លោក ហ៊ុន សែន៖ អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​អាច​ធ្វើ​ដំណើរ​ចូល​កម្ពុជា​ដោយ​មិន​បាច់​ធ្វើ​ចត្តាឡីស័ក

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា អ្នកដំណើរខ្មែរ និងបរទេសដែលចាក់វ៉ាក់សាំងពេញលេញ ឬចាក់បាន២ដូស អាចធ្វើដំណើរចូលកម្ពុជា  ដោយមិនបាច់ធ្វើចត្តាឡីស័កបន្តទៀតនោះទេ លើកលែងតែអ្នកមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាសំឡេងពិសេសផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា  លោកអនុញ្ញាតឱ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរចូលកម្ពុជា ត្រូវបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កដូចពីមុនទៀតនោះទេ។

យ៉ាងណាលោកថា  លើកលែងតែអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល  ដោយវិធានការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកានេះតទៅ ។

លោកថ្លែងសារដូចនេះថា «ដោយសារកម្ពុជារបស់យើង គឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតដល់ជិត៨៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់។ ដូច្នេះមិនត្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល ប៉ុន្តែសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចរាល់ ទាំងជនជាតិខ្មេរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ»។

លោកនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា  សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវ​ធ្វើតេស្តដោយម៉ាស៊ីន PCR ក្នុងរយៈពេលនៃការរង់ចាំលទ្ធផល ប៉ុន្តែពួកគេអាចរង់ចាំនៅផ្ទះរបស់ពួកគាត់ឬកន្លែងដែលស្នាក់នៅបាន ។ សម្រាប់អ្នកវិនិយោគិន និងអ្នកទេសចរ ត្រូវរង់ចាំលទ្ធផលនៅកន្លែងសំណាក់របស់ខ្លួន ដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម បើលទ្ធភាពតេស្តអវិជ្ជមាន អ្នកដំណើរទាំងនោះអាចធ្វើដំណើរដោយសេរីនៅទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើរទៀតនោះទេ។

បន្ថែមពីនេះ លោក​ ហ៊ុន សែន បានណែនាំទៅក្រសួងសុខាភិបាល  ត្រូវពង្រឹងសមត្ថភាពឱ្យបានគ្រប់គ្រាន់ សម្រាប់ការធ្វើតេស្តនូវម៉ាស៊ីន PCR នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដើម្បីបម្រើសេវាធ្វើតេស្តឱ្យបានល្អនិងទាន់ពេលវេលាដល់​ភ្ញៀវទេសចរផងដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៩ ៥៣៦នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ១១ ៥៩២៤នាក់ និងអ្នកស្លាប់សរុប ២ ៨៦៧នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៧៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ