​លោក ហ៊ុន សែន បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ពន្លឿន​បើក​សាច់​ប្រាក់​ជូន​គ្រួសារ​សព​កូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំនាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។(ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យ​ពន្លឿនបើកសាច់ប្រាក់ជូនដល់គ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២លានរៀលឱ្យបានទាន់ពេលវេលា។

ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពី មានហ្វេសប៊ុកមួយឈ្មោះ Oun Lyly បានចូលខំមិនក្នុងហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយថា៖ «សូមអនុគ្រោះដល់កូនចៅផង កូនមានសំណួរមួយចង់សួរទៅ សម្តេចពុកថា អ្នកស្លាប់ដោយជំងឺកូវីដ តើត្រូវទទួលបានប្រាក់ឧបត្តម្ភពីខាងក្រសួងដែរ ឬយ៉ាងណា? ពីព្រោះលោកឪពុក ជាទីស្រលាញ់របស់ខ្ញុំ បានស្លាប់ កាលពីថ្ងៃទី៥ វិច្ឆិកា សូមសម្តេចពុក មេត្តាអនុគ្រោះដល់កូនផង ពីព្រោះគ្រួសារបស់កូនក្រខ្សត់ហើយមិនទាន់ទទួលបានប្រាក់ជំនួយឧបត្តម្ភពីក្រសួងទេ សូមសម្តេចពុកមេត្តាអភ័យទោសនឹងអនុគ្រោះដល់កូនផង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅលើអ្នក​ខមិនក្នុងហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ ខែវិច្ឆិកា​ នោះថា លោកសុំការយោគយល់ពីក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំពោះការយឺតយ៉ាវ ក្នុងការបើកប្រាក់ឧបត្ថម្ភជូនគ្រួសារសពចំនួន២លានរៀល ដោយសារនៅកន្លែងខ្លះ    មន្ត្រីបើកប្រាក់ជូនលឿន និងកន្លែងខ្លះបើកប្រាក់ជូនយឺតជាដើម ។

លោក ហ៊ុន សែន បានបញ្ជាក់ថា៖«គ្រួសារសពនឹងទទួល បាន២លានរៀល។ ថវិការមិនបាត់បង់ទៅណាទេ គ្រាន់តែកន្លែងខ្លះបើកជូនបានលឿនកន្លែងខ្លះបើកយឹត សុំការយោគយល់ផង»។

ករណីនេះ លោកបញ្ជាទៅក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពន្លឿនបើកផ្តល់សាច់ប្រាក់ដល់គ្រួសារសពដោយសារជំងឺកូវីដ-១៩ ឱ្យបានឆាប់ផងដែរ ។

លោកបន្ដថា«សូមបញ្ជាក់ថា ថវិការផ្តល់ជូនតែអ្នកមរណភាពដោយកូវីដ ពិតប្រាកដនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។ សុំក្រសួងសុខាភិបាល និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ពន្លឿនការបើកផ្តល់សាច់ប្រាក់ដល់គ្រួសារសព»។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៩ ៥៣៦នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ១១ ៥៩២៤នាក់ និងអ្នកស្លាប់សរុប ២ ៨៦៧នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៧៣៥នាក់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ