាំង​នេះ»

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​គាំទ្រ​ចំពោះ​ការ​បង្កើត​ឱ្យ​ក្រុម​ការងារ​ចុះធ្វើ​អធិការកិច្ច​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បី​ស្វែង​រកមូលហេតុ​ជាក់លាក់​ដើម្បី​ដោះស្រាយ​កុំឱ្យ​មាន​ករណី​បែប​នេះ​កើត​ឡើង​ទៀត ហើយ​ដែល​អាច​ប្រើប្រាស់ព័ត៌មាន​ដដែលៗ សម្រាប់​ពន្ធនាគារ​ដ៏ទៃ​ទៀត។

លោក​មាន​ប្រសាសន៍​ថា ការ​បណ្ដោយ​ឱ្យមានការ​ហែកគុក​ដែល​មាន​ទណ្ឌិត​ជាជន​ឧក្រិដ្ឋបែប​នេះ អាច​បង្ករ​ឱ្យ​មាន​អសន្តិសុខ​សាធារណៈ​ខ្លាំង។

លោក​លើក​ឡើង​ថា៖ «រឿង​ដែល​សំខាន់​ជាងគេ​ត្រូវមាន​ការ​ស៊ើប​អង្កេត​មួយ​ជាក់​លាក់ ដោយ​ឯករាជ្យ ហើយ​សុចរិតភាព​បំផុត ដើម្បី​រក​ឃើញ​ថា តើ​ការ​ហែកគុក​ចេញ​អាច​មានមូលហេតុ​ចម្បង​អ្វីខ្លះ? ហើយ​មក​ពី​បញ្ហា​អ្វី? ដល់​ថ្នាក់​ធ្វើឱ្យ​ទណ្ឌិត​ទាំងនោះ​រត់​ចេញ ដើម្បីរក​ឱ្យឃើញ​ការពិត​និង​ដោះស្រាយ​បញ្ហា»

ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​លោក អូត ស៊ីវុត្ថា បានឱ្យដឹងថា ​សមត្ថកិច្ច​នៅមិន​ទាន់អាច​ចាប់​ទណ្ឌិត​ពីរនាក់​ទៀត​មក​វិញ​បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ថ្ងៃសៅរ៍នេះ  តែទោះជា​យ៉ាងណា​លោកថា សមត្ថកិច្ច​កំពុង​ព្យាយាម​ស្វែងរក​ទណ្ឌិត​ដែល​នៅ​សល់ និង​បញ្ជូន​ខ្លូន​មក​ពន្ធធនាគា​វិញ​ឱ្យ​បាន​ឆាប់។

លោក​លើក​លើង​ថា៖ « ខ្ញុំ​ជម្រាប​ប៉ុណ្ណឹង​ថា ​សមត្ថកិច្ច​កំពុង​បន្តដុតដៃ​ដុតជើង​នៅ​ឡើយ​ទេ​ ព្រោះ​មក​ដល់​ម៉ោង​នេះ​ អត់ទាន់​បាន​ដក​ឃ្លា​កើត​ទេ​»

គួរ​បញ្ជាក់​ថា ​អ្នក​ទោស​ដែល​ចាប់​បាន​មក​វិញ​៥​នាក់ ក្នុង​ចំណោម ៧​នាក់​នោះ រួមមាន ឈ្មោះ ភិត ងិន ត្រូវជាប់​ពន្ធនាគារ​៤​ឆ្នាំ ពីបទ «ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន» ឈ្មោះ វ៉ាន់ ភូ ត្រូវ​ជាប់ ពន្ធនាគារ​២០ឆ្នាំ ពីបទ«ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» ឈ្មោះ ទូច វ៉ាត ត្រូវ​ជាប់ ពន្ធនាគារ​៣០​ឆ្នាំពី​បទ «ជួញដូរ​គ្រឿង​ញៀន» ឈ្មោះ ចាក់​លី ចឺតាលី ត្រូវជាប់ទោស​មួយ​ជីវិត រឿង«បទល្មើសជួញដូរ​គ្រឿងញៀន» និង ឈ្មោះ ហន វិមាន ត្រូវជាប់ទោស​២៧​ឆ្នាំ រឿង«លួចមាន​ស្ថាន​ទម្ងន់ទោស ដោយ​សារ​ការ​ប្រើ​ទារុណកម្ម និង​អំពើឃោរ​ឃៅ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ