លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថាអ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសទាំងអស់ដែលចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ ឬ២ដូស គឺមិនបាច់ធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តរហ័ស ដែលអាចរង់ចាំរយៈពេលត្រឹមតែ១៥ទៅ២០នាទីប៉ុណ្ណោះ។
ការបញ្ជាក់ជាថ្មីទៀតនេះ បន្ទាប់ពីលោកបានចេញសារជាសំឡេងលើកទី១នៅថ្ងៃទី១៤ខែវិច្ឆិកានេះ ដោយអះអាងថាសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងគ្រប់ចំនួនអាចចូលមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវឆ្លងកាត់ការធ្វើតេស្តពីម៉ាស៊ីនធំ ឬ PCR ហើយអ្នកដំណើរទាំងនោះត្រូវរង់ចាំលទ្ធផលនៅផ្ទះឬកន្លែងសំណាក់របស់ខ្លួន។
យ៉ាងណាក្នុងសារជាសំឡេងជាលើកទី២នៅថ្ងៃដដែលនេះ លោកហ៊ុន សែន បញ្ជាក់ឡើងវិញថា គ្មានការធ្វើតេស្តម៉ាស៊ីនធំឬ PCR សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងពេញលេញនោះទេ ដោយពួកគេគ្រាន់តែត្រូវការធ្វើតេស្តរហ័សរកកូវីដ-១៩ ជាការស្រេច។ ប្រសិនបើលទ្ធផលអវិជ្ជមាន លោកថា អ្នកដំណើរទាំងនោះអាចធ្វើដំណើរទៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។
លោកហ៊ុន សែន ថ្លែងថា៖ ជនបរទេសក្តី បងប្អូនខ្មែរយើងមកពីបរទេសក្តី និងខ្មែរក្នុងស្រុកទៅក្រៅប្រទេស និងទាំងបងប្អូនខ្មែរយើងរស់នៅក្រៅប្រទេស ដែលចាក់វ៉ាក់សាំងរួចហើយនោះ គឺមិនតម្រូវឱ្យធ្វើការយកសំណាកធ្វើតេស្តតាមម៉ាស៊ីន PCR ទៀតទេ គឺត្រូវធ្វើតេស្តរហ័សតែម្តង។ ដូច្នេះ មិនមានការចាំបាច់ ដើម្បីត្រូវរង់ចាំនៅតាមផ្ទះ នៅតាមទីកន្លែងដែលត្រូវរង់ចាំយកលទ្ធផលបញ្ជាក់ពីម៉ាស៊ីនធំ PCR នោះទេ។ ប៉ុន្តែបងប្អូនត្រូវជំពាក់ធ្វើតេស្តនៅឯព្រលានយន្តហោះ នៅតាមច្រកផ្លូវគោក និងផ្លូវទឹក គឺរង់ចាំត្រឹមតែ១៥នាទី ឬ ២០នាទីតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបងប្អូនមានលទ្ធភាពដើម្បីនឹងចេញដំណើរទៅកាន់ទីកន្លែងណាក្នុងគ្រប់ខណ្ឌទូទាំងប្រទេសដោយគ្មានការកំណត់ គឺទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនតែម្តង»។
យ៉ាងនេះក្តី លោក ហ៊ុន សែន បញ្ជាក់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងទេ ហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីនធំឬ PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។
ប្រមុខរដ្ឋាភិបាលរូបនេះ បានបញ្ជាដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យធ្វើការងារនេះជាបន្ទាន់ ដោយអនុវត្តន៍ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ហើយសម្រាប់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះ ត្រូវលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ផងដែរ៕









